នយោបាយរបស់អាមេរិក គ្រប់ជំនន់ ប្រធានាធិបតី គឺមិនទុកឲ្យប្រទេសណា ដែលប្រឆាំងជាមួយអាមេរិក រស់នៅបានសុខនោះឡើយ ទាំងប្រទេសមហាអំណាចរហូតដល់ប្រទេសតូចៗ នៅលើពិភពលោក ។
រុស្ស៊ី និង ចិន ក៏ត្រូវទទួលរងការដាក់គំនាប ពីអាមេរិកនោះដែរ ដោយចោទថា បានបំផ្លាញផលប្រយោជន៍ជាតិអាមេរិក ។ តាមពិត អាមេរិក ខ្លាចបាត់បង់មហាអំណាចទីមួយលើពិភពលោក ។
នៅពេលនេះ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា អ៊ីរ៉ង់នឹងត្រូវប្រឈមមុខ ការប្រើប្រាស់កម្លាំង ប្រសិនបើប្រទេសនេះ ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញផលប្រយោជន៍របស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ានោះ ។
ក្នុងពេលកំពុងប្រឈមមុខតានតឹងដាក់គ្នា អាមេរិកបានចោទប្រកាន់ក្រុមហ៊ូធីនៅយេម៉ែន បើកការវាយប្រហារនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត ហើយអ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនោះ ។
នៅពេលនេះដែរ កងនាវាអាមេរិកបានឲ្យដឹងថា ខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធានៅតំបន់សមុទ្រអារ៉ាប់ ចំពេល ភាពតានតឹងជាមួយអ៊ីរ៉ង់ កាន់តែកើនឡើងជាលំដាប់ ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កងនាវាអាមេរិក បានបញ្ជាក់ទៀតថា សមយុទ្ធយោធា និងការបណ្ដុះបណ្ដាលជាច្រើនត្រូវបានធ្វើឡើង កាលពីពេលកន្លងទៅ ដោយមានការចូលរួមពីកងកម្លាំងនាវាផ្ទុកយន្ដហោះអាមេរិក USS អាប្រាហាំ លីងខិន (USS Abraham Lincoln) និងកងនាវាចម្បាំង Kearsarge រួមទាំងកងអង្គភាពម៉ារីនទី២២ ក្រោមកិច្ចសម្របសម្រួលពីកងម៉ារីនអាមេរិក ។
គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានដដែល សមយុទ្ធយោធាខាងលើ ក៏មានផងដែរការបណ្ដុះបណ្ដាល ការបាញ់មីស៊ីលចេញពីនាវាចម្បាំង និងការបង្កើតការទំនាក់ទំនងរួម ដើម្បីងាយស្រួលក្នុងការឆ្លើយតប និង គ្រប់គ្រងស្ថានការណ៍ ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបាន បានចេញនូវការគំរាមកំហែងថ្មី ចំពោះទីក្រុង តេអេរ៉ង់ ដោយបង្ហោះសារមួយថា ជម្លោះនឹងជាទីបញ្ចប់ផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលអារ៉ាប៊ីសាអូឌីត បានព្រមានថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឆ្លើយតប ដោយប្រើកម្លាំងទាំងអស់ និងថា វាអាស្រ័យលើអ៊ីរ៉ង់ ដើម្បីគេចពីសង្គ្រាម ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ត្រាំ បាននិយាយក្នុងសារ ធ្វីតធើ មួយដោយមិនផ្តល់សេចក្តីលម្អិតថា “ប្រសិនបើប្រទេសអ៊ីរ៉ង់ ចង់ប្រយុទ្ធគ្នា នោះនឹងជាទីបញ្ចប់ផ្លូវការរបស់អ៊ីរ៉ង់ ។ ចូរកុំគំរាមកំហែងសហរដ្ឋអាមេរិកជាថ្មីម្តងទៀតឡើយ” ។
គួរបញ្ជាក់ថា កំណើនជម្លោះវោហាសាស្ត្រនេះ កើតមានបន្ទាប់ពីមានការវាយប្រហារមួយកាលពីសប្ដាហ៍មុន ទៅលើទីតាំងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងមានការបាញ់គ្រាប់រ៉ុកកែត ចូលទៅក្នុង “តំបន់បៃតង” របស់ទីក្រុងបាដាដ ជាទីមានអគាររដ្ឋាភិបាល និងស្ថានទូតបរទេស” ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញការព្រមានគំរាមមួយទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយអះអាងថា ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះ វាយប្រហារលើផលប្រយោជន៍របស់អាមេរិកនោះ វានឹងត្រូវកម្ទេច ។ លោក Trump បាននិយាយនៅក្នុង Twitter ថា “ប្រសិនបើអ៊ីរ៉ង់ចង់ប្រយុទ្ធនោះ វានឹងក្លាយជាការបញ្ចប់ជាផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ ។ វាលែងគំរាមកំហែងដល់សហរដ្ឋអាមេរិកម្តងទៀតហើយ” ។
ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេរ៉ង់បានកើនឡើងនៅពេលដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមការងារ នៃនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ឈូងសមុទ្រពែក្ស លើអ្វីដែលខ្លួនហៅថា ជាការគំរាមកំហែងរបស់អ៊ីរ៉ង់ ។ បញ្ហានេះ បានបង្កឲ្យមានភាពមន្ទិលសង្ស័យនៅក្រៅសហរដ្ឋអាមេរិក ។
រដ្ឋបាលរបស់លោក Trump បានបញ្ជាឲ្យបុគ្គលិកការទូតមិនសំខាន់ចាកចេញពីប្រទេសអ៊ីរ៉ាក់ ដោយលើកឡើងពីការគំរាមកំហែងពីក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលគាំទ្រ ដោយអ៊ីរ៉ង់ហើយបានបញ្ជូននាវាដឹកយន្តហោះមួយគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់នេះ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump គឺលោក John Bolton កំពុងជំរុញឲ្យមានវិធានការតឹងរ៉ឹងលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែអ្នកផ្សេងទៀតនៅក្នុងរដ្ឋបាលនេះបានជំទាស់ ។
ទោះបីជាយ៉ាងណា ក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលការរំពឹងទុកនៃសង្គ្រាមថ្មីមួយនៅក្នុងតំបន់ ដោយនិយាយថា ក្រុងតេរ៉ង់ សូមប្រឆាំងនឹងវា ហើយគ្មានភាគីណាមួយអាចប្រឈមមុខដាក់គ្នាបានទេ ។
ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ នឹងអាមេរិកបានធ្លាក់ដល់កម្រិតទាបថ្មី កាលពីឆ្នាំមុន នៅពេលដែលអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ និងបានដាក់ចេញនូវទណ្ឌកម្មឯកតោភាគីថ្មី ដែលត្រូវបានដកជាថ្នូរឲ្យទីក្រុងតេរ៉ង់បន្ធូរបន្ថយកម្មវិធីនុយក្លេអ៊ែរ ។
អារ៉ាប៊ីសាអូឌីតបានអំពាវនាវឲ្យមានកិច្ចចរចាថ្នាក់តំបន់ជាបន្ទាន់ ដើម្បីពិភាក្សាអំពីភាពតានតឹងនៅឈូងសមុទ្រពែក្ស ដែលកំពុងកើនឡើងដោយនិយាយថា ខ្លួនមិនចង់បានសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែបានត្រៀមខ្លួនដើម្បីការពារខ្លួន៕