ជាការពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនទំនាក់ទំនងពាណិជ្ជកម្ម នៅជុំវិញពិភពលោក គឺឈ្នះដាច់ទៅលើ អាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ ដែលផ្តោតសំខាន់ទៅលើគោលនយោបាយអាមេរិក ជាដំបូង ។ ក្រោយចិនវាយលុកចូលទីលានរបស់អាមេរិក ក្នុងវិស័យពាណិជ្ជកម្ម និងអេឡិចត្រូនិក ធ្វើឲ្យអាមេរិក ភ្ញាក់ខ្លួនព្រឺតថា ខ្លួនកំពុងតែដើរក្រោយចិន ក្នុងបច្ចេកវិទ្យា និងពាណិជ្ជកម្ម ។
ដូច្នេះមើមិនចាត់វិធានការទប់ស្កាត់ទេនោះ ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ទាំងបច្ចេកវិទ្យា និង សេដ្ឋកិច្ចពាណិជ្ជកម្ម ព្រមទាំងយោធាផងដែរ ។ ទាំងនោះហើយ ទើបអាមេរិកប្រើផ្លូវកាត់ដើម្បីទប់ស្កាត់ចិន ដោយមិនខ្វល់ពីការខាតបង់សេដ្ឋកិច្ចពិភពលោកនោះឡើយ ។
នៅពេលនេះ ប្រទេសជុំវិញពិភពលោក មិនចង់ឲ្យមហាអំណាចសេដ្ឋកិច្ចទី១ ទី២ លើកពិភពលោក ផ្ទុះសង្គ្រាមពាណិជ្ជកម្ម នឹងគ្នានោះឡើយ ដោយមិនមែនតែប្រទេសទាំងពីរជាអ្នកខាតបង់នោះឡើយ គឺពិភពលោកទាំងមូល ។
កន្លងមកថ្មីសារព័ត៌មាន Bloomberg បានផ្សាយថា បើទោះបីភាគីណាមួយទទួលបានជ័យជំនៈនៅក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ច លំដាប់ទីមួយ ទីពីរ លើកពិភពលោក អាមេរិក-ចិន គឺសុទ្ធតែមានលទ្ធផលអាក្រក់ដូចគ្នា គឺពិភពលោកទាំងមូលខាតបង់ទឹកប្រាក់ យ៉ាងតិច៦០០ពាន់លានដុល្លារ ។
តាមការផ្សាយរបស់សារព័ត៌មាន Bloomberg ភាពតានតឹងពាណិជ្ជកម្ម រវាងអាមេរិក និងចិន អាចនឹងកើនឡើងខ្លាំងជាងនេះទៅទៀត ។ ប្រសិនបើ ភាគីទំាងពីរបន្តដំឡើងពន្ធដាក់គ្នា បន្ថែមទៀត ។ តាមអ្នកឯកទេសសេដ្ឋកិច្ច របស់ Bloomberg នៅពេលនោះ ពិភពលោកនឹងខាតបង់ទឹកប្រាក់យ៉ាងតិច ៦០០ពាន់លានដុល្លារ នៅឆ្នាំ២០២១ ពេលសង្គ្រាមពាណិជ្ជកម្មបានបង្ហាញពីលទ្ធផលរបស់វា ។
តាមសារព័ត៌មាន Boomberg ដល់ឆ្នាំ២០២១ GDP របស់ចិន និងអាមេរិក នឹងថយចុះ០,៥ភាគរយ ចំណែកGDP ពិភពលោកថយចុះ០,៣ភាគរយ ។
នៅពេលនេះការប្រឈមមុខដាក់គ្នារវាង ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន នៅតែបន្ត ហើយភាគីទាំងពីរនៅតែប្រកាន់គោលជំហររៀងៗខ្លួន មិនព្រមបន្ធូបន្ថយឡើយ ។ នៅពេលនេះសង្គ្រាមពាណិជ្ជកម្ម បានរីកធំឡើងឈានដល់សង្គ្រាមបច្ចេកវិទ្យា ក្រោយប្រធានាធិបតីអាមេរិក ហាមប្រាមក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ មិនតែប៉ុណ្ណោះបានដាក់គំនាបដល់ប្រទេសជាសម្ព័ន្ធមិត្តឲ្យបោះបង់បច្ចេកវិទ្យារបស់ចិនទៀតផង ។
នៅក្នុងវិវាទពាណិជ្ជកម្ម រវាងចិន និងអាមេរិក សិង្ហបុរីបានលើកឡើងថា ចិននិងអាមេរិកអាចសហការបែបប្រកួតប្រជែងគ្នា ដោយបើកជំហរជាជាងការវាយប្រហារគ្នា ។ សារព័ត៌មាន Channel NewsAsia បានផ្សាយថា សិង្ហបុរីសង្ឃឹមថាប្រទេសចិននិងសហរដ្ឋអាមេរិកអាចបង្កើតទំនាក់ទំនងមួយដែលអាចសហការគ្នាលើផ្នែកដែលមានអត្ថប្រយោជន៍ដល់ភាគីទាំងសងខាង ខណៈដែលបន្តការប្រកួតប្រជែងគ្នាដដែល ។
ទាំងនេះត្រូវបានលើកឡើងដោយលោក Heng Swee Keat ដែលជាឧប្បនាយករដ្ឋមន្ត្រីសិង្ហបុរី ។ លោកបានបន្ថែមថា ការតានតឹងឡើងនៃជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរគឺពិតជាគួរឲ្យព្រួយបារម្ភណាស់ ។
លោកបានបន្តថា “ទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកគឺជាទំនាក់ទំនងទ្វេភាគីដែលមានសារៈសំខាន់ជាងគេលើពិភពលោក ។ ការប្រកួតប្រជែងមិនអាចជៀសផុតបានទេព្រោះប្រទេសនីមួយៗព្យាយាមការពារអត្ថប្រយោជន៍របស់ខ្លួន និងបង្កើតជីវិតដែលកាន់តែល្អសម្រាប់ប្រជាជនខ្លួន ។ ”
“ការប្រកួតប្រជែងក៏អាចមានភាពស្ថាបនាដែរប្រសិនបើស្ថិតក្រោមការគ្រប់គ្រងបានល្អព្រោះវាអាចជំរុញដល់ការបង្កើតថ្មី និងការលូតលាស់ ។ ផ្ទុយមកវិញ ការប្រកួតប្រជែងអាចបង្កការខូចខាតប្រសិនបើវាត្រូវបានបង្កឲ្យក្លាយទៅជាជម្លោះ និងការប្រឆាំងគ្នា ។ ”
លោក Heng បានកត់សម្គាល់ពីការផ្លាស់ប្តូរធំៗបីដែលមានដូចជា ការធ្លាក់ចុះនៃការគាំទ្រសកលភាវូបនីយកម្ម និងការងើបឡើងវិញនៃគំនិតការពារនិយមជុំវិញពិភពលោក ការលេចឡើងនៃទស្សនៈដែលគិតថាសកលភាវូបនីយកម្មមិនត្រូវបានចែករំលែកស្មើគ្នា ទំនើបកម្មបច្ចេកវិទ្យាដែលអាចនឹងធ្វើឲ្យប្រជាជនជាច្រើនបាត់បង់ការងារ និងការផ្លាស់ប្តូរផ្នែកប្រជាសាស្ត្រដូចជាកំណើនប្រជាជនដែលមានវ័យចំណាស់ជាដើម ។
លោកបានបន្តថា ការផ្លាស់ប្តូរនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក ហើយឥទ្ធិពលមួយគឺការធ្លាក់ចុះនៃវិសមភាពរវាងប្រទេស ប៉ុន្តែកំណើនវិសមភាពតាមបណ្តាប្រទេសនីមួយៗ ។
ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរទាំងនេះ លោក Heng បានលើកឡើងពីគោលការណ៍អភិបាលកិច្ចចំនួនបីធំៗដែលយោងតាមតម្លៃរួមក្នុងសង្គម ។
លោក Heng បានបន្តថា “ក្នុងប្រទេសសិង្ហបុរី តម្លៃរួមមួយចំនួនរបស់ពួកយើងគឺការប្តេជ្ញាគាំទ្រការបើកទូលាយ ការគាំទ្រភាពចម្រុះនៃវប្បធម៌ ភាពចម្រុះនៃជាតិសាសន៍ ភាពចម្រុះនៃសាសនា និងភាពចុះសម្រុងគ្នា ស្មារតីនៃសិទ្ធិសម្រេចដោយខ្លួនឯង និងភាពរឹងមាំ បូរណភាព ព្រមទាំងការខ្វល់ខ្វាយពីគ្នាទៅវិញទៅមក និងទំទំនួលខុសត្រូវជាដើម” ។ “អ្នកដឹកនាំរបស់ប្រទេសមួយត្រូវតែរស់នៅយោងតាមតម្លៃរួមសង្គម និងលើកតម្កើងវាក្នុងសង្គម” ៕