ភ្នំពេញ៖លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នេះ នឹងបន្តការសាកសួរមេខ្លោងគ្រឿងញៀនដ៏ធំ ស្រេង វីរៈ ហៅលក្ខណ៍ ម្ចាស់ក្លិបកម្សាន្ត”ម៉ៃ អាមី”និងបក្ខពួក៦នាក់ ដោយកាលពីម្សិលមិញទេីបសាកសួរបាន២នាក់ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នេះ បញ្ជូនឈ្មោះ ស្រេង វីរៈ ហៅលក្ខណ៍ ម្ចាស់ក្លិបកម្សាន្ត”ម៉ៃ អាមី”និងបក្ខពួក៦នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ។
ទីតាំងក្លិបកម្សាន្ត”ម៉ៃ អាមី”ជាកន្លែងផលិតគ្រឿងញៀន ដែលដំបូងឡើយឃាត់ខ្លួនមនុស្ស៥០នាក់ និង គ្រឿងញៀនជាច្រើន ។ ប៉ុន្តែក្រោយមក សល់តែជនសង្ស័យ៧នាក់ប៉ុណ្ណោះដែលត្រូវបញ្ជូនមកតុលាការ ។
ដោយឡែកលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងថា ក្លិបកម្សាន្ត”ម៉ៃ អាមី”ក្នុងខណ្ឌចំការមន ដែលស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថា ជាទីតាំងផលិតគ្រឿងញៀន ត្រូវបានបិទហើយ មិនឱ្យដំណេីរការទៀតទេ ។
ប្រភពព័ត៌មានគួរឱ្យទុកចិត្តមួយ បានទម្លាយប្រវត្តិមេខ្លោងគ្រឿងញៀន ស្រេង វីរៈ ហៅលក្ខណ៍ យ៉ាងដូច្នេះថា ៖
ស្រេន វីរៈ ឬ ស្រេង វីរៈ ហៅ ស្រេង លក្ខណ៍ ភេទប្រុស អាយុ៤៤ឆ្នាំគឺជាមេខ្លោងដ៏ធំ បំផុតក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់ លួចផលិតសារធាតុញៀនក្នុងទីតាំងនេះយូរឆ្នាំមកហើយ ។ ក្នុងនោះ ក៏ត្រូវបាន សមត្ថកិច្ចចុះបង្ក្រាបជាច្រើនលើកតាំងពី ក្លិបនេះពីមុនដាក់ឈ្មោះថា អ័រគីដេ ។
ម្យ៉ាងទៀតអ្វីដែលចម្លែកបំផុតនោះត្រង់ថា ស្រេង វីរៈ មានដីកាចាប់ខ្លួនពីតុលាការក៏សមត្ថកិច្ចមិនបានយកទៅអនុវត្តដែរទើប ស្រេង វីរៈ នៅមានវត្តមានចំពោះ មុខសមត្ថកិច្ចនិងបើកអាជីវកម្មជួញដូរ គ្រឿងញៀន លួចផលិតសារធាតុញៀនក្នុងក្លិបម៉ៃអាមីនេះមកទល់នឹងបច្ចុប្បន្ន។ ដូច្នេះវាំងននខ្មៅត្រូវ បានលាតត្រដាងក្រោមកណ្តាប់ដៃដែកលោក ស ថេត អគ្គស្នងការ រងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តិការនាវេលាម៉ោង១ រំលងអធ្រាត្រថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្នុងក្លិបកម្សាន្ត “ម៉ៃ អាមី”។
ស្រេង វីរៈ ហៅស្រេង លក្ខណ៍ គឺជាមេខ្លោងជួញដូរ គ្រឿងញៀនយ៉ាងសកម្មជាយូរឆ្នាំមកហើយ ។ ជាក់ស្តែងកាលពីថៃ្ងទី៨ ខែមេសា ឆ្នាំ២០០៧ ឈ្មោះ ស្រេន វីរៈ ត្រូវបានកម្លាំង សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចាប់ បញ្ជូនមកអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ដាក់គុកម្តងរួចមកហើយដោយចោទប្រកាន់ពីបទជួញដូរគ្រឿង ញៀនខុសច្បាប់ និងប្រើប្រាស់អាវុធខុស ច្បាប់ប្រព្រឹត្តនៅខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ ។
ប៉ុន្តែមិនយូរប៉ុន្មានជនជាប់ចោទរូបនេះត្រូវបានចេញពីគុកមកវិញហើយបន្តធ្វើ សកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មទៀតដោយមិនរៀងចាលឡើយដល់ពីថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០១៦ មន្ត្រីនគរបាល ការិយាល័យប្រឆាំងការសម្អាតប្រាក់នៃ មន្ទីរប្រឆាំងគ្រឿងញៀនបានចុះអនុវត្តវិធានញុះញង់ ឲ្យលក់គ្រឿងញៀនខុសច្បាប់និង បានបង្ក្រាបមុខសញ្ញាកំពុងធ្វើ សកម្មភាពដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចរង្ចង់មូលទួលគោក សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៥ និង៣០នាទីព្រឹក ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស៊ូ យាំង លាង ភេទប្រុស ជនជាតិចិន អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅខេត្តហ្វូជៀង ប្រទេសចិន ។
ក្រោយពីឃាត់ខ្លួនជនជាតិ ចិនរូបនេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុ តាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន មានទម្ងន់ ៥០១,០៧ក្រាម ។ បន្ទាប់មកសមត្ថកិច្ចបានបន្តនីតិវិធីឆែកឆេរលំនៅ ឋានលេខ៤សេដេ ផ្លូវលេខ៦១៦ ក្រុម៨៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ជាផ្ទះរបស់ឈ្មោះ ចេន យុនអន ហៅពែក ភេទប្រុស ជនជាតិ ខ្មែរ (រត់គេច ខ្លួន)ដល់បច្ចុប្បន្ន ។
ក្នុងថ្ងៃដដែលនៃប្រតិបត្តិការបង្ក្រាបគឺម៉ោង៩ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចចាប់យក វត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីនទម្ងន់៤០៨៨,១៨ក្រាម, ថ្នាំ គ្រាប់ពណ៌ផ្កាឈូកសញ្ញា Love ប្រភេទ MDMA ទម្ងន់ ៧១៣,៥៥ក្រាម, សារធាតុ រាវប្រភេទតេតាមីនចំនួន២០០០ដបក្នុង ១ដបទម្ងន់០,៥ក្រាមសរុបស្មើទម្ងន់១០០០ក្រាម, ម្សៅក្រាមពណ៌សទម្ងន់៥៤គីឡូ ក្រាម ដើម្បីយកទៅធ្វើតេស្ត ។
បន្ទាប់ពីឃាត់ជនសង្ស័យឈ្មោះ ស៊ូ យុំាងលាង ជននេះពិតជាបានសារភាពថាខ្លួនបានប្រព្រឹត្តការជួញដូរខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចរង្វង់មូល ទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។ ក្នុងនោះសមត្ថកិច្ចក៏បានស៊ើបដឹងថា ឈ្មោះ ចេន យុនអន ហៅពែក (រត់គេចខ្លួន)គឺជាមេខ្លោងផលិតនិងកែច្នៃរក្សាទុក និងជួញដូរខុសច្បាប់នូវសារធាតុ ញៀនយកមកលក់ឲ្យឈ្មោះ ស៊ូ យាំង លាង ។
ដោយឡែកឈ្មោះ ស្រេង វីរៈ ដែលត្រូវបាន កម្លាំងនគរបាលលោកឧត្តមសេនីយ៍ ស ថេត បង្ក្រាប និងឃាត់ខ្លួននៅក្លិបម៉ៃអាមី កាលពីវេលាម៉ោង១និង៣០នាទីរំលង អាធ្រាត្រថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៩នេះ កន្លងទៅគឺជាបក្ខពួកមេខ្លោងនិងជាមេខ្លោងជួញដូរគ្រឿងញឿនខុស ច្បាប់ជាមួយក្រុមជនសង្ស័យខាងលើនេះ រហូតដល់ជនរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញកាលពីឆ្នាំ២០១៦និងចេញដីកាចាប់ខ្លួន ។
ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ជនជាប់ចោទឈ្មោះ ស្រេង វីរៈ នោះទេ បានត្រឹមយកដីកាទៅទុក ហើយក៏ត្រូវបានគេលួចទម្លាយថាសមត្ថ កិច្ចមិនហ៊ានចាប់ តាមដីកាពាក់ព័ន្ធនឹង បទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ លួចលាក់ផលិតសារធាតុញៀនដោយ សារតែ មាននគរបាលជាន់ខ្ពស់មួយរូបនៅពីក្រោយខ្នង ឬជាអ្នកហាមឃាត់សមត្ថកិច្ចមិនឲ្យចាប់ខ្លួន ។
ក្នុងសំណុំរឿងនេះ ដែរ ជនជាប់ចោទឈ្មោះ ស្រេង វីរៈ គិតចាប់ពីចុងឆ្នាំ២០១៦ មកទល់បច្ចុប្បន្នត្រូវបានចៅក្រមកំណត់កាលបរិច្ឆេទជំនុំជម្រះចំនួន៥លើកមក ហើយ ។ ប៉ុន្តែត្រូវបានលើកពេលជម្រះរហូតដោយចៅក្រមថា ជនជាប់ចោទគ្មានមេធាវីការពារ ៕
ដោយ៖ ចេស្តា