ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្ម

ចែករំលែក៖

កំណើនសេដ្ឋកិច្ចពិភពលោក កំពុងតែធ្វើដំណើរទៅមុខ យ៉ាងយឺតនៅក្នុងឆ្នាំនេះ មិនតែប៉ុណ្ណោះ អាច នឹងត្រូវធាក់ចុះក្នុងពេលខាងមុខ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន ។

បណ្តាក្រុមហ៊ុន និងអង្គការ អន្តរជាតិនានា នៅជុំវិញពិភពលោក បានស្នើឲ្យអាមេរិក និងចិន បញ្ចប់ សង្គ្រាមពាណិជ្ជកម្ម បើមិនដូច្នោះទេ ពិភពលោកទាំងមូលរងផលប៉ះពាល់យ៉ាងខ្លាំង ។

កន្លងមក ធនាគារពិភពលោក WB មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្រមានពីផលប៉ះពាល់ដោយសារ តែសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចប្រទេសទាំងពីរ ។

នៅពេលនេះដែរ អង្គការដើម្បីកិច្ចសហប្រតិបត្តិនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE បានអំពាវនាវ ឲ្យប្រទេសជាសមាជិកអង្គការទាំងអស់រួសរាន់ បញ្ចៀសសង្គ្រាមពាណិជ្ជកម្ម ដែលអាមេរិក និងចិនកំពុងតតាំងគ្នា ។ រដ្ឋាភិបាលនីមួយៗ ត្រូវរួបរួមគ្នាបង្កើនកម្លាំងដើម្បីលើកស្ទួយសេដ្ឋកិច្ចពិភពលោកឲ្យភាពស្វាហាប់ឡើងវិញ ។ ឆ្នាំនេះ សេដ្ឋកិច្ចពិភពលោក ត្រូវដើរបន្ថយល្បឿនផង ។ នេះជាដាក់តឿនរបស់លោកស្រី Angel Gurria អគ្គលេខាធិការអង្គការOCDE ។

នៅក្នុងសន្និសីទកាសែត បង្ហាញអំពីទស្សនៈវិស័យសេដ្ឋកិច្ច មុនការបើកជំនួបប្រជុំប្រចាំឆ្នាំរបស់អង្គការ លោកស្រីអគ្គលេខាធិការអង្គការ OCDE បានរំលើកឲ្យឃើញអំពីភាពធ្ងន់ធ្ងរ នៃស្ថានការណ៍សេដ្ឋកិច្ចពិភពលោក ដោយអំពាវនាវឲ្យរដ្ឋជាសមាជិកទាំងអស់ ត្រូវរួសរាន់ចូលតុចរចា ជាពហុភាគី ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចពិភពលោក ។

សេណារីយ៉ូ ដ៏អាក្រក់បំផុត គឺភាពតានតឹងពាណិជ្ជកម្មបន្តពីរឿងមួយទៅរឿងមួយ ដុះរីកសាយដូចផ្សិត និងដែលបង្កើតភាពមិនជាក់លាក់ជាក់ជានិរន្តនិងគ្រប់ទិសទី ។ ត្រូវដោះស្រាយជម្លោះ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិធំៗ និងធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់អន្តរជាតិឲ្យកាន់តែប្រសើរឡើង ព្រោះភាពមិនជាក់លាក់ ការវិនិយោគអាប់អួរ ការបាត់បង់ទំនុកចិត្ត បានចាប់ផ្តើមបញ្ចេញឥទ្ធិពលលើតម្លៃទំនិញ និងចាប់ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហើយ ។ នេះបើតាមប្រសាសន៍របស់អ្នកជំនាញអង្គការដដែល ។

ក្រៅអំពីបញ្ហាសង្គ្រាមពាណិជ្ជកម្ម អង្គការ ក៏បានបង្ហាញក្តីព្រួយបារម្ភថា ដំណើរបន្ថយល្បឿនសេដ្ឋកិច្ចរបស់ចិន អាចនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលរងផលប៉ះទង្គិច ហើយបំណុលឯកជននឹងកើនឡើង ។ ប្រឈមនឹងហានិភ័យបែបនេះ OCDE បានព្យាករថាកំណើនសេដ្ឋកិច្ចពិភពលោកនឹងកំរិតត្រឹមតែ៣,២%ទេ មិនមែន៣,៣%ដូចការរំពឹងកាលពីខែមីនាឡើយ ។ គេទំនងជាត្រូវរង់ចាំដល់ឆ្នាំក្រោយទើបឃើញសេដ្ឋកិច្ចពិភពលោកអាចមានកំណើនឡើងវិញបន្តិច ។

ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក អង្គការបានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចពិន្ទុ(២,៨%)សម្រាប់ឆ្នាំនេះ ហើយចុះមកវិញនៅឆ្នាំក្រោយ ដល់២,៣% ។ ចំពោះចិនវិញគ្មានការប្រែប្រួលទេ ។ ចិននឹងមានកំណើនសេដ្ឋកិច្ច ៦,២%ដដែលនៅឆ្នាំនេះ និង៦%នៅឆ្នាំក្រោយ ។

ការព្យាកររបស់OCDEនេះមិនទាន់គិតបញ្ចូលអំពីសង្គ្រាមតតាំងគ្នាថ្មីៗចុងក្រោយរវាងអាមេរិកនិងចិនជុំវិញការដំឡើងពន្ធគយ និងទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាHuaweiទេ ។

ក្រុមហ៊ុនជាច្រើនបង្ហាញពីក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម សូម្បីតែ ក្រុមហ៊ុនផលិតស្បែកជើងធំៗបំផុតក្នុងលោកខ្លះកំពុងទទូចឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន ដោយព្រមានថា វានឹងបង្កផលប៉ះពាល់ដ៏អន្តរាយលើអ្នកប្រើប្រាស់ ។

នៅក្នុងលិខិតមួយចុះហត្ថលេខាដោយក្រុមហ៊ុន១៧០ រួមមាន NikeនិងAdidas ពួកគេបាននិយាយថាការសំរេចិត្តរបស់ប្រធានាធិបតីអាមេរិកក្នុងការដំឡើងពន្ធដល់២៥ភាគរយលើទំនិញចិនវាប៉ះពាល់ដល់វណ្ណៈកម្មករ ។ ពួកគេក៏ព្រមានថា ការយកពន្ធខ្ពស់ឡើងគំរាមអនាគតនៃធុរកិច្ចខ្លះនិងថា«វាដល់ពេលបញ្ចប់សង្គ្រាមពាណិជ្ជកម្មនេះហើយ» ។

សូមបញ្ជាក់ថា កាលពីជាងមួយសប្តាហ៍មុនលោកត្រាំបានដំឡើងពន្ធលើទំនិញចិនដែលត្រូវនាំចូលអាមេរិកតំលៃសរុបប្រមាណ២០០ពាន់លានដុល្លារពីអត្រា១០ទៅ២៥ភាគរយ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងប៉េកាំងមិនអាចសំរេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយពីកិច្ចពិភាក្សាជាងដប់ជុំ ។

ចិនបានតតបវិញដោយប្រកាសផែនការដំឡើងពន្ធលើទំនិញអាមេរិកតំលៃ៦០ពាន់លានចាប់ពីថ្ងៃ១មិថុនា ។

បណ្តាក្រុមហ៊ុនដែលបានចុះហត្ថលេខាលើលិខិត រួមមានClarks, Dr Martens និង Converseអះអាងថា ខណៈអត្រាពន្ធជាមធ្យមលើទំនិញស្បែកជើងមានចំនួន១១,៣ភាគរយការបន្ថែមពន្ធ២៥ភាគរយទៀតធ្វើឲ្យករណីខ្លះពន្ធឡើងដល់៦៧,៥ភាគរយ ។

ទោះជាយ៉ាងណា នៅពេលលោកប្រកាសដំឡើងពន្ធ លោកត្រាំបានប្រាប់បណ្តាក្រុមហ៊ុនថា ពួកគេអាចកាត់បន្ថថ្លៃដើមដោយដូរទីតាំងផលិតកម្មមកទឹកដីអាមេរិកតែពួកគេតបវិញថា មិនអាចដូរបានភ្លាមៗទេ វាត្រូវការផែនការរយៈពេលរាប់ឆ្នាំ៕


ចែករំលែក៖