កន្លងមក មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ធ្លាប់បានលើកឡើងថា លោកមិនចង់ឲ្យជំនាន់ កូនរបស់លោក ត្រូវ ទទួលបន្តនូវអម្រែកបរមាណូ ដ៏ធ្ងន់នេះទៀតនោះឡើយ ហើយលោកក៏មិនចង់ឲ្យពលរដ្ឋ កូរ៉េត្រូវបន្តរស់នៅក្នុងស្ថានភាព សង្គ្រាម ទៀតដែរ ។
នៅក្នុងជំនួបជាមួយលោក ពូទីន មេដឹកនាំ គីម ជុងអ៊ុន បានថ្លែងថា បញ្ហាសន្តិភាព ឧបទ្វីបកូរ៉េ គឺអាស្រ័យទៅលើអាកប្បកិរិយារបស់អាមេរិកប៉ុណ្ណោះ ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយ កាលពីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្លែង នៅក្នុងអំឡុងជំនួបកំពូលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ថា បញ្ហាសន្តិភាព និងសន្តិសុខ នៅលើឧបទ្វីបកូរ៉េ អាស្រ័យទាំងស្រុងទៅលើអាកប្បកិរិយាសហរដ្ឋអាមេរិក នាពេលអនាគត។
ការថ្លែងរបស់លោក គីម ត្រូវបានគេមើលឃើញថា កំពុងដាក់គំនាបទៅលើសហរដ្ឋអាមេរិក ឲ្យចេះបត់បែនបន្ថែមទៀត នៅក្នុងការទទួលយក ការទាមទារចង់បានរបស់ទីក្រុងព្យុងយ៉ាង ឲ្យលុបទណ្ឌកម្មសេដ្ឋកិច្ចខ្លះៗ ប្រៀបធៀប និងគោលជំហររបស់សហរដ្ឋអាមេរិក នៅក្នុងអំឡុងជំនួបកំពូលទី២ ដែលបរាជ័យជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
មេដឹកនាំកូរ៉េខាងជើង បានថ្លែងក្នុងអំឡុងពេលនោះថា លោកអាចរង់ចាំ រហូតដល់ដំណាច់ឆ្នាំ២០១៩នេះ ដើម្បីឲ្យសហរដ្ឋអាមេរិកសម្រេចចិត្ត។
ប្រភព KCNA ដដែល បានដកស្រង់ប្រសាសន៍របស់លោក គីម ជុងអ៊ុន ចុះផ្សាយយ៉ាងដូច្នេះថា ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ នៅពេលនេះកំពុងជាប់គាំង ហើយបានឈានដល់ចំណុចសំខាន់មួយ ដែលអាចវិលត្រឡប់ទៅរកស្ថានការណ៍ដូចដើមរបស់ខ្លួនវិញ នៅពេលដែលសហរដ្ឋអាមេរិក ប្រកាន់ការយកចិត្តទុកដាក់ជាឯកតោភាគី ក្នុងជំនឿ មិនសមរម្យរបស់ខ្លួន នៅឯកិច្ចប្រជុំកំពូលលើកទី២ នៃកូរ៉េខាងជើង-សហរដ្ឋអាមេរិក កាលពិពេលថ្មីៗកន្លងទៅនេះ ។
លោក គីម បានថ្លែងថា «កូរ៉េខាងជើង និងទទួលយកគ្រប់ស្ថានភាពទាំងអស់» ។
សារព័ត៌មានដដែល បានផ្សាយទៀតថា មេដឹកនាំ គីម ជុងអ៊ុន បានអញ្ជើញលោកពូទីន ធ្វើទស្សនកិច្ចកូរ៉េខាងជើង នៅពេលវេលាស្របស្របណាមួយ ហើយលោក ពូទីន ក៏បានទទួលយល់ព្រមរួចហើយដែរ ។
ពាក់ព័ន្ធ នឹងបញ្ហានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនទាន់ឆ្លើយតបបែបណានីមួយ នៅឡើយទេ។ ប៉ុន្តែលោក William Hagerty ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅជប៉ុន ថ្លែងប្រាប់កាសែតវ៉ាស៊ីនតោនថា លោក គីម ជុងអ៊ុន មានទំនាក់ទំនងជាមួយរុស្ស៊ី ហើយ និងចិន គឺជាផ្នែកមួយ ក្នុងកិច្ចខិតខំស្វែងរកការបន្ធូរបន្ថយការដាក់ទណ្ឌកម្មពីអន្តរជាតិ ។
សូមបញ្ជាក់ថា ជំនួបកំពូលមួយទល់ និងមួយ រវាងលោក ពូទីន និងលោក គីម ជុង បានធ្វើឡើង នៅលើដែនកោះមួយ ស្ថិតនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ។ ទោះជាយ៉ាងណា នៅក្នុងជំនួបនេះ គេមិនទាន់ឃើញមានចេញជាលទ្ធផលជាវិជ្ជមាន សម្រាប់បញ្ហាកូរ៉េខាងជើងនៅឡើយ ។
ក្រៅយពីបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េ រុស្ស៊ី និងកូរ៉េខាងជើង ក៏បានយល់ព្រមបន្តសកម្មភាពបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ។
ជំនួបកំពូលជាលើកតំបូង រវាងលោកពូទីន និងគីមជុងអ៊ុន បើទោះបីមិនមានសេចក្តីប្រកាសរួមប៉ុន្តែ ទទួលបានការស្វាគមន៍អបអរសាទរយ៉ាងកក់ក្តៅពីប្រទេសជិតខាង ក្នុងនោះមានចិន-កូរ៉េខាងត្បូង វាយតម្លៃខ្ពស់ ចំពោះជំនួបកំពូល រុស្ស៊ី និងកូរ៉េខាងជើង ។
រដ្ឋាភិបាលចិន និង កូរ៉េខាងត្បូង បានអបអរសាទរ ដល់ជំនួបពិភាក្សាកំពូលជាលើកដំបូង រវាងប្រធានាធិបតី ពូទីន និង គីមជុងអ៊ុន និងបង្ហាញក្តីសង្ឃឹមថា ជំនួបនោះ និងជួយដល់ឧបទ្វីបកូរ៉េទទួលបានសន្តិភាព។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យ ក្រសួងការបរទេសចិនបានបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើង គឺជាប្រទេសជិតខាង មិត្តភាពរបស់ចិន ហើយទីក្រុងប៉េកាំង សម្បាយរីករាយយ៉ាងខ្លាំង ពេលទីក្រុងម៉ូស្កូ និងព្យុងយ៉ាងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែប្រសើរឡើង ។ ទន្ទឹម និងនោះទីក្រុងប៉េកាំង និងសហការជាមួយទីក្រុងមូស្កូ នាំមកនៅសន្តិភាពដល់ឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់ទៀតថា«យើងជឿជាក់ទៅ និងលទ្ធផលនៃជំនួបកំពូល ខាងលើ និងក្លាយជាថាមពលថ្មី ជាកម្លាំងជំរុញថ្មីសម្រាប់ដោះស្រាយវិវាទនៅឧបទ្វីបកូរ៉េ»។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីនក៏បានបង្ហាញពីក្តីសង្ឃឹមថា ជំនួបនោះ និង នាំមកនៅសន្តិភាពដល់តំបន់ទាំងមូល និងឧបទ្វីបកូរ៉េ ។ លោក ម៉ូន ជេអ៊ីនវាយតម្លៃខ្ពស់ ដល់ការខិតខំរបស់ប្រធានាធិបតីរុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដល់បញ្ហាឧបទ្វីបកូរ៉េ ។
ប្រធានាធិបតី កូរ៉េខាងត្បូង សង្ឃឹមថាកិច្ចប្រជុំ និងរួមចំណែកខ្ពស់នៅក្នុងការរំសាយអាវុធបរមាណូ នៅឧបទ្វីបកូរ៉េ និងជាមូលដ្ឋាន សម្រាប់កិច្ចពិភាក្សាជាមួយអាមេរិកស្តីពីកម្មវិធីបរមាណូកូរ៉េខាងជើង ៕