ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញ សាកសពអណ្ដែតក្នុងទឹកស្រះ បង្កការភ្ញាក់ផ្អើលឡើងអស់អ្នកភូមិ និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានអំពាវនាវស្វែងរកសាច់ញាតិនៃសព ។
ហេតុការណ៍ប្រទះឃើញសាកសពខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកមួយកន្លែង ខាងជើងស្ថានីយប្រេងឥន្ធនៈរបស់ឈ្មោះ កែវ ផាវី ភេទស្រី ស្ថិតក្នុងភូមិអណ្ដូងសំប៊ួ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកបាកានឃើញថា បន្ទាប់ទទួលបានសេចក្ដីរាយការណ៍ភ្លាម អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍នោះ សាកសពពុំស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា សាកសពប៉ុន្មានថ្ងៃមុន អ្នកភូមិធ្លាប់ឃើញ ថែមទាំងហៅឲ្យបាយហូបផងដែរ តែជនរងគ្រោះមិនហូប ក៏ដើរហួសបាត់ទៅ ស្រាប់តែគេប្រទះឃើញលង់ទឹកស្លាប់បែបនេះទៅវិញ ករណីនេះ សមត្ថកិច្ចមន្រ្តីជំនាញសន្និដ្ឋានថា អាចជាមនុស្សវិកល់ចរិក (មកពីស្រុក ឬខេត្តឆ្ងាយ) អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញអំពាវនាវ ស្វែងរកសាច់ញាតិផងដែរ សាកសពអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានកំពុងចាត់ចែង ៕ ប៉ឹម ពិន