រដ្ឋាភិបាលទីក្រុងប៉េកាំង មានឥទ្ធិពលកាន់តែខ្លាំងនៅតំបន់អឺរ៉ុប ដោយចិនបានចំណាយប្រាក់វិនិយោគជាច្រើន នៅទីនោះ ។ មិនតែប៉ុណ្ណោះ អឺរ៉ុប ក៏បានបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ចិន មិនធ្វើតាមសំណើរបស់អាមេរិកនោះឡើយ ។
នៅក្នុងកិច្ចប្រជុំលើកទី២១ របស់សភាអឺរ៉ុប ធ្វើឡើងនៅប្រទេសប៊ែលហ្សិច នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានទៅចូលរួមដើម្បីរិតចំណងមិត្តភាពចិន អឺរ៉ុប កាន់តែប្រសើរឡើង ក្នុងពេលដែលអាមេរិក និងអឺរ៉ុប មានចំណុចជាច្រើន មិនស៊ីសង្វាក់គ្នា ។
កាលពីថ្ងៃទី៨ ខែមេសា នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានមកដល់ទីក្រុង ព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមកិច្ចប្រជុំ ជាមួយមេដឹកនាំសហភាពអឺរ៉ុប ។ នេះជាការចាប់ផ្តើមដំណើរទស្សនកិច្ច លើកដំបូងបំផុត របស់លោកនាយករដ្ឋមន្ត្រី ទៅកាន់ក្រៅប្រទេស នៅក្នុងឆ្នាំ២០១៩នេះ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីចិន បានចូលរួមកិច្ចប្រជុំជាមួយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk និងជាមួយ ប្រធាន គណៈកម្មការអឺរ៉ុប លោក Jean -Claude Juncker ដែលជាកិច្ចប្រជុំរវាង មេដឹកនាំ ចិន នឹងអឺរ៉ុប ចុងក្រោយគេ នៅមុនពេលចូលរួម នៅក្នុងកិច្ចប្រជុំ រវាងមេដឹកនាំ ចិន-សហភាពអឺរ៉ុប (EU)លើកទី២១នោះ ។
កិច្ចព្រមព្រៀងជាច្រើន ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាផងដែរ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Li Keqiang ទៅកាន់ប្រទេស បែលហ្ស៊ិក នេះ ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Chao បានថ្លែងថា “កិច្ចប្រជុំរវាងមេដឹកនាំចិន នឹងសហភាពអឺរ៉ុបពេលនេះ ជាវេទិកាកម្រិតខ្ពស់ សម្រាប់ការទំនាក់ទំនង ប្រកបដោយយុទ្ធសាស្រ្ត រវាងភាគីទាំងសងខាង ។ ជំនួបនេះ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការធ្វើឱ្យស៊ីជម្រៅ បន្ថែមទៀត នូវទំនាក់ទំនងរវាងចិន នឹងសហភាពអឺរ៉ុប ហើយនិងការលើកកម្ពស់នូវកិច្ចពិភាក្សា, កិច្ចសហប្រតិបត្តិការផងដែរ” ។
កិច្ចប្រជុំនៅក្នុងឆ្នាំនេះ ជាកិច្ចប្រជុំអន្តរកាល ដ៏មានសារៈសំខាន់ជាងគេ ។ មេដឹកនាំនៃភាគីទាំងពីរ ផ្លាស់ប្តូរ ទស្សនៈ ស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ ព្រមទាំងបញ្ហាក្នុងតំបន់សំខាន់មួយចំនួន បញ្ហាកង្វល់រួម និងការធ្វើជាសាក្សី ពិធីចុះហត្ថលេខាលើឯកសារនានា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល, គោលនយោបាយ, ការប្រកួតប្រជែង និងបញ្ហានៅក្នុងតំបន់ផ្សេងៗទៀតផងដែរ ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសចិន ៕