ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមន នៅ ព្រឹកថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៤ ខែឧសភា ឆ្នាំ២០១៩ បានចាត់វិធានការ បង្ខំឲ្យជនជាតិចិនរុះរើស្លាកយីហោហាង របស់ខ្លួន ដែលសរសេរឈ្មោះជាអក្សរខ្មែរយ៉ាងរញ៉េរញ៉ៃ មិនត្រឹមត្រូវតាមក្បួនច្បាប់ខ្មែរ។
វិធានការនេះបានធ្វើឡើងចំពោះហាងចិនមួយកន្លែង បន្ទាប់ពីរងការរិះគន់យ៉ាង ចាស់ដៃពីមហាជន ព្រោះហាងមួយនេះ សរសេរឈ្មោះហាងរបស់ខ្លួនមិនត្រូវតាមអក្ខរាវិរុទ្ធអក្សរសាស្ត្រជាតិ រហូតមិនអាចទទួលយកបាន ដោយសរសេរថា “ហាង មាន់លោក” ដែលមិនដឹងជាមានន័យ យ៉ាងម្តេចពិតប្រាកដ។
ករណីជនជាតិចិន បើកហាងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយសរសេរ ឈ្មោះជាភាសា និងអក្សរខ្មែរមិនត្រឹមត្រូវតាមក្បួនច្បាប់នេះ បានកើតឡើងជាហូរ ហែធ្វើឲ្យមហាជនរិះគន់ដល់អាជ្ញាធរថា ខ្វះការយកចិត្តទុកដាក់ចំពោះសណ្តាប់ សាធារណៈ ជាពិសេសវិធានការគ្រប់គ្រងអក្សរសាស្ត្រជាតិ។
មហាជនបានសង្កេតឃើញឈ្មោះ ហាងចិនជាច្រើននៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តព្រះសីហនុ តែងតែសរសេរ អក្សរខ្មែរខុស ឬសរសេរឈ្មោះមិនអាច យល់បាន ដែលត្រង់ចំណុចនេះបង្ហាញឲ្យឃើញពីការមិនយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសស្ថាប័នគ្រប់គ្រងការចុះបញ្ជីក្រុមហ៊ុនឯកជន និងស្លាកឈ្មោះពាណិជ្ជកម្ម ដោយមហាជនរិះគន់ស្ថាប័ននេះថា ស្គាល់ តែលុយមិនស្គាល់តម្លៃអត្តសញ្ញាណ និង អក្សរសាស្ត្រជាតិសោះឡើយ៕ ហេង នរិន្ទ្រ