នៅថ្ងៃនេះ គឺជាថ្ងៃចាប់ផ្តើមនៃពិធីគ្រងរាជសម្បត្តិជាផ្លូវការ ដែលមានរយៈពេល៣ថ្ងៃ ។ ព្រះមហាក្សត្រថ្មី Maha Vajiralongkorn ព្រះជន្ម៦៦ព្រះវស្សា បានឡើងគ្រងរាជ្យ ជាផ្លូវការ ក្រោមវត្តមានរបស់រាជវង្ស អ្នកនយោបាយសំខាន់ៗនៅក្នុងប្រទេស ។
កាលពីថ្ងៃទី១ ខែឧសភា កន្លងមក ព្រះមហាក្សត្រ Maha Vajiralongkorn បានប្រកាសរៀបអភិសេកជាផ្លូវការ លើកទី៤ជាមួយ អតីត អ្នកបម្រើការលើយន្តហោះដ៏ស្រស់ស្អាត និងតែងតាំងជា ព្រះមហេសី ។
ព្រះមហាក្សត្រ Maha Vajiralongkorn បានរៀបអភិសេក៣លើកមកហើយ តែបានលែងលេះគ្នា ដោយស្ត្រីទាំង៣រូបនោះ បានប្រសូត្របុត្រ ឲ្យព្រះអង្កដល់ទៅ៧អង្គហើយ ។
ជំហានដំបូង របស់ព្រះមហាក្សត្រថ្មីថៃ នាពេលនេះ គឺផ្លាស់ប្តូរ មនុស្ស ដែលធ្លាប់ស្មោះត្រង់ជាមួយ ព្រះបិតារបស់ព្រះអង្គ និងមានសកម្មភាពមិនស្មោះត្រង់ ជាមួយរាជវង្ស ។ ការផ្លាស់ប្តូរ នឹងជួយឲ្យព្រះមហាក្សត្រថ្មី កាន់តែមានអំណាច ខ្លាំងទាំងនៅក្នុងរាជវាំង និង ឆាកនយោបាយប្រទេសថៃ ។
នៅពេលនេះ ព្រះមហាក្សត្រថ្មី នឹងគ្រប់គ្រងរាជសម្បត្តិដោយផ្ទាល់ ដែលពីមុន បានផ្តល់ឲ្យគណៈកម្មការរាជវាំងគ្រប់គ្រង ។ ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ មានសរុប ដល់ទៅ៣០ពាន់លានដុល្លារអាមេរិក ។
នៅក្នុងបញ្ហានយោបាយ ដំបូងព្រះអង្គបានលូកដៃចូលពេល ដែលព្រះរាមរបស់ព្រះអង្គ គឺព្រះនាង ឧបុលរត្ននា បានឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គណបក្សថៃសង្រ្គោះជាតិ ដោយព្រះអង្គមិនព្រមអនុញ្ញាតនោះទេ ហើយទី២ នៅរយៈពេល១ថ្ងៃ មុនការបោះឆ្នោតថៃ ព្រះអង្គបានជំរុញឲ្យប្រជាជនថៃបោះឆ្នោតឲ្យ “មនុស្សល្អ” ដែលត្រូវបានគេមើលឃើញថា មានចេតនាជំរុញជ័យជំនះសម្រាប់គណបក្សកាន់អំណាច គាំទ្រដោយយោធា ។
ព្រះឆាយាលក្ខណ៍របស់ព្រះអង្គ កំពុងសំឡឹងចេញពីអគាររដ្ឋាភិបាល ស្ពាន ផ្ទាំងប៉ាណូ ហាង និងរឺម៉ក់កង់បី ខណៈពេល ដែលប្រទេសថៃ ត្រៀមរៀបចំព្រះរាជពិធីឡើងគ្រងរាជសម្បត្តិជាលើកដំបូង ក្នុងរយៈពេល៧ទសវត្សរ៍កន្លងមកនេះ ។
រយៈពេល២ ឆ្នាំ ក្រោយព្រះអង្គឡើងគ្រងរាជសម្បត្តិ ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវឡើងគ្រោងរាជសម្បត្តិជាផ្លូវការ ។
ព្រះរាជពិធី ដែលមានរយៈពេល៣ថ្ងៃនេះ គឺជាពេលវេលាជាប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសថៃ ។ របបរាជានិយម ត្រូវបានប្រជាជនថៃគោរពខ្លាំងបំផុត ជាពិសេសមនុស្សជំនាន់ចាស់ៗ ដែលគោរពរបបមួយនេះ ដូចគោរពព្រះអញ្ចឹងដែរ ។
ការចូលទីវង្គតរបស់បិតាព្រះមហាក្សត្រ Maha Vajiralongkorn ដែលជាស្តេចជាទីស្រឡាញ់របស់ប្រជារាស្រ្តថៃ ភូមិបុល អាឌុលយ៉ាដេត កាលពី ឆ្នាំ២០១៨ ក្នុងព្រះជន្ម៨៨វស្សានោះ ត្រូវបានប្រជាជនថៃ កើតទុក្ខក្រៀមក្រំជាខ្លាំង ហើយ និងមានការកាន់ទុក្ខផ្លូវការរយៈពេល១ ឆ្នាំទៀតផង ។
លោកវេជ្ជបណ្ឌិត ប៉ាទ្រីក ចូរី គឺជាសាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តអាស៊ីអាគ្នេយមកពីសាកលវិទ្យាល័យ គ្វីលែន បាននិយាយថា ការឡើងគ្រងរាជបល្លង្គ ពិតជាសំខាន់ខ្លាំងណាស់ ។ ថៃគឺជាប្រទេសមួយ ដែលមានប្រវត្តិសាស្រ្តដិតដាមជាប់ជាមួយរបបរាជានិយម ។
ព្រះរាជពិធីមានរយៈពេល៣ថ្ងៃ ហើយដែលគេរំពឹងថា ចំណាយថវិកាអស់៣០លានដុល្លារនោះ និងមានការរៀបចំពិធីចម្រុះតាមបែបទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា គឺជានិមិត្តរូបមួយនៃការប្រសិទ្ធិស្តេចជា “ទេវរូប”នៅក្នុងប្រទេសថៃ ។
មន្រ្តីរាជការ ត្រូវបានបញ្ជាឲ្យចូលរួមព្រះរាជពិធី ហើយគេរំពឹងផងដែរថា មនុស្សរាប់ម៉ឺននាក់ ឈរតាមដងផ្លូវស្លៀកពាក់ឯកសណ្ឋាន ពណ៌លឿង ដែលជាពណ៌តំណាងឲ្យស្តេច ខណៈ ដែលព្រះរាជពិធីទាំងមូល ចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសថៃផងដែរ ។
ការរៀបចំព្រះរាជពិធីមួយនេះ បានធ្វើឡើងតាំងពី ខែមេសា មកម្ល៉េះ ពេល ដែលទឹកមន្តត្រូវបាននាំយកមកពីទូទាំង៧៦ ខេត្ត ដើម្បីធ្វើពិធីក្រុងពិលី និងបានតម្កល់ទុកនៅឯវិហារព្រះកែវមក្កុដ ។
ព្រះមហាក្សត្រ Maha Vajiralongkorn ធ្វើពិធីប្រោសព្រំនៅក្នុងព្រះបរមរាជវាំង ស្ថិតនៅក្នុងទីក្រុងបាងកក ជាកន្លែង ដែលមក្កុដរាជ្យទម្ងន់៧គ.ក និងប្រថាប់ពីលើព្រះកេសរបស់ព្រះអង្គ ។ បន្ទាប់មក ព្រះមហាក្សត្រ បញ្ចេញរាជសារលើកដំបូងរបស់ទ្រង់ ។
ដោយឡែក នៅរសៀលថ្ងៃអាទិត្យ ព្រះមហាក្សត្រ ដែលទើបគ្រងរាជ្យថ្មោងថ្មីនេះ យាងដំណើរជុំវិញទីក្រុង ដើម្បីស្វាគមន៍ប្រជារាស្រ្តរបស់ព្រះអង្គ ដោយយាងឆ្លងកាត់ព្រះវិហារពិសិដ្ឋជាច្រើនកន្លែងនៅក្នុងទីក្រុងបាងកក ហើយនៅរសៀលថ្ងៃចន្ទ (៦ ឧសភា ២០១៩) ព្រះអង្គ ថ្លែងព្រះរាជសារទៅកាន់សាធារណជននៅមុខព្រះបរមរាជវាំង ។
ទោះបីជាយ៉ាងណា ក៏ដោយ គេនៅទាន់ដឹងនោះទេថា តើ ព្រះមហាក្សត្រ Maha Vajiralongkorn ប្រើប្រាស់ការឡើងគ្រងរាជបល្ល័ង្គនេះ ដើម្បីថ្លែងព្រះរាជសារទាក់ទិនទិសដៅការគ្រប់គ្រងរបស់ព្រះអង្គ ដូច ដែលព្រះបិតារបស់ទ្រង់ធ្លាប់ធ្វើកាលពី ឆ្នាំ១៩៥០ ឬយ៉ាងណានោះទេ ។
ពេល ដែលបិតារបស់ទ្រង់ បានសោយទីវង្គតកាលពី ឆ្នាំ២០១៦ ព្រះមហាក្សត្រ Maha Vajiralongkorn បានស្នើសុំពេលកាន់ទុក្ខ មុនពេលឡើងគ្រងរាជសម្បត្តិ ដោយព្រះអង្គ ទុកឲ្យប្រទេសថៃ គ្មានស្តេចអស់រយៈពេល៤៧ថ្ងៃ ។
ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ព្រះមហាក្សត្រ Maha Vajiralongkorn បានស្នាក់នៅក្នុងទីក្រុង មុយនីក របស់អាល្លឺម៉ង់ ជាកន្លែង ដែលព្រះអង្គ ជាម្ចាស់វិមានតម្លៃ១៣លានដុល្លារ ។ ព្រះអង្គ វិលត្រឡប់មកកាន់ប្រទេសថៃវិញ សម្រាប់ការបំពេញព្រះរាជតួនាទីផ្លូវការរយៈពេលខ្លីប៉ុណ្ណោះ ហើយព្រះអង្គកម្របង្ហាញខ្លួនជាសាធារណៈខ្លាំងណាស់ ។
នៅក្នុងព្រះរាជពិធីដ៏គួរភ្ញាក់ផ្អើលកាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០១៩ ព្រះអង្គ បានរៀបអភិសេកមហេសីទី៤ ដែលជាអតីតអ្នកបម្រើការលើយន្តហោះ គឺព្រះនាងម្ចាស់ សុធិតា ទីតចៃ ដើម្បីអាចជ្រើសតាំងព្រះនាងជាម្ចាស់ក្សត្រីថ្មីរបស់ប្រទេសថៃ ឲ្យទាន់ពេលព្រះរាជពិធីឡើងគ្រងរាជសម្បត្តិមួយនេះ៕