ភ្នំពេញ៖ មុននេះ ប៉ុន្មានថ្ងៃមានការចាប់អារម្មណ៍លើស្បែកជើងម៉ាកសញ្ញាល្បីល្បាញពេញសាកលលោក ម៉ាក GUCCI ដែល ឱក សុគន្ធកញ្ញា ពាក់ទៅដើរកម្សាន្តនៅលើកោះមួយនោះ មានតម្លៃដល់ទៅ ១ ៤៧៥ ដុល្លារអាមេរិក ។ ក្រោយភ្ញាក់ផ្អើលសម្រាប់អ្នកនិយមសង្គមស៊ីវីល័យនោះមិនបានប៉ុន្មានផង ស្រាប់តែលេចចេញម៉ូដចម្លងលក់ព្រាតពេញបណ្តាញសង្គម ពិសេសបណ្តាញអ្នកលក់ទំនិញអនឡាញ (Online)បាត់ទៅហើយ ។
២ថ្ងៃមុននេះមានការលើកឡើងអំពីរឿងរ៉ាវស្បែកជើងតារាល្បីនៅកម្ពុជាពាក់គឺកញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាងគង់ ចាន់ស្រីមុំពាក់ដើរកម្សាន្តនៅក្រៅប្រទេសថាជាស្នែកជើងមានតម្លៃថ្លៃមិនធម្មតាលើទីផ្សារលក់ទំនិញគុណភាពខ្ពស់ និងម៉ាកសញ្ញាល្បីល្បាញនោះ ។
ស្រាប់តែពេលនេះគេបានឃើញមានការលក់ស្បែកជើងម៉ូដ្រស្រដៀងគ្នានេះពេញបណ្តាញសង្គមពិសេសអ្នកលក់ទំនិញតាមអនឡាញ ។ ទោះជាយ៉ាងណាមិនទាន់មានការលក់ផ្ទាល់នៅកម្ពុជានឡើយ ខណៈ ដែលអ្នកលក់ដាក់ឲ្យមានការបញ្ជាទិញស្នែកជើងនេះ៥ថ្ងៃមុនការដឹកមកដល់ ។ ប្រភពពីអ្នកលក់បញ្ជាក់ថាម៉ូដស្បែកជើង ដែលកំពុងពេញនិយមនេះជាម៉ូដចម្លងពីស្លាកសញ្ញាដ៏ល្បីរបស់ GUCCI ។
ប្រភពបន្តថាទោះជាម៉ូដចម្លងក្តី ក៏វាមានតម្លៃមិនក្រោម៥០ដុល្លារអាមេរិកក្នុងមួយគូនោះដែរ ។ មានការបញ្ជាក់ដែរថាទំនិញនេះនឹងមកដល់ក្នុងរយៈពេល៥ថ្ងៃខាងមុខ នឹងចរាចរណ៍ពេញទីផ្សារ ខណៈ ដែលប្រភពម៉ូដចម្លងនេះត្រូវបានគេដឹងថាបញ្ជាទិញពីប្រទេសចិន រួមទាំងម៉ូដស្រដៀង គ្នាមួយចំនួនទៀតផងដែរ ។ អ្នកលក់រូបនេះបញ្ជាក់ដែរថា មានអ្នកបញ្ជាទិញជាបណ្តើរៗហើយពីអ្នកនិយមប្រើប្រាស់សម្ភារៈនិយម បើទោះបីជាស្បែកជើងនេះជារបស់ចម្លងក្តី ។
ក្រៅពីការសរសើរភ្ញាក់ផ្អើលរឿងតម្លៃស្បែកជើងតារាល្បីថ្លៃកប់ពពក ក៏មានការរិះគន់ខ្លះៗពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដែរ ខណៈ ដែលមានទាំងការចាប់អារម្មណ៍ និងមានទាំងអ្នកលើកឡើងថាជារឿងធម្មតាប៉ុណ្ណោះ៕ វឌ្ឍនា