ព័ត៌មានទាន់ហេតុការណ៍៖

វីហ្គោបោលបុកបង្គោលរបងថ្មការពាររបងស្ថានទូតរុស្សី កល់រថយន្តជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្ត មួយគ្រឿង បុកឡើងខឿនបង្គោលរបងថ្មស្ថានទូតរុស្ស៊ី បាក់អស់ចំនួន៣កង់ និងបណ្តាលឲ្យក្រឡាប់រថយន្តផ្ងារជើងម្ខាង ត្រូវបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នាជួយរុញរថយន្តឲ្យផ្ងារវិញ តែកល់ជាប់បង្គោល បើកទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតមានឡើងនៅម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី៤ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវរដ្ឋសភា ជាប់របងខាងជើងស្ថានទូតរុស្ស៊ី ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA Hilux vigo ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 36 2-0492 (របស់អង្គការជាតិ) ធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្គោលការពារលើចិញ្ចើមផ្លូវ ជាប់របងស្ថានទូតរុស្ស៊ីបណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ហើយរថយន្តបានក្រឡាប់ផ្ងារជើងម្ខាង ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នាទៅជួយរុញរថយន្តឲ្យផ្ងាឡើងវិញ ។ ភ្លាមៗនោះអ្នកបើកបររថយន្តមិនមានរងរបួសអ្វីនោះទេ ចុះពីលើរថយន្តដោះស្លាកលេខ ទុក ហើយគេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ចុះមកដល់ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្ត ឲ្យចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖