បន្ទាប់ពីខ្សឹបខ្សៀវត្រូវរ៉ូវគ្នាថា នឹងប្រមូលផលនេសាទបង្ហើយ នៅអតីតឡូត៍អភិរក្សលេខ៦ ដែលរៀបចំផែនការតាំងពីសប្តាហ៍មុននោះ ឥឡូវនេះ ផែនការនោះត្រូវគេខ្សឹបខ្សៀវថាបានសម្រេចទាំងស្រុង កាលពីយប់ ថ្ងៃទី២៤ និង២៥ ខែមេសា កន្លងទៅនេះ ដោយប្រើកម្លាំងពលកម្មតែ៤នាក់ប៉ុណ្ណោះ ។ នៅពេលដែលផែនការត្រូវបានបញ្ចប់ទើបព័ត៌មានស្តីពីការប្រមូលផលនេសាទ ត្រូវបានបែកធ្លាយតាមរោងកាហ្វេនានា ក្នុងខេត្តពោធិ៍សាត់ ។ យ៉ាងណាក៏ដោយ ពួកឈ្មួញបានសម្រេចគោលដៅរបស់ខ្លួន ហើយបានប្រមូលត្រីក្នុងអតីតឡូត៍អភិរក្សលេខ៦គ្មានសល់នោះទេ ។
បើតាមសេចក្តីរាយការណ៍បានខ្សឹបខ្សៀវនៅតាមហាងកាហ្វេនានាក្នុងខេត្តពោធិ៍សាត់ថា អតីតឡូត៍អភិរក្សលេខ៦ ស្ថិតនៅក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ សម្បូរត្រីខ្លាំងណាស់ ។ ការនេសាទប្រើរយៈពេលតែ១ម៉ោងបានត្រីរាប់តោនឯណោះ ។ មន្ត្រីយាមកាមនៅទីនោះ ជាអ្នកបិទភ្នែកឲ្យមានបទល្មើសនេសាទ តាមរយៈបទបញ្ជារបស់ថ្នាក់លើ ។ គេចំណាយកម្លាំងពលកម្មអ្នកដែលមានជំនួន៤រូបឲ្យធ្វើការងារនេសាទរយៈពេល២យប់ដើម្បីប្រមូលផលនេសាទនៅតំបន់អតីតឡូត៍អភិរក្សលេខ៦ ។ សកម្មភាពនៃការប្រមូលផលនេសាទតាមរយៈអួន ហ៊ុម បានប្រព្រឹត្តទៅយ៉ាងស្ងាត់ស្ងៀម ពីព្រោះមានកម្លាំងពលកម្មគ្នាតិច ដូច្នេះមិនងាយបែកធ្លាយព័ត៌មាននោះឡើយ ។
ប្រភពបានបន្ថែមថា ស្ថាប័នជំនាញទទួលបានកញ្ចប់ថវិកាមិនតិចជាង១ពាន់ដុល្លារ ក្នុងមួយយប់ សម្រាប់មួយស្ថាប័ន ឬមួយអង្គភាព ក្នុងការអនុញ្ញាតឲ្យមានប្រតិបត្តិការប្រព្រឹត្តបទល្មើសនេសាទរយៈពេល២យប់នៅតំបន់អតីតឡូត៍អភិរក្សលេខ៦ ។ នៅយប់ថ្ងៃទី២៥ ខែមេសា មន្ត្រីជលផលខាងត្បូងបឹងទន្លេសាបចុះល្បាត ក៏ប្រទះឃើញការនេសាទល្មើសច្បាប់ ហើយក៏មានការសម្របសម្រួលជាកញ្ចប់ថវិកាមួយចំនួន ទើបមន្ត្រីជលផលទាំងនោះដកខ្លួនចេញវិញទាំងស្ងាត់ស្ងៀម ។ គេនិយាយថា វាជាផែនការប្រមូលត្រីបង្ហើយនៅក្នុងដែនទឹកបឹងទន្លេសាបនៃខេត្តពោធិ៍សាត់ ។ គេថា អតីតឡូត៍អភិរក្សលេខ៦ ជាប្រភពត្រីដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្នុងរយៈពេល២យប់នៃការប្រព្រឹត្តល្មើស គេអាចប្រមូលបានត្រីរាប់រយតោន ៕