បាត់បង់ការគ្រប់គ្រងរបស់អាកាសយានិក ជាមូលហេតុបណ្តាលឲ្យយន្តហោះ បំបាំងកាយជំនន់ទី៥ F-35 ធ្លាក់នៅមហាសមុទ្រប៉ាស៊ីហ្វិក ។ នៅពេលធ្លាក់យន្តហោះខាងលើ បើកក្នុងល្បឿនដល់ទៅ ១១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
កងទ័ពជើងអាកាសជប៉ុន កាលពីថ្ងៃទី១០ ខែមិថុនា បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ក្រុមហ៊ុន Lockhee Martin Corp បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា នាអំឡុងពេលហ្វឹកហាត់ ជាមួយយន្តហោះចម្បាំង F-35 ចំនួន៣គ្រឿងផ្សេងទៀត នៅជិតមហាសមុទ្រ នាភាគពាយព្យ នៃប្រទេសជប៉ុន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។ អាកាសយានិកអាយុ៤១ឆ្នាំម្នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះ។
កងកម្លាំងស្វ័យការពារជប៉ុន (JASDF) បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានថា ករណីនេះហាក់ដូចជា អាចបណ្ដាលមកពីមូលហេតុ នៃអាកាសយានិកនោះ ទើបធ្វើឲ្យហេតុការណ៍នោះ កើតឡើង។ អាកាសយានិកហាក់ដូចជាមិនដឹងខ្លួន អំពីស្ថានភាពរបស់ខ្លួន នៅមុនអំឡុងពេលហេតុការណ៍មកដល់។ នេះហាក់ដូចជាមិនបណ្តាលមកពីយន្តហោះនោះទេ។
មន្ត្រី JASDF បញ្ជាក់ថា ការធ្លាក់យន្តហោះចម្បាំងនោះ បណ្តាលមកពីកត្តាមនុស្ស។ ប៉ុន្តែខ្លួននៅរកមិនឃើញថា អាកាសយានិកម្នាក់នោះ មានកំហុងឆ្គងអ្វីដែរ។ រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញនៅមិនទាន់រកឃើញប្រអប់ខ្មៅ ផ្ទុកទិន្នន័យ ដើម្បីធ្វើអំណះអំណាងឲ្យច្បាស់លាស់បន្ថែម អំពីមូលហេតុនេះឡើយ។ បំណែកបាក់បែក នៃយន្តហោះ បានរសាត់រាយប៉ាយ នៅលើផ្ទៃសមុទ្រ ក្នុងបរិវេណប្រហែល១៥០០ម៉ែត្រ ជុំវិញកន្លែងដែលយន្តហោះនោះធ្លាក់។
អាកាសយានិកមិនបានបង្ហាញ ឬប្រកាសឲ្យដឹងថា គាត់កំពុងជួបនូវបញ្ហាអ្វីឡើយ ឬក៏ព្យាយាមបញ្ចៀសយន្តហោះពីការធ្លាក់នោះដែរ បើទោះបីឧបករណ៍ព្រមាន បានបន្លឺសំឡេង ព្រមានឲ្យដឹងជាមុនយ៉ាងណាក៏ដោយ ។ JASDF រកមិនឃើញថា អាកាសយានិកបានព្យាយាយលោតចេញពីយន្តហោះនោះដែរ។
សូមបញ្ជាក់ថា យន្តហោះចម្បាំងដែលអាកាសយានិករូបនេះបើកបរហ្វឹកហាត់នោះ មានតម្លៃ១២៦លានដុល្លារអាមេរិក។ យន្ដហោះចម្បាំងដ៏ទំនើបផលិតនៅសហរដ្ឋអាមេរិកនេះ ទើបតែទិញបានជាងមួយឆ្នាំប៉ុណ្ណោះ ហើយហោះហើរបានធ្លាក់ប្រហែល២៨នាទីប៉ុណ្ណោះ បន្ទាប់ពីហោះចេញដំណើរពីមូលដ្ឋានកងទ័ពជើងអាកាស Misawa នៅក្នុងខេត្ត Aomori ប្រទេសជប៉ុន៕