កាលពីថ្ងៃទី១៩ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយថៃ បានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា តំណាងរាស្ត្រ ភឿថៃមួយចំនួន បានស្នើគណបក្សភឿថៃមិនត្រូវគាំទ្រ ដល់តំណាងរាស្ត្រ ប្រជាធិបតេយ្យនោះឡើយ បើមិនដូច្នោះទេ នឹងត្រូវបរាជ័យ ក្នុងល្បែងនយោបាយ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បណ្តាតំណាងរាស្ត្រគណបក្សភឿថៃ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ប្រសិនបើតំណាងរាសត្រគណបក្សប្រជាធិបតេយ្យ កាន់តំណែងប្រធានរដ្ឋសភានោះ នឹងពិបាកដោះស្រាយទៅលើពលរដ្ឋ ដែលតែងតែគាំទ្រដល់គណបក្សភឿថៃ ជាច្រើនឆ្នាំកន្លងមក។
តំណាងរាស្ត្រគណបក្សប្រជាធិបតយ្យមួយរូប ត្រូវបានជ្រើសរើស ធ្វើជាប្រធានរដ្ឋសភា តាមសំណើរបស់ គណបក្សយោធា ។ នៅពេលនេះ ប្រសិនបើទទួលបានការគាំទ្រ ពីតំណាងរាស្ត្រគណបក្សភឿថៃនោះ និងធ្វើឲ្យគណបក្សភឿថៃ ត្រូវបរាជ័យទាំងស្រុង ក្នុងឆាកនយោបាយ ។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចានអូចា កំពុងជិតក្លាយជានាយករដ្ឋមន្ត្រីថ្មី ខណៈគណបក្ស ផាឡាំង ប្រាចារ៉ាត(PPRP)របស់លោក បានព្រមព្រៀងជំហានដំបូងជាមួយគណបក្សភូមចៃថៃ និងបក្សប្រជាធិបតេយ្យ ដោយទំនងជាត្រូវប្រគល់ជូនតំណែងសំខាន់ៗ ក្នុងគណៈរដ្ឋមន្ត្រីនាពេលខាងមុខដល់គណបក្សជាដៃគូ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់PPRP ដែលបានសុំផ្តល់តំណែងរដ្ឋមន្ត្រីសុខាភិបាល ដល់មេដឹកនាំបក្សភូមចៃថៃ លោក អានុទីន ឆានវីរ៉ាគុល និងតំណែងប្រធានសភា ដល់សមាជិកជាន់ខ្ពស់ បក្សប្រជាធិបតេយ្យលោក បាន់យ៉ាត បានតាតតាន់ នេះបើតាមប្រភពព័ត៌មាន។
ទោះជាយ៉ាងណា សមាជិកបក្សភឿថៃ ខ្លះបានស្នើថា គណបក្សគួរធ្វើជាបក្សប្រឆាំង និងកុំគាំទ្របេក្ខភាពបក្សប្រជាធិបតេយ្យ សម្រាប់តំណែងប្រធានសភា ដើម្បីកុំឲ្យចាញ់ក្នុងល្បែងនយោបាយ ។ យោងតាមប្រភពព័ត៌មាន ទោះជាសម្ពន្ធភាពដឹកនាំដោយភឿថៃ អាចទាក់ទាញគណបក្សប្រជាធិបតេយ្យ និងភូមចៃថៃមកខាងខ្លួន ក៏វានៅតែមិនបង្កើតបានសំឡេងគ្រប់គ្រាន់ ចាំបាច់សំរាប់ផ្ចាញ់ក្រុមដែលដឹកនាំដោយ PPRP។
ក្រោមរដ្ឋធម្មនុញ្ញ តាក់តែងឡើងដោយក្រុមយោធា ព្រឹទ្ធសភា២៥០រូប នឹងចូលរួមជាមួយសភា ដែលមាន៥០០រូប ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីមួយរូប ដែលត្រូវតែទទួលបានការគាំទ្រលើ៥០ភាគរយ នៃសម្លេងបោះឆ្នោតពីសភាទាំងពីរ។
ប្រភពបក្សដដែលបាននិយាយថា បើភឿថៃមិនមានឱកាសឈ្នះតំណែងនាយករដ្ឋមន្ត្រីទេ គួរធ្វើជាបក្សប្រឆាំងនិងគោរពការបោះឆ្នោតរបស់ប្រជាជន ៕