តំបន់ភាគខាងត្បូង ប្រទេសថៃ តែងតែងកើតមានអំពើហិង្សាច្រើនជាងគេបំផុត ដោយខ្មាន់កាំភ្លើងអ៊ីស្លាម តែងតែបើកការវាយប្រហារ ទៅលើទីតាំងសន្តិសុខថៃ ។ នៅពេលនេះ ប៉ូលិសយាមល្បាតព្រំដែនថៃ ២នាក់ រងការបាញ់សម្លាប់ពេលកំពុងអុជធូបបួងសួង ។
ប៉ូលិសល្បាតព្រំដែន នៅភាគខាងត្បូងប្រទេសថៃ ខណៈកំពុងអុជធូប បួងសួងនៅក្នុងព្រះវិហារមួយ ស្រាប់តែទទួលរង ការវាយឆ្មក់ពីក្រុមខ្មាន់កាំភ្លើង បាញ់ស្លាប់ពីរនាក់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅក្នុងខេត្ត យ៉ាឡា ភាគខាងត្បូងថៃ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ។ ប្រភពព័ត៌មានរបស់ថៃបានផ្សាយថា ខ្មាន់កាំភ្លើងមានគ្នា៤នាក់ ឡោមព័ទ្ធ និងបាញ់ប្រហារប៉ូលិស២នាក់ដែលស្ថិតនៅក្នុងព្រះវិហារ ។
ប៉ូលិសបានកំណត់អត្តសញ្ញាណក្រុមខ្មាន់កាំភ្លើងនោះហើយ គឺជាក្រុមឧទ្ទាមនៅភាគខាងត្បួង ដែលមានបំណងបង្កើតភាពវឹកវរនៅក្នុងតំបន់ ។ ប៉ូលិសក៏បានតាមប្រមាញ់ក្រុមនេះភ្លាមៗផងដែរ ។
សូមបញ្ជាក់ថា ខេត្តយ៉ាឡា, ខេត្ត ណារ៉ាធីរ៉ាត់ និង ប៉ាតានី ដែលសន្ធឹងនៅភាគខាងត្បូងបំផុតរបស់ប្រទេសថៃនោះ ជាទីតាំងដែលក្រុមឧទ្ទាមអិស្លាមជ្រុលនិយមទាមទារផ្តាច់ខ្លួន ។ ក្រុមនោះតែវាយឆ្មក់កងកម្លាំងសន្តិសុខរដ្ឋាភិបាល, ប្រជាជន និងព្រះសង្ឃព្រះពុទ្ធសាសនាផងដែរ តាំងពីឆ្នាំ២០០៤រហូតមក ។ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក និងផ្ទុះអាវុធ តែងតែលេចឮពីតំបន់ទាំងនេះ ។ តួលេខបញ្ជាក់ថា មនុស្សជាង៦,៥០០នាក់រួចមកហើយបានបាត់បង់ជីវិត ៕