មកទល់ពេលនេះ មន្ត្រីស្រីលង្កា បានប្រកាសថា មានមនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម សម្លាប់មនុស្ស រាប់រយនាក់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។
កាលពីថ្ងៃទី២៥ ខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិស្រីលង្កា លោក Hemasiri Fernando បានប្រកាសថា លោកបានផ្ញើលិខិតសុំលាលែងចេញពីតំណែងឡើង ទៅកាន់ប្រធានាធិបតី Maithripala Sirisena ។ ការលាលែងចេញពីតំណែងធ្វើឡើងក្រោយពេល៤ថ្ងៃ ការវាយប្រហារភេរវកម្ម សម្លាប់មនុស្សជាច្រើន ។
ក្រុមអ្នកជំនាញភេរវកម្មបានឲ្យដឹងថា នៅមានភេរវករជាច្រើន លាក់ខ្លួននៅក្នុងប្រទេសស្រីលង្កា រង់ចាំឱកាសវាយប្រហារ ។ កន្លងមកថ្មីៗ ស្ថានទូតអាមេរិកប្រចាំនៅស្រីលង្កាបានប្រកាសអាសន្នពីការវាយប្រហារគ្រាប់បែកអត្តឃាតថ្មី នៅចុងសប្តាហ៍នេះ ។ ស្ថានទូតអាមេរិក ក៏បានស្នើដល់ពលរដ្ឋកាត់បន្ថយការប្រមូលផ្តុំគ្នានៅទីសាធារណៈ ។
នៅលើបណ្តាញ Twitter របស់ស្ថានទូតអាមេរិក បានផ្សាយថា «បង្កើនការប្រុងប្រយ័ត្ន បញ្ចៀសការប្រមូលផ្តុំគ្នា នៅទីសាធារណៈ» ។ ការព្រមានខាងលើ កើតឡើងក្រោយពេលប្រទេសនេះ រងការវាយប្រហារភេរវកម្មអត្តឃាត នៅទីក្រុង កូឡំបូ និងទីតាំងជាច្រើនផ្សេងទៀត នៅស្រីលង្កា ។
កម្លាំងប៉ូលិសស្រីលង្កាបានឲ្យដឹងថា នៅមានជនវាយប្រហារអត្តឃាតពីរនាក់ នៅមិនទាន់បានវាយប្រហារអត្តឃាតនៅឡើយ ដោយភេវករទាំងពីរ ស្ថិតនៅស្ទាក់ស្ទើរ ។
នៅពេលនេះដែរ រដ្ឋាភិបាលស្រីលង្កាបាន ផ្លាស់ប្តូតួលេខស្តីពីអ្នកស្លាប់ ពីចំនួន៣៥០នាក់ មកដល់ត្រឹម២៥០នាក់ប៉ុណ្ណោះ ។ ការទម្លាក់ចំនួនអ្នកស្លាប់ ដោយសារតែ សាកសពខ្លះរាប់ដល់ទៅពីរដង ៕