ព័ត៌មានទាន់ហេតុការណ៍៖

ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលនេះ មិនប៉ះពាល់ដល់ប្រទេសជិតខាងឡើយ

ចែករំលែក៖

នៅថ្ងៃទី​៤ ខែឧសភានេះ ជប៉ុនបានបញ្ជាក់ថា កាំជ្រួចមីស៊ីល របស់កូរ៉េខាងជើង ដែលបានបាញ់សាកល្បង នៅព្រឹកនេះ មិនប៉ះពាល់ដល់ តំបន់សមុទ្រប្រទេសជប៉ុន នោះឡើយ ។ ចំណែកការបាញ់សាកល្បង ពេលមុនៗ គឺបានហោះឆ្លងកាត់ទឹកដីជប៉ុន​ ។ មីស៊ីល ដែលកូរ៉េខាងជើង បានបាញ់នោះ អាចហោះហើរបានចម្ងាយពី​២០០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ។

កាលពីថ្ងៃទី​៤ ខែឧសភា​ សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា​ កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចមីស៊ីល មួយដើមរយៈចម្ងាយខ្លី​ ដោយបាញ់ចេញពីទីតាំង នៅក្នុង ខេត្ត​ Gangwon ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសនេះ ។

សារព័ត៌មាន​ Yonhap ​បានដកស្រង់សម្តី​មេបញ្ជាការកម្លាំងទាហាន​ JCS ​របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា​ កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីល នៅវេលាម៉ោង ៩ និង ៦នាទីព្រឹក ថ្ងៃទី​៤ ខែឧសភា ( ម៉ោង ក្នុងតំបន់) ។ កាំជ្រួចមីស៊ីលខាងលើ បានហោះហើរឆ្ពោះទៅកាន់ទិសខាងកើត ។ នៅពេលនេះដែរ អាមេរិក និងកូរ៉េខាងត្បូង ​កំពុងតែវិភាគ​ទៅលើមីស៊ីល ដែលកូរ៉េខាងជើង បានបាញ់ ជាប្រភេទអ្វី មានសមត្ថភាពខ្លាំងប៉ុណ្ណា​ ។

នេះជាលើកទីមួយហើយ​ក្នុងរយៈពេល ១ ឆ្នាំកន្លងមក​ ដែល កូរ៉េខាងជើង បានបាញ់សាកល្បង​មីស៊ីល​ ខណៈ ដែលភាពតានតឹងនៅក្នុងតំបន់ឧបទ្វីប មានភាពល្អប្រសើរឡើង ក្នុងរយៈពេល​ប៉ុន្មាន ឆ្នាំចុងក្រោយនេះ​ ។ ប៉ុន្តែក្រោយកិច្ចពិភាក្សាជាមួយអាមេរិកលើកទីពីរមិនទទួលបានជោគជ័យ មេដឹកនាំគីម ជុងអ៊ុន បានឲ្យដំណើរការឡើងវិញ វិធីមីស៊ីល ហើយបានបាញ់សាកល្បង ជាថ្មី ។

កាលពី ឆ្នាំ​២០១៦ ដល់ ឆ្នាំ​២០១៧ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល​ដល់ទៅ ៤០លើក ។ ប៉ុន្តែតាំងពី ឆ្នាំ​២០១៨ មកដល់ពេលនេះ ​កូរ៉េខាងជើបានផ្អាកសាកល្បង ក្រោយមានជំនួបពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក នៅថ្ងៃទី​១២ ខែមិថុនា ក្នុងប្រទេសសឹង្ហបុរី​កាលពី ឆ្នាំ្​២០១៨ ៕


ចែករំលែក៖