អាកាសយានដ្ឋានអន្តរជាតិ ដនមឿង ប្រទេសថៃ ត្រូវបង្ខំចិត្តលុបជើងហោះហើរជាច្រើនធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំង ។ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ខ្យល់ព្យុះមានកម្លាំងខ្លាំងបានវាយប្រហារនៅទីក្រុងបាងកក ។
ខ្យល់ខ្លាំង និងភ្លៀងធ្លាក់ព្រិល បានវាយប្រហារមកលើអាកាសយានដ្ឋាន ដនមឿង នាភាគខាងជើង នៃរាជធានីថៃ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ បង្ខំឲ្យជើងហោះហើរ១គ្រឿង បង្វែរទិសដៅចុះចត នៅអាកាសយានដ្ឋានផ្សេងវិញ ។ ខ្យល់ព្យុះបានបណ្តាលឲ្យជណ្តើរយន្តហោះប៉ះជាមួយយន្តហោះមួយគ្រឿងផ្សេងទៀត ។
ជើងហោះហើរជាច្រើនបានជាប់គាំង ចន្លោះពីម៉ោង២រសៀល រហូតដល់ម៉ោង៤រសៀល ម៉ោង នៅក្នុងតំបន់ ។ យន្តហោះរាប់សិបគ្រឿង បានចុះចត រង់ចាំពេលវេលាល្អប្រសើរ ទើបចេញដំណើរហោះហើរបន្ដទៀត ។ នាយកដ្ឋានឧតុនិយមថៃ បានព្យាករថា ព្យុះរដូវក្តៅថ្មីមួយនេះ បាន និង កំពុងវាយប្រហារមកលើប្រទេសថៃ នៅតំបន់ខ្ពង់រាប ។ កាលពីប៉ុន្មានថ្ងៃកន្លងនេះ បញ្ហាអាកាសធាតុនេះ បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីអាយុ៤ឆ្នាំផងដែរ ។
តំបន់ភាគពាយព្យ និងភាគខាងកើត នៃប្រទេសថៃ ទើបនឹងជួបប្រទះនូវខ្យល់ព្យុះមានកម្លាំងខ្លាំងគ្នាដូចនេះ ជាលើកដំបូង ហើយភ្លៀងបានធ្លាក់ខ្លាំង លាយឡំ ដោយខ្យល់កន្ត្រាក់ និងព្យុះព្រិល វាយប្រហារ ចាប់ពីថ្ងៃទី២៦ ខែមេសា នេះ រហូតដល់ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នា២០១៩ ។ តំបន់ខាងលើនេះ បានទទួលរងនូវការវាយប្រហារពីខ្យល់ព្យុះ បន្ទាប់ពីវាបានបក់បោក នៅភាគខាងជើង និងភាគកណ្តាល នៃប្រទេសថៃ ក្នុងនោះនៅត្រង់កណ្តាលទីក្រុងបាងកក តែម្តង ៕