ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឧទ្ទាមតាលីបង់ វាយប្រហារគ្រាប់បែក បណ្តាលឲ្យទាហានអាមេរិក ស្លាប់ និងរបួសជាច្រើន

ចែករំលែក៖

ទាហានអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាច្រើននាក់បានស្លាប់ និងរបួស នៅក្នុងហេតុការណ៍ វាយប្រហារគ្រាប់បែកអត្តឃាត ទៅលើក្បួនរថយន្ត យោធាអាមេរិកនៅអាហ្វហ្គានីស្ថាន ។

ប្រភពព័ត៌មានបានឲ្យដឹងថានៅក្នុងហេតុការណ៍វាយប្រហារនោះ បណ្តាលឲ្យទាហានអាមេរិកស្លាប់និងរបួស១០នាក់ ។ តាមសារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ថា ទាហានអាមេរិក៣នាក់ និងបុគ្គលិកយោធាជាប់កិច្ចសន្យាម្នាក់បានស្លាប់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកតាមផ្លូវ កាលពីថ្ងៃទី៨ ខែមេសា ទៅលើក្បួនគណៈប្រតិភូអាមេរិក ។ នេះជាការវាយប្រហារសម្លាប់ទាហានអាមេរិកច្រើនជាងគេប្រចាំឆ្នាំ ខណៈដែលដំណើរការចរចាសន្តិភាព កំពុងតែជះស្រមោលឡើងនោះ ។ ក្រុមឧទ្ទាមតាលីបង់បានប្រកាសថា ពួកគេជាអ្នកទទួលខុសត្រូវការវាយប្រហារនេះ ។

ប្រភពបន្តថាការវាយប្រហារនេះកើតឡើងនៅជិតបន្ទាយជើងអាកាស Bagram ។ ទាហាន៣នាក់ផ្សេងទៀតរងរបួស ។ ទាហានអាមេរិកបានឈរជើងនៅក្នុងអាហ្វហ្គានីស្ថានរយៈពេលជាង១៧ឆ្នាំមកហើយ ធ្វើសង្គ្រាមជាមួយក្រុមភេរវកម្ម ។ ខណៈនេះ ភាគីពាក់ព័ន្ធបាននិងកំពុងចរចាស្វែងរកសន្តិភាព ។

សូមបញ្ជាក់ថា បន្ទាយកងទ័ពជើងអាកាស Bagram ជាបន្ទាយរបស់អាមេរិកធំជាងគេនៅអាហ្វហ្គានីស្ថាន ។ ទីតាំងនេះ ស្ថិតនៅចម្ងាយប្រហែល៥០គីឡូម៉ែត្រប៉ុណ្ណោះភាគខាងជើងទីក្រុងកាប៊ូល ។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៩នេះ កងទ័ពអាមេរិកបាត់បង់ជីវិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសារតែការវាយប្រហារនេះ កើនឡើង៧នាក់ហើយ ។ ឆ្នាំ២០១៨ ទាហានអាមេរិកបាត់បង់ជីវិត១២នាក់ ។ ប៉ុន្តែទោះបីយ៉ាងណា ប្រៀបធៀបក្នុងឆ្នាំ២០១៤ មានការប្រសើរជាង ។ ទាហានអាមេរិកមានវត្តមាននៅប្រទេសខាងលើសរុបប្រហែល១៤,០០០នាក់ បន្ថយមកពី១០០,០០០កាលពីមុនដំបូងគេ ក្នុងឆ្នាំ២០០១ ដែលអាមេរិកដឹកនាំកម្លាំងចម្រុះបណ្តេញក្រុមឧទ្ទាមតាលីបង់នោះ៕


ចែករំលែក៖