ព័ត៌មានទាន់ហេតុការណ៍៖

នាយក្រឹម បួសមុខភ្លើងនៅកម្ពុជា កាន់ទុក្ខ មរណភាពម្តាយនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ពិតជាពិបាកនឹងពណ៌នាអំពីអារម្មណ៍សោកស្តាយ និងខ្លោចចិត្តអាណិតតារាកំប្លែង អ៊ូ ប៊ុណ្ណារ៉ាត់ គ្រាដែលតារាកំប្លែងរូបនេះ បានបាត់បង់ម្តាយជាទីស្រឡាញ់ ។ អ្វីដែលក្តុកក្តួលគឺម្តាយតារាកំប្លែងរូបនេះបានទទួលមរណភាពនៅសហរដ្ឋអាមេរិក គ្រាដែលលោកកំពុងនៅកម្ពុជាដែល មើលត្រឹមរូបភាពវីដេអូ Live រូបរាងម្តាយជាលើកចុងក្រោយ ។

កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនានេះ គេទទួលបានដំណឹងថា លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ ក្រឹម មានទុក្ខធំ ដោយសារតែម្ដាយរបស់លោកដែលមានវ័យ ៩៤ ឆ្នាំទៅហើយ បានទទួលមរណភាពនៅសហរដ្ឋអាមេរិក ឯលោកនៅ ស្រុកខ្មែរបានត្រឹមបង្ហូរទឹកភ្នែកជូនដំណើរអ្នកមានគុណទៅលោកខាងមុខ ។ នាយក្រឹម បានត្រឹមមើលរូបភាពវីដេអូ ហើយសម្រក់ទឹកភ្នែក មិនបានឱបសពអ្នកម្តាយជាលើកចុងក្រោយបាននោះទេ ព្រោះតែរស់នៅឆ្ងាយពីគ្នាពេក ។

លោក​យាយ ម្ដាយ​របស់​នាយ ក្រឹម មរណភាព​ដោយ​ជំងឺ​ជរាពាធ កាល​ពី​ថ្ងៃ​ទី០៤ ខែមិថុនាម៉្លេះ ប៉ុន្តែ​ដំណឹង​ទើប​តែ​លេច​លើ​បណ្ដាញ​សង្គមប៉ុណ្ណោះ ។ ទោះជាយ៉ាងណាអ្វីដែលជា ចំណុច​គួរ​ឲ្យ​ក្ដុកក្ដួល គឺ​នាយ​ក្រឹម មិន​អាច​ទៅ​ចូល​រួម​បាន ដើម្បី​ជូនដំណើរ​អ្នក​មាន​គុណ​ជា​លើក​ចុង​ក្រោយ​ឡើយ ។ លោក ហេង ឡុង ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមបានប្ជាក់ថា “​ពិត​ជា​គួរ​ឲ្យ​អាណិត​បង ក្រឹម ណាស់ ម្ដាយ​ស្លាប់​នៅ​អាមេរិក មិន​អាច​ទៅ​ចូល​រួម​បុណ្យ​បាន បាន​ត្រឹម​វីដេអូ ខល​មើល​មុខ​ម្ដាយ​ជា​លើក​ចុង​ក្រោយ ។ លោក​បញ្ជាក់​ថា ក្នុង​ស្ថានភាព​ដែល​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​សម្រាប់​ជា​ជូន​ដំណើរ​ម្ដាយ​នេះ នាយ ក្រឹម បាន​សម្រេច​ចិត្ត​បួស​មុខ​ភ្លើង​នៅ​ ស្រុក​ខ្មែរ ដើម្បី​កាន់ ទុក្ខ​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​លោក ។

គួរបញ្ជាក់ដែរថាលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ ក្រឹម ធ្លាប់​ទៅ​សហរដ្ឋ​អាមេរិក​២​ដង​ប៉ុណ្ណោះ លើក​ទី​១​នៅ​ ឆ្នាំ ១៩៩២ និង​លើក​ទី​២ នៅ​ ឆ្នាំ​២០០៤ ។ ក្រោយ​ពី​នោះ លោក​មិន​ដែល​ទៅ​ឡើយ បើ​ទោះ​លោក​មាន​កូន​បាន និង​កំពុង​រស់​នៅ​ទីនោះ​ក៏​ដោយ៕ វឌ្ឍនា


ចែករំលែក៖