ព័ត៌មានទាន់ហេតុការណ៍៖

ដកអធិការរង ស្រុកភ្នំស្រួច មកបញ្ឈរជើង ក្រោយរកឃើញកំហុសរឿងគៀបស៊ីលុយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីលោកអធិការរងនគរបាលស្រុកភ្នំស្រួច អ៊ឹង ឡាយឆាយ គៀបស៊ីលុយជិត៤០លាន និងមាស៤ដំឡឹងពីស្រ្តី២នាក់ អំឡុងពេលចុះបង្ក្រាបគ្រឿងញៀននោះ ពេលនេះត្រូវបានថ្នាក់លើដកមកបញ្ឈរជើង នៅស្នងការដ្ឋាននគរបាលខេត្តហើយ កាលពីថ្ងៃទី៨ ខែមេសា ។ ការដកមកបញ្ឈរជើងនេះ គឺអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជំហានដំបូងតែប៉ុណ្ណោះ។ នេះបើតាមការបង្ហើបប្រាប់ពីមន្ត្រីនគរបាលមួយរូប ។

តាមប្រភពបានប្រាប់ថា ករណីដែលលោក អ៊ឹង ឡាយឆាយ ប្រព្រឹត្តល្មើសវិន័យរបស់កងកម្លាំង គឺមិនទាន់ចប់ត្រឹមការដកមកបញ្ឈរជើងនោះទេ លោកអាចនឹងមានទោសបន្ថែមទៀត ព្រោះថា លោកអ៊ឹង ឡាយឆាយ បានសារភាពពីទោសកំហុសរបស់ខ្លួន ចំពោះមុខក្រុមអធិការកិច្ចអស់ហើយ ។

ប្រភពបន្ថែមថា ថ្វីដ្បិតតែត្រូវដកមកបញ្ឈរជើង តែមិនទាន់រួចទោសនោះទេ ហើយទោសនេះ មានតែសម្តេចក្រឡាហោមម្នាក់ប៉ុណ្ណោះ ដែលជាអ្នកសម្រេចជោគវាសនារបស់បុគ្គល អ៊ឹង ឡាយឆាយ នេះថា តើគួរបន្តឲ្យនៅបម្រើការជាមន្ត្រីនគរបាលទៀត ឬក៏ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិ ។

មហាជនជាច្រើនបានលើកឡើងថា ទង្វើរបស់លោក អ៊ឹង ឡាយឆាយ នេះគឺជាទង្វើដែលមិនអាចអត់ឱនឲ្យបានឡើយ គួរណាស់សម្តេចលុបឈ្មោះចេញពីក្របរបខ័ណ្ឌនគរបាលទើបសម ដើម្បីទុកជាគំរូដល់មន្ត្រីផ្សេងៗទៀតកុំឲ្យយកគំរូតាម ។ មានការលើកឡើងផងដែរថា លោក អ៊ឹង ឡាយឆាយ នេះគឺជាកូនចៅសែស្រឡាយចិន លក់ឥវ៉ាន់នៅផ្សារកំពង់ស្ពឺ ហើយមានឱកាសបានចូលបម្រើជាមន្ត្រីនគរបាលកាលពីអំឡុងឆ្នាំ២០១១ ទៅ២០១២ ហើយមានសំណាងបានឡើងស័ក្តិជាហូរហែរហូតបានពាក់ស័ក្តិ៣ និងបានឡើងតំណែងជាអធិការរងនគរបាលស្រុកភ្នំស្រួច ទទួលបន្ទុកគ្រឿងញៀន កាលពីអំឡុងជាង១ឆ្នាំ កន្លងទៅនេះ ដែលមន្ត្រីចាស់ៗ មួយចំនួន គ្មានសំណាងដូចលោក អ៊ឹង ឡាយឆាយ នេះទេ ជាពិសេស តាំងពីពាក់ស័ក្តិ៣ហើយមានតំណែងជាអធិការរងមក បើនិយាយពីចរិតឫកពារវិញគឺក្រអឺតក្រទមសម្បើមណាស់ ។

ការដកមកបញ្ឈរជើងនេះ ត្រូវបានមហាជនដឹងថា លោក អ៊ឹង ឡាយឆាយ ត្រូវស្ត្រី២នាក់ដាក់ពាក្យបណ្តឹងទៅសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យជួយរកយុត្តិធម៌ក្រោយពីលោក អ៊ឹង ឡាយឆាយ ចុះចាប់ដោយចោទប្រកាន់ថារកស៊ីលក់គ្រឿងញៀន និងបានគៀបស៊ីលុយជិត៤០លានរៀលហើយ និងមាស៤ដំឡឹង ។ មកដល់ពេលនេះអ្វីៗត្រូវបានលាតត្រដាងបន្ទាប់ពីក្រុមអធិការកិច្ចក្រសួងចុះ មកស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយបុគ្គល អ៊ឹង ឡាយឆាយ ក៏បានសារភាពអំពីលុយ និងមាសរបស់ស្ត្រីទាំង២នាក់ថា យកមកចែកគ្នា និងមេៗអស់ហើយ ។ ក្រោយដឹងការពិត មន្ត្រីអធិការកិច្ចបានទុកពេលឲ្យរយៈពេល៣ថ្ងៃ សម្រាប់រកលុយ និងមាស មកសងដល់ស្ត្រីទាំង២នាក់វិញ ។

បើតាមប្រភពដែលស្និទ្ធ នឹងក្រុមអធិការកិច្ចបានបង្ហើបផងដែរថា “ក្រោយពីការស៊ើបសួរ គឺលោក អ៊ឹង ឡាយឆាយ បានស្កាត់ទៅរកជួបគេ ដើម្បីឲ្យជួយសម្រួលរបាយការណ៍ ដែលត្រៀមដាក់ជូនសម្តេចក្រឡាហោម តែត្រូវក្រុមអធិការកិច្ចបដិសេធមិនព្រមជួបជាមួយឡើយ ។

ដោយឡែក លោក អ៊ឹង ឡាយឆាយ ទោះជាព្រមសងលុយក្តី តែអ្វីៗហាក់មិនបានសមប្រកបនោះទេ ដោយសារតែលុយទាំងនោះក្លាយជាផេះ(ចាយ)អស់ទៅហើយ ចំណែកមាសសុទ្ធ ក៏ប្រែក្លាយជាក្លែងក្លាយ ដោយលោក អ៊ឹង ឡាយឆាយ សុំសងត្រឹម២០០០ដុល្លារ លើមាសទាំង៤ដំឡឹង ។ ទោះជាយ៉ាងនេះក្តី ដើមបណ្តឹងបានយល់ព្រមទទួលលុយមួយចំនួនកាលពីអាទិត្យមុន ចំណែករឿងមាស៤ដំឡឹង ដែលក្លាយជាមាសក្លែងក្លាយនោះ គេសង២០០០ដុល្លារ ដើមបណ្តឹងមិនព្រមទទួលយកឡើយ ដោយទាមទារក្នុងចំនួន៦០០០ដុល្លារលើមាសទាំង៤ដំឡឹងនោះ ។

ពាក់ព័ន្ឋនឹងរឿងមាសនេះដែរ មានតែលោក អ៊ឹង ឡាយឆាយ ម្នាក់ទេ ដែលដឹងថានៅក្នុងដៃអ្នកណា តែក៏ម្យ៉ាងដែរ ដែលលោកសុខចិត្តជាប់ទោសម្នាក់ឯង ហើយទុកឲ្យគ្នីគ្នារបស់លោក រស់សោយសុខយ៉ាងរំភើយ ជាមួយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ចំណែកលោកវិញ ដិតដាមដោយស្នាមប្រឡាក់ និងក្លិនអសោចិ៍តែម្នាក់ឯង ។

ប្រភពក្រៅផ្លូវការបានខ្សឹបថា ក្រុមគ្រួសារលោកអធិការរងបានចំណាយលុយ ជាមួយថ្នាក់ដឹកនាំមួយរូបអស់ជាច្រើន ដើម្បីឲ្យជួយកាង(មិនដឹងថា ឈ្មោះអីនោះទេ) កុំឲ្យសម្តេចលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិ ។ មិនដឹងថា តើជារឿងពិត ឬយ៉ាងណានោះទេ ព្រោះមិនអាចសុំការបំភ្លឺពីលោក អ៊ឹង ឡាយឆាយ បានដោយលេខទូរស័ព្ទទាក់ទងមិនបាន ។

ពាក់ព័ន្ឋករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឆ្លើយតបយ៉ាងខ្លីតាមរយៈ what appថា” ដកមកខេត្ត ទុកជូនអធិការកិច្ចស្រាវជ្រាវ” ។

សូមបញ្ជាក់ថា លោក អ៊ឹង ឡាយឆាយ ត្រូវបានស្ត្រី២នាក់ប្តឹងចោទប្រកាន់ថា បានស៊ីដាច់លុយជាច្រើនលានរៀល ព្រមទាំងគ្រឿងអលង្ការជាច្រើនដំឡឹងទៀតផង ។ ពាក្យប្តឹងត្រូវបានសរសេរថា ប្រជាពលរដ្ឋប្តឹងចូលទៅសម្តេចក្រឡាហោម ដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស រំលោភលំនៅឋានចាប់ឃុំ ឃាំងបង្ខាំងដោយខុសច្បាប់ និងបទគំរាមកំហែង ។ ការប្តឹងនេះ ធ្វើឡើងបន្ទាប់ពីអធិការរងរូបនោះ បានចុះបង្ក្រាបគ្រឿងញៀននៅផ្ទះបុកប៊ីយ៉ែមួយកន្លែង តែរកមិនឃើញមានថ្នាំញៀននោះទេ ។

បើតាមប្រភពបានបង្ហើបថា បន្ទាប់ពីម្ចាស់បានដាក់ពាក្យ បណ្តឹងចូលទៅសម្តេចក្រឡាហោមរួចមក ក្រុមកាងារអធិការកិច្ច ក្រសួងមហាផ្ទៃបានចុះមកបើកការស្រាវស្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត រហូតទទួលបានលទ្ធទ្ឋផល មិននឹកស្មានដល់ ដែលអធិការរងរូបនោះ បានឆ្លើយសារភាព ពីទង្វើរបស់ខ្កួន និងបក្ខពួកថា ពិតជាបានយកលុយមកចែកគ្នា នៅថ្នាក់ស្រុកអស់មួយចំនួន និងឲ្យទៅមេៗអស់់់់ហើយ ។ ការស៊ើបអង្កេតនេះទើបតែបញ្ចប់ទៅកាលពីពេលថ្នីៗកន្លងទៅ ។

អ្វីៗត្រូវបានលាតត្រដាងការពិត បន្ទាប់ពីអធិការរង គឺលោក អ៊ឹង ឡាយឆាយ បានឆ្លើយសារភាព នូវទោសកំហុសរបស់ខ្លួន ចំពោះមុខក្រុមអធិការកិច្ច ហើយសុខចិត្តសងលុយ និងមាសមកវិញ ៕ សេនាស័ក្តិ


ចែករំលែក៖