ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអុីរ៉ង់៖ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ងាយស្រួលក្នុងការលួងលោមបង្កសង្គ្រាម

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេស អុីរ៉ង់លោកJavadZarifបានបញ្ជាក់ថា អុីរ៉ង់ មានជំនឿជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនដោយអាចដើរទៅមុខមិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិក។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានរ៉យទ័រលោក Javad Zarif បាន លើកឡើងថា ប្រធានាធិបតីដូណាល់ត្រំា ជាមនុស្ស ងាយត្រូវគេអូសទាញបោក​បញ្ឆោត ដើម្បីបង្កសង្គ្រាមជាមួយអុីរ៉ង់។

លោក JavadZarif បានលើកឡើង​ទៀត​ថា ទីប្រឹក្សាសន្តិសុខ​ជាតិ អាមេរិក John Bolton Netanyahu ជាអ្នកលួង​លោមលោកត្រាំ ឲ្យបង្កភាពតាន​តឹងនិង​សង្គ្រាមកើតឡើងជាមួយអុីរ៉ង ។

ជាមួយគ្នានេះដែរអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់ដែន​សមុទ្រជិតប្រទេសអុីរ៉ង់ ក្រោយពេល​ប្រឈម​មុខតានតឹងដាក់គ្នាអាចឈាន​ដល់​ការផ្ទុះសង្គ្រាម។

ភាពតានតឹងកើនឡើងក្រោយអាមេរិកដាក់គំនាបដល់វិស័យប្រេងអុីរ៉ង់ ។

ជាមួយគ្នានេះលោក Mohammad JavadZarifបានព្រមានថា សហរដ្ឋអាមេរិក​ត្រូវតែត្រៀមខ្លួន សម្រាប់ផលវិបាកប្រសិនបើនៅតែព្យាយាមបញ្ឈប់អុីរ៉ង់ មិនឲ្យ​លក់​ប្រេង និងមិនឲ្យប្រើប្រាស​់ច្រកសមុទ្រ Hor​ muz។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ លោក Zarifបានប្រាប់ព្រឹតិ្តការណ៍​មួយ នៅសង្គមអាស៊ីក្នុងទីក្រុងញូយ៉កថា “យើងជឿជាក់ថា ប្រទេសអុីរ៉ង់នឹងបន្តលក់ប្រេងរបស់ខ្លួនទៀត គឺយើងនឹងបន្ត​ស្វែង​រកអ្នកទិញសម្រាប់ប្រេងរបស់យើង ហើយយើងក៏នឹងបន្តប្រើប្រាស់ច្រកសមុទ្រ Hormuz ជាច្រកធ្វើដំណើរដ៏សុវត្ថិភាពមួយ សម្រាប់ការលក់ប្រេង របស់យើង​ផង​ដែរ”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាល​ពីថ្ងៃចន្ទ បានទាមទារឲ្យអ្នកទិញប្រេង ពីប្រទេសអុីរ៉ង់ទាំងអស់ ឈប់ទិញតទៅ​ទៀតនៅក្នុងខែឧសភា បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងទណ្ឌកម្ម ហើយនេះគឺជាការបញ្ចប់នូវការលើកលែងចំនួន៦ខែ ដែលអនុញ្ញាតឲ្យក្រុមអ្នកទិញប្រេងដ៏​ធំបំផុត​ទាំង៨របស់អីុរ៉ង់ បន្តនាំចូល​ប្រេង​ពីអុីរ៉ង់។

ការប្រឈមមុខតានតឹងជាមួយអាមេ​រិក និងអុីស្រាអែល បានធ្វើឲ្យអុីរ៉ង់ ពង្រឹង​ទំនាក់​ទំនងសម្ពន្ធមិត្តជាមួយ​ប្រទេស ជាច្រើនទៀតក្នុងតំបន់ដូចជារុស្ស៊ី ប៉ាគី​ស្ថាន​ ជាដើម។ ពេលថ្មីៗនេះនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានបំពេញ​ទស្ស​ន​កិច្ចពីរថ្ងៃ និងជាលើកដំបូងគិតចាប់តាំងពីបានឡើងកាន់តំណែងមកនៅ​ប្រទេស​អុីរ៉ង់ជិតខាង។ ក្រោយពីបានទទួលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះប្រធានាធិបតីអុីរ៉ង់បាន ប្រកាសបង្កើត កម្លាំងប្រតិកម្មរហ័សរួម ទទួលបន្ទុកការពារព្រំដែនដែលខណ្ឌចែកប្រទេសទាំងពីរ។

ក្រោយពីជំនួបពិភាក្សារវាងប្រធានាធិបតីអុីរ៉ង់នឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថាននៅទី​ក្រុងតេអេរ៉ង់ស្តីអំពី “ការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម និងការពារព្រំដែន” ប្រមុខ​ដឹកនាំទាំងពីរបានប្រកាសនៅក្នុងសន្និសីទកាសែតរួមថា នឹងបង្កើត “កង​កម្លាំង​ប្រតិកម្មរហ័សរួមគ្នា” ទទួល​បន្ទុក​ការពារព្រំដែន។ អគ្គម​េបញ្ជា​យោ​ធាអុីរ៉ង់ និងប៉ាគីស្ថាន កំពុងចាប់ផ្តើម​ពិ​ភាក្សា រកវិធីសហការការពារសន្តិសុខព្រំដែន។ នេះបើ​តាម​​​ប្រសាសន៍បញ្ជាក់របស់លោក រូហានី ប្រធានាធិបតីអុីរ៉ង់ទៅកាន់អ្នកសារព័ត៌មានដោយបង្ហាញក្តីសង្ឃឹមថា ការ​បង្កើតកង​កម្លាំង​រួមនឹងរួមចំណែកនាំទំនុកចិត្តឱ្យគ្នាទៅវិញទៅមក។

ប៉ុន្តែព័ត៌មានលម្អិតទាក់ទងនឹងសកម្មភាពរបស់កងកម្លាំងប្រតិកម្មរហ័សមិន​ទាន​់ត្រូវបានបង្ហើបឱ្យដឹងទេ នាពេល​នេះ។

សូមបញ្ជាក់ថា លោកនាយករដ្ឋ​មន្ត្រី​ប៉ាគ​ីស្ថាន បានអញ្ជើញមកដល់អុីរ៉ង់តាំងពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ ក្នុងបរិបទនៃភាពតានតឹងនយោបាយការទូតនឹងគ្នាយ៉ាងខ្លាំង ដោយ​ហេតុភេរវកម្ម។ មានព្រំប្រទល​់​រួមគ្នាប្រវែង ៩០០គីឡូម៉ែត្រ ប៉ាគីស្ថានដែលមានប្រជា​ជនភាគច្រើនកាន់និកាយសាន់នី នឹងអុីរ៉ង់​នីកាយសុីអុីត តែងចោទប្រកាន់គ្នាទៅវិញទៅមកថាបានផ្តល់ទីស្នាក់ការដល់ពួកភេរវជនដែលមកបង្កភេរវកម្មលើទឹកដីខ្លួន។

កាលពីបីថ្ងៃមុន អ្នកដំណើរក្នុងរថយន្ត​ក្រុងបើកក្នុងខេត្ត Baloutchistanរបស់​ប៉ាគីស្ថាន ១៤នាក់ ត្រូវក្រុមប្រដាប់អាវុធ ចង់ផ្តាច់ទឹកដីបាញ់សម្លាប់។ ក្រុមនេះ​ធ្វើ​ដំណើរមកពីអុីរ៉ង់ និងបានហាត់​ហ្វឹក​ហ្វឺន ព្រមទាំងមានមូលដ្ឋានស្តុកសម្ភារៈនៅក្នុងទឹកដីអុីរ៉ង់ទៀត។ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន ដោយបញ្ជាក់ថាមានភស្តុតាងគ្រប់គ្រាន់។

កាលពីខែមករា អុីរ៉ង់បានចោទប៉ាគី ស្ថាននិងអារ៉ាប៊ីសាអូ៊ឌីតជាសម្ពន្ធមិត្តថា អ្នកគាំទ្រក្រុមជីហាដដែលបានមកធ្វើភេរ វកម្មអត្តឃាតប្រឆាំងក្បួនឆ្មាំបដិវត្តន៍អុីរ៉ង់ បង្កឱ្យស្លាប់ទាហានអុីរ៉ង់២៧នាក់។ ការ​វាយ​ប្រហារបានធ្វើឡើងនៅតំបន់ក្នុង​ទឹក​ដីអុីរ៉ង់ ជាប់ព្រំដែនជា​មួយប៉ាគី​ស្ថាន។

ក្រៅអំពីបញ្ហាសន្តិសុខ និងភេរវកម្ម ទស្សនកិច្ចរបស់លោក អុីមរ៉ាន់ ខាន់ ក៏ មានកម្មវត្ថុចង់ស្វែងរកលទ្ធភាពអភិវឌ្ឍ ពាណិជ្ជកម្មនិងសហប្រតិបត្តិការសេដ្ឋ កិច្ច។ តែលោកនាយករដ្ឋមន្ត្រីសុំមិនសន្យាអ្វីជាសាធារណៈជាមួយអុីរ៉ង់ក្នុងវិស័យថាមពលឡើយ ដើម្បីកុំឱ្យប៉ះទង្គិចជាយថាហេតុណាមួយនឹងទណ្ឌកម្មអាមេរិកលើអុី រ៉ង់។ អាមេរិកដែលទើបសម្រេចចិត្តខ្ទប់ការនាំចេញថាមពលប្រេងអុីរ៉ង់ទាំងស្រុងនៅ​ថ្ងៃ​ចន្ទនេះដែរ ដោយមិនបន្តភាព​អនុ​គ្រោះ​ឱ្យប្រទេស៨ (ចិន កូរ៉េខាងត្បូង ក្រិក ឥណ្ឌា អុីតាលី ជប៉ុន តែវ៉ាន់ និងទួរគី) អាចទិញ​ប្រេង​ ពីអុីរ៉ង់បានទៀតឡើយ៕ ធី រីណា


ចែករំលែក៖