ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខូចខាតម៉ូតូ១គ្រឿងនិង រថយន្ត១គ្រឿង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង២០និង០៥នាទី ថ្ងៃសៅរ៍ ០២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចផ្លូវប្រសព្វរាងអក្សរ Y មុខអធិការដ្ឋាននគរបាលស្រុកសន្ទុក ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Ford ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2U.6800 របស់ក្រុមហ៊ុនដឹកអ្នកដំណើរអង្គរអ៊ិចប្រេស បើកបរទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន ។

ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រឹម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1D.8556 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ឡឹង វ៉ាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព មុខរបរធ្វើចំការ ។ អ្នករួមដំណើរចំនួន០២នាក់ ១- ឈ្មោះ និន រ៉េន ភេទប្រុស អាយុ១៨ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព មុខរបរធ្វើចំការ ។ ២- ឈ្មោះ ងិន ពេជ ភេទប្រុស អាយុ១៧ឆ្នាំ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព មុខរបរធ្វើចំការ ទាំងពីរនាក់ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ ។

មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្ត បើកបរមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ វាស់វែងប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការនគរបាលស្រុកសន្ទុកបើកការស្រាវជ្រាវ ។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖