រយៈពេលកន្លងមក ការបាញ់ប្រហារនៅអាមេរិកកើតឡើងឥតឈប់ឈរ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ ពិសេសគឺការបាញ់ប្រហារនៅតាមសាលារៀន បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋ អាណាព្យាបាល ។
ការបាញ់ប្រហារកើនឡើងដោយសារ ការប្រើប្រាស់អាវុធពាសវាល ពាសកាល ហើយពលរដ្ឋអាចទិញកាំភ្លើងបាននៅគ្រប់ទិសទី ក្នុងទីផ្សារងងឹត ឲ្យតែមានប្រាក់ ។ ការទិញកាំភ្លើងនៅអាមេរិក ងាយស្រួលដូចទៅទិញបន្លែនៅក្នុងផ្សារ ។
នៅពេលនេះ ក្រុមសន្តិសុខអាមេរិក បានរកឃើញឃ្លាំងអាវុធ ដែលមានកាំភ្លើងរាប់ពាន់ដើម លាក់ទុកនៅក្នុងផ្ទះវីឡា ដ៏ប្រណីតមួយ ក្នុងទីក្រុង Los Angeles ។ កម្លាំងសន្តិសុខបានរកឃើញកាំភ្លើងជាង១០០០ដើម និង អាវុធផ្សេងៗជាច្រើនទៀត។
សារព័ត៌មាន CNN បានផ្សាយថា ប៉ូលិសទីក្រុង Los Angeles បានសហការជាមួយកម្លាំង ប្រឆាំង បទល្មើស ស្រាបៀរ និងបារី(ATF)បាន សម្រុកចូលក្នុងផ្ទះវីឡា តម្លៃជាង៧លានដុល្លារ ស្ថិតនៅតំបន់អ្នកមាន Bel Air ក្នុងទីក្រុង Los Angeles ។ ការសម្រុកចូលខាងលើ ក្រោយពេលទទួលបានព័ត៌មានថា មានសកម្មភាពជួញដូរអាវុធខុសច្បាប់នៅទីនោះ។ ពេលប៉ូលិសចូលដល់ បានឃើញអាវុធ គ្រប់ប្រភេទជាច្រើន នៅខាងក្នុងវីឡាទំហុំ ៨០០ម៉ែត្រការ៉េ ។
ដោយមានអាវុធច្រើន កម្លាំងប៉ូលិសបានបញ្ជូនមនុស្សទៅជាច្រើន ដើម្បីត្រួតពិនិត្យ និងរាប់ឲ្យបានច្បាស់ ។ អាវុធមួយចំនួន បានផលិតតាំងពី៥០ឆ្នាំមុន និងខ្លះទៀតផលិតតាំងពីសម័យសង្គ្រាមស៊ីវិលអាមេរិកឆ្នាំ ១៨៦១-១៨៦៥។
កម្លាំងប៉ូលិសបានចាប់ខ្លួនលោក Girard Saenz ដែលជាម្ចាស់វីឡា ខាងលើ ។ កម្លាំងប៉ូលិស បានចោទប្រកាន់ លោកGirard Saenzអាយុ ៥៧ឆ្នាំ ពីបទរក្សាទុក និងជួញដូរអាវុធខុសច្បាប់ ៕