ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម ប្រមាណ ៤,៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) ចំនួន ៣នាក់ ផងដែរ។

ពិធីជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅពេលល្ងាចមិញនេះ គឺជាលើកទី៦ហើយ គឺគិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់បងប្អូនខ្មែរ-ឥស្លាមនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីជា សម្តេចតេជោ ជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូនខ្មែរ-ឥស្លាមកម្ពុជានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះជាការជួបជុំគ្នាលើកទី៦ហើយបន្ទាប់ពីការជួបជុំគ្នានៅឆ្នាំកន្លងៗមកនេះ ហើយថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងបណ្តាភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ទៀតផង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ឆ្នាំនេះជាឆ្នាំទី១នៃអណត្តិទី៦ថ្មីនៃការជួបជុំជាមួយបងប្អូនខ្មែរ-ឥស្លាម។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដរាបណា សម្តេច នៅធ្វើជានាយករដ្ឋមន្ត្រី សម្តេចនៅតែបន្តជួបជាមួយបងប្អូនខ្មែ-ឥស្លាមជាបន្តបន្ទាប់ទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះសុខដុមនីកម្មសាសនាដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ នៅក្នុងពេលនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ពីប្រវត្តិអតីតកាលក្នុងសង្គ្រាមដ៏សែនឈឺចាប់ដែលបានក្លាយជាបទពិសោធន៍បន្សល់ទុកនូវមេរៀនសម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សង្គមកម្ពុជាបច្ចុប្បន្នដើម្បរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត។

សម្តេចបានប្រកាសថា នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានអនុញាតិអោយគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់គឺមានរៀបចំជាកន្លែងថ្វាយបង្គុំ របស់អ្នកជម្ងឺខ្មែរ-ឥស្លាម ដែលទៅសម្រាកព្យាបាលជម្ងឺ ហើយនឹងរៀបចំកន្លែងថ្វាយបង្គុំ នៅតាមសាលារៀនជាបន្តបន្ទាប់ទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងបានថ្លែងអំណរគុណចំពោះសាសនិកឥស្លាមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសាសនាឥស្លាមទាំងអស់ដែលបានចូលរួមចំណែកថែរក្សាសន្តិភាព និងតាមរយៈការអញ្ជើញទៅចូលរួមបោះឆ្នោតកន្លងទៅនេះ ជាពិសេសអរគុណចំពោះការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឲរីកចម្រើនតទៅមុខទៀត។

នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ថ្នាក់ដឹកនាំប្រទេសអារ៉ាបីសាវឌីត ផងដែរ ក្នុងការសម្រួលអោយបងប្អួនខ្មែរ-ឥស្លាមទៅធ្វើបុណ្យនៅទីនោះ ដែលក្នុងនោះមានបងប្អូនខ្មែរយើងប្រមានជា១២០០នាក់ទៅធ្វើបុណ្យនៅទៅនោះ ហើយសម្តេចសង្ឃឹមថាអ្នកទៅធ្វើបុណ្យនៅទីនោះ នឹងនាំត្រឡប់មកវិញនូវអំពើល្អគ្រប់រូបភាព ពីព្រោះសាសនាណាក៏ដោយមិនដែលអប់រំមនុស្សអោយសាងអំពើអាក្រក់នោះទេ។

តាមរយៈសន្ទរកថាទាក់ទងនឹងបញ្ហាការចូលរជាសមាជិកនៅក្នុងអង្ការ OIC សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់ឲ្យកម្ពុជាក្លាយទៅជាសមាជិកសង្កេតការណ៍នៃអង្គការនេះ ដែលមានសមាជិករហូតទៅដល់៥២ប្រទេសបានចូលរួម។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាស តែងតាំង ឯ.ឧ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាបេសកជនពិសេស នៃព្រះរាជាណាកច្រកម្ពុជា ដើម្បីរៀបចំខ្លួនចូលជាសមាជិកសង្កេតការណ៍នៅក្នុងអង្គការ OIC នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាសមាជិកនៃអង្គការនេះ ដែលនឹងអាចចូលរួមចំណែកអភិវឌ្ឍសង្គមជាមួយប្រទេសកម្ពុជា ពិសេសការចូលរួមជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាលនិស្សិតសាសនិកឥស្លាម និងដល់បងប្អូនកម្ពុជាផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើដល់ លោកជំទាវអគ្គរដ្ឋទូតតំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ជួយជម្រាបជូនអគ្គលេខាធិការ និងបណ្តាប្រទេសដែលជាសមាជិកនៃអង្គការ OIC សូមជួយដល់កម្ពុជា រួមចំណែកទិញទំនិញពីកម្ពុជា រាប់ទាំងម្ហូបហាឡាល់ (Halal food) ដែលជាតម្រូវការរបស់បងប្អូនសានិកឥស្លាមនៅទីនោះផងដែរ និងសូមចូលរួមជួយទិញម្ហូបអាហារ អង្ក ដើម្បីឲ្យទីផ្សារកម្ពុជាកាន់តែទូលាយ និងរីកចម្រើន ដែលជាផ្នែកមួយនៃការបង្កើនការងារធ្វើនៅកម្ពុជាទៀតផង។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌនលើកទី៦នេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានសុំពរពីព្រះអាល់ឡោះ សូមផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕


ចែករំលែក៖