ព័ត៌មានទាន់ហេតុការណ៍៖

ចិន និងរុស្ស៊ីពេលរួមកម្លាំងគ្នា អាមេរិកពិបាកយកឈ្នះ នៅក្នុងសង្គ្រាម

ចែករំលែក៖

អាមេរិក ជាមហាអំណាចយោធាលើពិភពលោក ដោយអាមេរិក មានកម្លាំងទាហាន និងទីតាំងយោធានៅក្រៅប្រទេសជាច្រើន ក្នុងនោះ មានទីតាំងនៅកៀកប្រទេសរុស្ស៊ី គឺតំបន់អឺរ៉ុប ខាងកើត និងទីតាំងនៅកៀកប្រទេសចិន មានកូរ៉េខាងត្បូង និងជប៉ុន ។ ជាមួយគ្នានោះ អាមេរិកមានអាវុធទំនើបៗជាច្រើន ។ បើចិន និងរុស្ស៊ីតែម្នាក់ឯងនោះ ពិបាកយកឈ្នះអាមេរិក ប៉ុន្តែបើប្រទេសទាំងពីររួមគ្នានោះ នឹងមានប្រៀបអាមេរិក ក្នុងសង្គ្រាម ។

ដើម្បីបង្កើនសមត្ថភាពយោធា កន្លងមកចិន បានទិញប្រព័ន្ធមីស៊ីលការពារយ៉ាងទំនើបបំផុត គឺ S-400 ហើយពេលនេះ ចិនបន្តទិញយន្តហោះចម្បាំងទំនើប បំផុតលើពិភពលោក Su -57ពីរុស្ស៊ីទៀតផង ។

ការបង្កើតអាវុធរបស់ប្រទេសមហាអំណាបានបង្កក្តីបារម្ភយ៉ាងខ្លាំងថា តើមានរឿងអ្វីនឹងកើតឡើង នៅលើពិភពលោក? បានជាប្រទេសមហាអំណាច បង្កើនការទិញនិងផលិតអាវុធដោយខ្លួនឯង យ៉ាងច្រើន បែបនេះ ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ចិន នឹងទិញយន្តហោះចម្បាំងបំបាំងកាយជំនន់ទី៥ ប្រភេទ Sukhoi Su-57និង Su-35 ដែលជាយន្តហោះទំនើបបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ។

នៅក្នុងបទសម្ភាសន៍ថ្មីបំផុត លោក Viktor Kladov អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងគោលនយោបាយក្នុងតំបន់របស់ក្រុមហ៊ុន Rostec បានប្រកាសនូវព័ត៌មានសំខាន់ពីរ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធា ជាមួយរុស្ស៊ី ។ ក្នុងនោះ រុស្ស៊ី នឹងអនុញ្ញាតលក់យន្តហោះចម្បាំងទំនើបបំផុតប្រភេទ Su-57ឲ្យចិន ។ ក្រៅពីនេះ នៅមានប្រទេសមួយចំនួនទៀត ដែលរុស្ស៊ីបានសម្រេច លក់យន្តហោះចម្បាំងទំនើបនោះឲ្យ ។

ព័ត៌មានសំខាន់ទីពីរ គឺ ចិន នឹងទិញបន្ថែមយន្តហោះចម្បាំង ជំនន់ទី៤++ ប្រភេទ Su-35s បន្ថែមជាច្រើនគ្រឿងទៀត ។ កន្លងមក ចិនបានទិញយន្តហោះប្រភេទនេះ ២៤គ្រឿងរួចមកហើយ ។

ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន បានផ្សាយថា យន្តហោះចម្បាំងជំនន់ទី៥ របស់ចិនប្រភេទ Chengdu J-20 មានសមត្ថភាព អាចនិយាយបានថា ខ្លាំងជាង Su-57របស់ចិនទៅទៀត ។

អាមេរិក រុស្ស៊ី និងចិន អាចឈានដល់ដំណាក់កាលប្រកួតប្រជែងបច្ចេកវិទ្យាសព្វាវុធ ក្រោយអាមេរិក សម្រេចដកខ្លួនចេញពី សន្ធិសញ្ញាកាត់បន្ថយអាវុធ INF ជាមួយរុស្ស៊ី ។ នៅពេលនេះ ប្រទេសមហាអំណាចយោធាទាំង៣បានខិតខំផលិតអាវុធ ទំនើបបំផុតលើពិភពលោក ដើម្បីមានប្រៀបលើគូប្រជែង ។

បច្ចុប្បន្ន អាមេរិក មានយន្តហោះចម្បាំង F-22A Raptor និង F-35 Lightning II ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារទៅលើគោលដៅនៅលើដី និងនៅលើអាកាស ។ ចំណែក Su-57 របស់រុស្ស៊ីបានសាកល្បងក្នុងរយៈពេលខ្លីនៅក្នុងប្រទេសស៊ីរី មិនទាន់អាចបញ្ជាក់បានពីសមត្ថភាពពិតប្រាកដនៅឡើយ ។ ដោយឡែក យន្តហោះចម្បាំង J-20 របស់ចិនវិញ ទោះមានព័ត៌មានថា ទំនើបបំផុត ជាងយន្តហោះរុស្ស៊ីទៅទៀត ប៉ុន្តែមិនទាន់បានបង្ហាញពីសមត្ថភាពពិតនៅក្នុងសង្គ្រាមនៅឡើយ ។

សកម្មភាពខាងលើ បានបង្ហាញយ៉ាងច្បាស់ ពីទំនាក់ទំនងល្អប្រសើរ និងមានទំនុកចិត្តគ្នា រវាងចិន នឹងរុស្ស៊ី ។ កន្លងមករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បាននិយាយថា ទំនាក់ទំនងទ្វេភាគីចិន និងរុស្ស៊ី បានឆ្លងផុតដំណាក់កាលប្រែប្រួលរបស់ពិភពលោក ហើយទំនាក់ទំនងទ្វេភាគីនេះ នឹងមិនចុះអន់ថយដោយកត្តាផ្សេងមកពីខាងក្រៅឡើយ ។ លោកថ្លែងបែបនេះ ក្នងសន្និសីទកាសែតប្រចាំឆ្នាំ បង្ហាញពីគោលនយោបាយការបរទេសរបស់ក្រុងប៉េកាំង និងទំនាក់ទំនងជាមួយប្រទេសដទៃ ។

ប្រមុខការទូតចិន លោក វ៉ាង យី បានប្រកាសថា ទំនាក់ទំនងចិន-រុស្ស៊ី ស្ថិតលើផ្លូវល្អប្រសើរ ហើយភាគីទាំងពីរមានទំនុកចិត្តខ្ពស់លើទំនាក់ទំនងល្អបែបនេះ ។ ជាមួយគ្នានេះ លោក វ៉ាង ក៏និយាយដែរថា ក្នុងយុគសម័យថ្មី ចិន រុស្ស៊ី និងអាមរិក ក៏គួរតែចូលរួមក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាជាងប្រឈមមុខដាក់គ្នា ដែលជាល្បែងខាតប្រយោជន៍ទាំងអស់គ្នា ។

លោក វ៉ាង យី លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានក្រៅកិច្ចប្រជុំសភាប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង ។ ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បន្តលើកឡើងថា ការដែលរុស្ស៊ី និងចិន បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិនមែនជារឿងបណ្ដោះអាសន្នទេ ប៉ុន្តែជាជម្រើសយុទ្ធសាស្ត្រពឹងផ្អែកលើផលប្រយោជន៍ប្រទេសទាំងពីរ ។

លោក វ៉ាង សង្កត់ដែរថា ទំនាក់ទំនងទ្វេភាគីនេះ បានដើរមកចំណុចដែលល្អមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយគ្មានឥទ្ធិពលខាងក្រៅណាអាចបង្កផលប៉ះពាល់បានឡើយ ។ គ្រាន់តែក្នុងឆ្នាំ២០១៧ ប្រមុខរដ្ឋចិន និងរុស្ស៊ី ជួបគ្នាដល់ទៅ៦ដង និងបានចេញសេចក្ដីប្រកាសស្ដីពីការពង្រឹងស្ថិរភាពយុទ្ធសាស្ត្រពិភពលោក, ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួលអន្តរជាតិ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីទៅកាន់ចំណុចខ្ពស់មិនធ្លាប់មាន ។

បើតាមសម្ដីប្រមុខការទូតចិន លោកប្រធានាធិបតី ស៊ី ជីនភីង និងសមភាគី វ្ល៉ាឌីមៀ ពូទីន បាននួបកំពូលច្រើនទៀតក្នុងឆ្នាំ២០១៨៧ នេះ ដើម្បីលើកស្ទួយទំនាក់ទំនទ្វេភាគីដែលកំពុងល្អស្រាប់ ទៅកាន់ដំណាក់កាលថ្មីទៀត ។ មិនតែប៉ុណ្ណោះ មហអំណាចទាំងពីរ នឹងដើរតួជាអ្នករក្សាស្ថិរភាពពិភពលោកដែលកំពុងប្រទះបញ្ហាប្រឈមមិនចេះឈប់ឈរ តាមរយៈការពង្រឹងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធទាំងកម្រិតតំបន់ និងសកលលោកទាំងមូល៕


ចែករំលែក៖