ខេត្តសៀមរាប៖ អាជ្ញាធរក្រុងសៀមរាប បានអះអាងថា នៅពេលខាងមុខនេះ អាជ្ញាធរក្រុងសៀមរាប អាច នឹងកែលម្អឡើងវិញ ផ្សារលើធំថ្មី និងគ្មានការកកស្ទះចរាចរណ៍ទៀតទេ បន្ទាប់ពីមានមតិប្រជាពលរដ្ឋរិះគន់ថា មុខផ្សារលើធំថ្មី រមែងកកស្ទះចរាចរណ៍ជាញឹកញាប់ ។
លោក ម៉េង ទ្រី អភិបាលរងក្រុងសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា ជុំវិញបញ្ហាខាងលើនេះ គឺខាងសាលាក្រុង កំពុងរៀបចំសារជាថ្មី ដោយមានការគូរប្លង់រួចរាល់អស់ហើយ ព្រមទាំងរៀបចំឯកសារទៅក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ នៃការដេញថ្លៃការសាងសង់ ចំណតមុខផ្សារលើធំថ្មី សារជាថ្មី និងប្រកាសក្នុងពេលឆាប់ៗខាងមុខហើយ ។ ការប្រកាសនោះ ខាងសាលា ខេត្តសៀមរាបជាអ្នកប្រកាសដើម្បីឲ្យក្រុមហ៊ុនណា ដែលហ៊ានដេញថ្លៃទទួលយកការសាងសង់ចំណតនេះ ។
ដោយឡែក ចំពោះការកកស្ទះចរាចរណ៍រាល់ ថ្ងៃ ខាងសាលាក្រុង និងចាត់វិធានការ ជាបណ្តើរៗ ក្នុងការជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ។
លោក ហ៊ុប ថៃ ម្ចាស់ភាស៊ីផ្សារលើធំថ្មី បានប្រាប់នៅល្ងាច ថ្ងៃនេះ ថា លោក រីករាយ និងយល់ស្របជាមួយអាជ្ញាធរ ជំនាញក្នុងការរៀបចំនៅមុខផ្សារលើធំថ្មី តែបើតាម លោកដឹងគឺអាជ្ញាធរគ្រោងនឹងរុះរើ ការ៉ូឡា មុខផ្សាលើធំថ្មី ទាំងអស់ ដើម្បីធ្វើចំណតឡាន ។
ចំពោះគម្រោងរុះរើរៀបចំមុខផ្សារលើធំថ្មី នេះ ប្រជាពលរដ្ឋសារទរ និង សង្ឃឹមថា អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍ជាក់ជាមិនខាន ៕ ប៊ុនរិទ្ធី