ព័ត៌មានទាន់ហេតុការណ៍៖

លួចលេងជល់មាន់រាល់ថ្ងៃសៅរ៍/អាទិត្យ នៅផ្ទះមន្ត្រីនគរបាលក្រុងម្នាក់ តាមមាត់ប្រឡាយទឹកស្អុយ ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានភស្តុភា ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវប្រសាសន៍ណែនាំដល់កងកម្លាំងសមត្ថកិច្ចត្រូវអនុវត្តចុះធ្វើ បណ្តឹងប្រយោលមិនចាំបាច់បទបញ្ជា បានធ្វើនោះទេ ។

សម្តេចក្រហោម ស ខេង ក៏បានលើកឡើងនូវឧទាហរណ៍ថា បើយើងទទួលបាននូវការចុះផ្សាយតាមរយៈសារព័ត៌មាន តាមរយៈទូរទស្សន៍ក្តីថា នៅខេត្តបាត់ដំបងមានទីតាំងលេងជល់ មាន់ ហើយគេចុះផ្សាយថា សង្ស័យស្នងការខេត្ត នឹងមានដាក់ខែ ឬយ៉ាងណានោះ? យើងត្រូវចុះទៅពិនិត្យភា្លម មិនចាំបាច់ទាល់តែមានបទបញ្ជាបានឯងចុះទៅ ។ អានេះហើយគេហៅទទួលបណ្តឹងបែបប្រយោល ។ កន្លែងនេះ កន្លែងនោះ មានហ្គេមបាញ់ត្រី សមត្ថកិច្ចយើងចុះទៅភ្លាម សហការជាមួយមូលដ្ឋានប៉ុសិ៍្ត បង្ក្រាបភ្លាម ។

ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងក្នុងការបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ។ ទន្ទឹមនឹងការគាំទ្រនេះផងដែរ តែផ្ទុយទៅវិញ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្ភ ផ្នែកអសន្តិសុខនៅក្នុងភូមិត្រង់ថា លំនៅឋានមន្ត្រីនគរបាលក្រុងម្នាក់លួចបើកលេងជល់មាន់រាល់ថ្ងៃសៅរ៍/អាទិត្យ បំពងនូវសំឡេងហ៊ោកញ្ជៀវ លាយឡំនឹងវង់អាប៉ោងផងដែរ ។

ប្រភពបានបញ្ជាក់ឲ្យដឹងថា ទីតាំងនេះ គេលេងនៅនឹងផ្ទះមន្ត្រីនគរបាលម្នាក់ ដែលគេតែងតែបង្វែរដានថា ម្តងជាមន្ត្រីនគរបាលខណ្ឌមានជ័យ ម្តងថា ជាមន្ត្រីនគរបាលរាជធានីភ្នំពេញ ស្ថិតនៅតាមមាត់ប្រឡាយទឹកស្អុយ ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ដោយឡែកលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៦ ខែមេសានេះថា លោកបានដឹកនាំចុះបង្ក្រាបជារឿយៗ មិនដែលព្រងើយកន្តើយទេ តែគេតែងតែឆ្មក់លេងបែបនេះ ។ លោកថា អ្នកបើកលេងជល់មាន់នោះ មិនមែនជាមន្ត្រីនគរបាលខណ្ឌមានជ័យទេ ជាមន្ត្រីនៅស្នងការក្រុង ៕ តាឡឹម


ចែករំលែក៖