នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នឹងបន្តកាន់អំណាចដឹកនាំប្រទេសជាតិ៥ឆ្នាំខាងមុខទៀត ក្រោយពេល គណបក្សរបស់លោក រកបានដៃគូបង្កើតរដ្ឋាភិបាល ។
តំណាងរាស្ត្រគណបក្ស Palang Pracharath ស្និទ្ធយោធាបានប្រកាសថា គណបក្សនេះបានអញ្ជើញគណបក្ស ចំនួន២ ចូលរួមបង្កើតរដ្ឋាភិបាល នឹងជួយឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បន្តរក្សាតំណែងនាយករដ្ឋមន្ត្រី បន្តទៀត។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី លោក Puttipong Punnakanta តំណាងរាស្ត្រ របស់គណបក្ស Pracharath បានបញ្ជាក់ថា កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលរួមជាមួយគណបក្សតូចៗ នឹងបញ្ចប់នៅថ្ងៃទី២៧ ខែឧសភា ។ នៅពេលនោះ លោក ប្រាយុទ្ធ ចានអូចា មាន សំឡេងគ្រប់គ្រាន់ដើម្បីបន្តកាន់តំណែងដឹកនាំប្រទេសថៃថែម៥ឆ្នាំខាងមុខទៀត។
កិច្ចព្រមព្រៀងជាមួយគណបក្សតូច ៗ គឺជាសញ្ញាបញ្ចប់ក្តីសង្ឃឹមរបស់គណបក្សប្រឆាំង ដឹកនាំដោយគណបក្សភឿថៃ ក្នុងការដណ្តើម អំណាច ពីគណបក្សយោធាមកគ្រប់គ្រងវិញ។
នៅក្នុងការបោះឆ្នោតកាលពីខែមីនា កន្លងមក គណបក្ស យោធាទទួលបានសំឡេងគាំទ្រ សកលច្រើនជាងគេ ។ ចំណែកគណបក្សភឿថៃ ទទួលបានកៅអីសភាច្រើនជាងគណបក្សនានាទាំងអស់ ប៉ុន្តែមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលនោះឡើយ។ ដោយឡែកគណបក្សយោធាវិញ មានកៅអីនៅក្នុងព្រឹទ្ធសភា ដល់ទៅ២៥០ រួចជាស្រេច ។ ការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រី គឺចូលរួមទាំង សមាជិក រដ្ឋសភានិងព្រឹទ្ធសភា ៕