ខេត្តសៀមរាប៖ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បន្ទាប់ពីប្ដី ប្រពន្ធមួយគូឈ្លោះគ្នារឿង សុំលុយប្ដីទិញខ្សែកមិនបាន ។ ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង១៦ និង៤០ នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
ជនសង្ស័យជាប្ដី ឈ្មោះ យ៉ុម ធីសុភ័ក្រ អាយុ៣២ ឆ្នាំ មុខរបរជាសន្តិសុខឯកជន បានធ្វើសកម្មភាព ទិញសាំង ចំនួន១លីត្រ យកមកដុតផ្ទះខ្លួនឯង ទំហំ ៣ x៤ ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងស័ង្កសី ប្រកដំបូលស័ង្កសី ដោយជនសង្ស័យបានជះសាំងទៅលើជញ្ជាំងផ្ទះទិសខាងកើតហើយដុតរហូតឆេះសាំងអស់តែផ្ទះមិនឆេះស្រាប់តែ ជនសង្ស័យបន្ដសកម្មភាពយកកំណាត់មកដាក់ដុតបន្ថែមទៀត ទើបឆេះផ្ទះអស់តែម្តង ។
ចំណែកប្រពន្ធមានឈ្មោះ ហួន សិដា ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរ បុគ្គលិកផ្ទះសំណាក់ ។ ខូចខាត៖ ផ្ទះមួយខ្នងទំហំ៣x៤ម៉ែត្រ តុ ចំនួន០១ គ្រែ ចំនួន០២ និងកង្ហារចំនួន០១ ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ដើមហេតុគឺ ប្រពន្ធបានសុំលុយប្ដីទិញខ្សែក តែប្ដីគ្មានលុយឲ្យ ស្រាប់តែប្រពន្ធខឹងនាំកូនទៅដេកផ្ទះបងថ្លៃស្រី លុះប្ដីទៅហៅឲ្យមកវិញ តែប្រពន្ធមិនព្រមមក ប្ដីអន់ចិត្ត ក៏ ទិញសាំង១លីត្រ មកចាក់ដុតផ្ទះខ្លួនឯងចោលតែម្ដង ។
ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុ ដើម្បី ធ្វើកំណត់ហេតុ រួចឃាត់ខ្លួនជនសង្ស័យបញ្ជូនជនសង្ស័យមក អធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីសួរនាំ ៕ ប៊ុនរិទ្ធី