ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងប្រកាសអាសន្នពីភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុត

ចែករំលែក៖

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ រាលដាលយ៉ាងឆាប់រហ័ស ធ្វើឲ្យពលរដ្ឋជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។

ភ្លើងឆេះព្រៃ រាលដាលខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ បានផ្សាយថា គ្រោះធម្មជាតិភ្លើងឆេះព្រៃ បានរាលដាលដល់ទីក្រុងនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ។ រដ្ឋាភិបាលបានប្រកាសដាក់រដ្ឋក្នុងគ្រោះអាសន្នទៀតផង ។

ក្រុមពន្លត់អគ្គិភ័យជាង១៣ពាន់នាក់ បានធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ដែលវាចាប់ផ្តើមកើតឡើងនៅស្រុក Goseong ជាតំបន់ភ្នំ ស្ថិតនៅប៉ែកឦសានចម្ងាយ ១៦០គីឡូម៉ែត្រពីក្រុងសេអ៊ូល ។ ភ្លើងឆេះខ្លាំង និងខ្យល់ខ្លាំង បណ្តាលឲ្យរាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងផ្សេងៗទៀត បង្កក្តីបារម្ភយ៉ាងខ្លាំង ។ មកទល់ពេលនេះមានមនុស្សម្នាក់ស្លាប់ និង៣៥នាក់រងរបួស ហើយពលរដ្ឋរាប់ពាន់នាក់បានចាកចេញពីលំនៅឋានរបស់ខ្លួន ។

មកទល់ពេលនេះ មានព្រៃឈើ រាប់ពាន់ហិតារងការបំផ្លាញ និងផ្ទះជាង ២០០ខ្នងត្រូវភ្លើងឆេះ ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បានជំរុញឲ្យរដ្ឋាភិបាលរបស់លោក បង្កើតនូវកិច្ចប្រឹងប្រែងទាំងអស់ ដើម្បីពន្លត់អគ្គិភ័យនេះ ហើយជួយជនរងគ្រោះ ។ ជាមួយគ្នានោះ លោកបានប្រាប់មន្ត្រីឲ្យបង្កើតតំបន់ដែលទទួលរងគ្រោះនេះ ជាតំបន់គ្រោះមហន្តរាយពិសេស ដើម្បីសម្រួលដល់ការផ្តល់ជំនួយនានាទៅកាន់ប្រជាជន៕


ចែករំលែក៖