ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូបុកគោយន្ដកន្ត្រៃ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ និងខូចម៉ូតូ១គ្រឿង

ចែករំលែក៖

ខេត្តកំពង់ធំ៖ គោយន្តកន្រ្ទៃបើកបរគ្មានភ្លើងក្រោយ បង្កគ្រោះថ្នាក់ចរាចរ ស្លាប់មនុស្ស ជាញឹកញាប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវ នឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1I.5536 បើកបរដោយឈ្មោះ សេង ធួក ភេទប្រុស អាយុ៤៣ ឆ្នាំ រស់នៅភូមិបុស្សល្វា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាស្មៀនឃុំបារាយណ៍ ពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ ។

គោយន្តកន្ត្រៃ និងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកគេចខ្លួនបាត់ ។

មូលហេតុ គឺបង្កឡើងដោយគោយន្តកន្ត្រៃ គ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងអ្នកបើកបរម៉ូតូ មានល្បឿនលឿន ។

ករណីនេះ សមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងកំពុងស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធី ។

គួររំលឹកថា កន្លងមកមានស្លាប់មនុស្សជាបន្តបន្ទាប់ ដោយគោយន្ដកន្រ្ដៃ បើកបរគ្មានភ្លើងបំភ្លឺផ្លូវ ដូច្នេះមិនគួរណាសមត្ថកិច្ចជំនាញ និងអង្គភាពពាក់ព័ន្ធ មិនមានវិធានការចំពោះក្រុមគោយន្តកន្រ្ទៃនេះទេ ពីព្រោះពួកគេមិនបានគោរពច្បាប់ឡើយ ហើយក្នុងច្បាប់ ក៏មិនអនុញ្ញាតឲ្យបើកបរើលផ្លូវជាតិដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖