ព័ត៌មានទាន់ហេតុការណ៍៖

បង្ការភេរវកម្ម ស្រីលង្កា បណ្តេញជនបរទេស ៦០០នាក់ចេញពីប្រទេស

ចែករំលែក៖

ជនបរទេសជាង​៦០០នាក់ ត្រូវបានបណ្តេញចេញពីប្រទេសស្រីលង្កា ដែលជាផ្នែកមួយ នៃការខិតខំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម ជាថ្មីនៅក្នុងប្រទេសនេះ ។ ក្នុងចំណោមជនបរទេស ៦០០នាក់ ដែលបានបណ្តេញចេញនោះមាន ជនជាតិអ៊ីស្លាម​២០០នាក់​ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រីលង្កា លោក​ Vajira Abeywardena ​បានប្រកាសថា​ ជនបរទេសខាងលើ ក្នុងនោះមានអ្នកផ្សព្វផ្សាយសាសនា​​បានចូលមកកាន់ស្រីលង្កា ដោយស្របច្បាប់ ប៉ុន្តែពួកគាត់បានស្នាក់នៅហួសកំណត់​ដូច្នេះត្រូវតែផាកពិន័យ និងបណ្តេញចេញ ។

លោក​ Abeywardena ​បានបញ្ជាក់ទៀតថា ​«ចំពោះស្ថានភាព​បច្ចុប្បន្ននៅក្នុងប្រទេស យើងនឹងត្រូវត្រួតពិនិត្យតឹងតែងបំផុត ​ ដើម្បីសុវត្ថិភាព » ។ ភាគច្រើនជនបរទេសរស់នៅស្រីលង្កាផុ តកំណត់ វីសា មានដូចជា ប្រទេស បងក្លាដែស ឥណ្ឌា ម៉ាឌីវ​ និងប៉ាគីស្ថាន​ ។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ កម្លាំងសន្តិសុខស្រីលង្កា បានរកឃើញជំរុំហ្វឹកហាត់ ក្រុមភេរវកម្ម ស្ថិតនៅតំបន់ក្រីក្រ ។ កាលពីថ្ងៃទី ៥ ខែឧសភា ប៉ូលិសស្រីលង្កាបានប្រទះឃើញ ជំរុំហ្វឹកហាត់ មានទំហំដល់ទៅ​១០ហិចតា​​ ស្ថិតនៅស្រុក​ Kanttankudy ​ជាកន្លែងដែលក្រុមភេរវកម្ម ជាប់ពាក់ព័ន្ធ នឹងការវាយប្រហារ សម្លាប់មនុស្សរាប់រយនាក់ កាលពីពេលកន្លងមក​ ។

ជំរុំហ្វឹកហាត់ក្រុមភេរវកម្មខាងលើ ស្ថិតនៅតំបន់ប្រជុំជន ដោយភាគច្រើនជាពលរដ្ឋក្រីក្រ​ ។ ជំរុំនោះ បានលាក់ខ្លួនក្រោមកសិដ្ឋាន ចិញ្ចឹម មាន់ និងពពែ ជាដើម ។ កសិដ្ឋាន ជាជំរុំហ្វឹកហាត់ខាងលើ ស្ថិតនៅស្រុកកំណើត របស់​លោក​ Zahran Hashim ​ជាអ្នកឡើងគម្រោងវាយប្រហារកាលពីថ្ងៃទី ២១ ខែមេសា សម្លាប់មនុស្សជាង ២៥០នាក់ និង របួសជាង ៥០០នាក់​ ។

មន្ត្រីប៉ូលិស ដែលសុំមិនបញ្ចេញឈ្មោះ​បានឲ្យដឹងថា ក្រុមភេរវកម្ម បានបង្កើតទីតាំងហ្វឹកហាត់ ដូចជាផ្ទះ និងកសិដ្ឋានពិតៗ ពេលអ្នកណាបានឆ្លងកាត់នោះ​ ។ ប៉ុន្តែរាល់សកម្មភាពនៅខាងក្នុងគឺជាការហ្វឹកហាត់វាយប្រហារភេរវកម្ម​ ។

រដ្ឋាភិបាលស្រីលង្កា បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយមានក្រុមភេរវកម្ម​លាក់ខ្លួនជាច្រើននៅក្នុងប្រទេសនេះ ត្រៀមវាយប្រហារគ្រប់ពេល ។ រដ្ឋាភិបាលបានបើកយុទ្ធនាការប្រឆាំងភេរវកម្ម ដោយឆែកឆេរគ្រប់ទីកន្លែង សង្ស័យនៅទូទាំងប្រទេស៕


ចែករំលែក៖