ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺ ផ្តាយជ្រូកអាហ្វ្រិក កំពុងតែរាលដាលយ៉ាងខ្លាំងនៅវៀតណាម

ចែករំលែក៖

ពលរដ្ឋនៅក្នុងប្រទេសវៀតណាម បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីជំងឺគ្រុនផ្តាសាយជ្រូក រាលដាល នៅទូទាំងប្រទេស ដោយខ្លាចមានក្រុមជនខិលខូចលួចលក់សាច់ជ្រូកដែលមានជំងឺ ។

ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល មន្ត្រីក្រសួងកសិកម្មវៀតណាមបានព្រមានអំពីការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម បើមិនប្រើវិធានការបង្ការ និងទប់ស្កាត់ឲ្យបានហ្មត់ចត់ទេ ។

ការព្រមាននេះ កើតឡើងនៅពេលអាជ្ញាធរវៀតណាមបានសម្លាប់ចោលជ្រូកប្រមាណ១,៥លានក្បាល ឬស្មើនឹង៥ភាគរយនៃសត្វជ្រូកចិញ្ចឹមនៅទូទាំងប្រទេស ដោយសារពួកវាបានឆ្លងជំងឺផ្តាសាយជ្រូកអាហ្វ្រិកនេះ ។

ជំងឺមិនចម្លងមកមនុស្ស តែមិនទាន់មានឱសថព្យាបាលនេះ កំពុងរាតត្បាតនៅទូទាំងប្រទេសវៀតណាម ដោយវាបង្ហាញវត្តមាននៅខេត្តក្រុងចំនួន៣៤ ក្នុងចំណោមខេត្ត ក្រុង ៦៤នៅវៀតណាម រួមមានក្រុងហាណូយ ។

ង្វៀន សួន កួង រដ្ឋមន្ត្រីកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយថា« ស្ថានភាពវិវត្តកាន់តែអាក្រក់ឡើង ។ ក្នុងប្រវត្តិសាស្ត្រពិភពលោក មិនដែលមានប្រទេសណាជួបជំងឺដ៏គ្រោះថ្នាក់ដូច្នេះទេ» ។

លោករដ្ឋមន្ត្រីបាននិយាយថា តាមពិតវៀតណាមបានត្រៀមខ្លួនទប់ទល់នឹងជំងឺនេះ ចាប់តាំងពីវាបង្ហាញខ្លួនលើកដំបូងនៅចិន កាលពីខែសីហា ឆ្នាំមុន តែនៅតែមិនអាចទប់មិនឲ្យវាឆ្លងកាត់ព្រំដែនបាន និងបានចាប់ផ្តើមសម្គាល់ឃើញ វាកើតឡើងលើកដំបូងកាលពីខែកុម្ភៈ ។

លោកបានព្រមានថា បើគ្មានការបង្ការទប់ស្កាត់ត្រឹមត្រូវ ជំងឺនេះ នឹងរាតត្បាតពាសពេញផ្ទៃប្រទេស ។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម ជំងឺប៉េស្តជ្រូកអាហ្វ្រិក ឆ្លងតាមវត្ថុរាវ នៃសត្វជ្រូកមានជំងឺ ដូចជា ឈាម ទឹកមាត់ ទឹកភ្នែក សំបោរ ទឹកនោម លាមក និងទឹកកាម ។ ដូច្នេះ ជ្រូកអាចត្រូវចម្លងតាមប្រភពផ្សេងៗ រួមទាំងសាច់ជ្រូក និងផលិតផលធ្វើពីសាច់ជ្រូក ។

ក្នុងការចុះទៅកាន់កន្លែងកើតជំងឺផ្ទាល់ នៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួន ហ្វ៊ុក បានព្រមានដល់បណ្តាខេត្តក្រុងដែលមិនទាន់មានជំងឺនេះ ត្រូវត្រៀមខ្លួន ហើយក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន ពួកមន្ត្រីកសិកម្មវៀតណាម បាននិយាយថា ប៉េស្តជ្រូកអាហ្វ្រិកអាចបង្ក«ផលវិបាកធ្ងន់ធ្ងរ» ដោយបំផ្លាញសេដ្ឋកិច្ចជាទូទៅ និងគំរាមវិស័យចិញ្ចឹមជ្រូក ដែលជាផ្នែកសំខាន់មួយ នៃឧស្សាហកម្មចិញ្ចឹមសត្វរបស់ជាតិ ។

សូមរំលឹកថា ក្រោយពីបង្ហាញខ្លួនលើកដំបូងនៅវៀតណាមនាខែកុម្ភៈ ផ្តាសាយជ្រូកនេះ បានរាលដាលពាសពេញតំបន់ខាងជើងនិងកណ្តាល ។ វាបន្តចូលដល់ភាគខាងត្បូងនៅខែឧសភានេះ គឺចម្លងនៅកសិដ្ឋាន២ក្នុងខេត្តដុងណាយ និងបន្ទាប់មកចូលដល់តំបន់ដីសណ្តទន្លេមេគង្គ៕


ចែករំលែក៖