ខេត្តប៉ៃលិន៖ ផ្អើលពេញហ្វេសប៊ុកថាភ្នំ២០០ស្ថិតនៅក្នុងភូមិផ្សារព្រហ្មជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានទំហំដីជាង២៥ ហិកតា ត្រូវបានអាជ្ញាលក់ឲ្យឈ្មួញ អស់ហើយ ដែលព័ត៌មាននេះ ធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ក្តៅក្រហាយយ៉ាងខ្លាំង។
នៅក្នុងហ្វេសប៊ុកគណនីឈ្មោះ អ្នកប្រមាញ់ជាយដែន បានបង្ហាញវីដេអូឃ្លីបមួយដែលបង្ហាញអ្នកយកព័ត៌មានសកម្ម៣នាក់ កំពុងឈរស្រែកក្តែងៗនិងជំរាបជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងពាក់ពន្ធ័មេត្តាចុះមកត្រួតពិនិត្យគេលក់ភ្នំ២០០នេះផង តើវាជាការពិតមែនដែរឬទេ? ភ្នំ200ជាសម្បត្តិធម្មជាតិរបស់រដ្ឋនេះមានផ្ទៃដីប្រមាណ25ហិកតា ហើយក៏ជាខ្សែក្រវាត់ព្រំដែន កម្ពុជា &ថៃ ផងដែរ ត្រូវបានអាជ្ញាធរដែនដី លក់ឲ្យឈ្មួញ អស់ ហើយ បន្ទាប់ពីភ្នំមួយពីរទៀតនៅក្បែរនោះត្រូវអាជ្ញាធរដែនដីលក់អស់ដែរ។
អ្នកផ្តល់ព័ត៌មានទាំង៣នាក់នេះ ហាក់មានក្តីក្រេវក្រោធ ដោយស្រែកខ្លាំងៗ ប្តឹងដល់សម្តេចតេជោ ហ៊ុនសែន មេត្តាជួយមានវិធានការណ៍ទប់ស្កាត់ការលក់ភ្នំជាសម្បត្តិធម្មជាតិនៅខេត្ត ប៉ៃលិននេះផង បើមិនដូច្នោះទេហិនហោចសម្បត្តិរដ្ឋអស់ហើយ ។
ទាក់ទិននឹងរឿងលក់ភ្នំនេះ លោកអភិបាលខេត្តប៉ៃលិន កន្លងមកធ្លាប់ប្រាប់អ្នកកាសែតថា អាជ្ញាធរខេត្តមិនបានលក់ភ្នំ២០០ នេះទេ គ្រាន់តែធ្វើការអភិវឌ្ឍន៍ទៅជារមណីយដ្ឋានទាក់ ទាញភ្ញៀវទេសចរប៉ុណ្ណោះ ។
ព័ត៌មានលម្អិតរឿង លក់ ឬ អភិវឌ្ឍន៍ ភ្នំ២០០ យ៉ាងណានោះ កាសែតនគរវត្តនឹងផ្សព្វផ្សាយ រកការពិតតាមឯកសារមកបង្ហាញជាបន្តទៀត ៕ ស សារ៉េត