អ្នកឯកទេសស្តីពីកូរ៉េខាងជើង មកពីអាមេរិក លោក Frank Aum បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង នឹងមានហេតុផលសមស្របដើម្បី ជំនួបពិភាក្សាជាមួយអាមេរិក ជាលើកទី៣ ។ មេដឹកនាំគីម ជុងអ៊ុន មានបំណង ចង់ឲ្យអាមេរិក លុបទណ្ឌកម្ម ក្នុងជំនួបលើកទី៣ ដើម្បីជួយឲ្យសេដ្ឋកិច្ចកូរ៉េខាងជើងល្អប្រសើរឡើងវិញ។ ជំនួលើកទី៣ នៅពេលនេះគឺ ៥០/៥០ ។
ក្រុមអ្នកវិភាគបានលើកឡើងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងជួបពិភាក្សាគ្នាជាលើកទី៣ នៅចុងឆ្នាំ២០១៩នេះ ។ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់បានផ្សាយថា នៅក្នុងជំនួបលើកទីមួយ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបុរី និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម មេដឹកនាំទាំងពីរបានខិតខំដើម្បីឈានដល់កិច្ចព្រមព្រៀង រំសាយអាវុធបរមាណូ ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានកាត់បន្ថយភាពតានតឹង តាំងពីឆ្នាំ២០១៧មក ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀង រំសាយអាវុធបរមាណូ និងរួចផុតពីទណ្ឌកម្ម ។ ប៉ុន្តែនៅក្នុងជំនួប នាពេលកន្លងមកថ្មីៗ បរាជ័យបានធ្វើឲ្យអ្នកជំនាញយលឃើញថា ស្ថានភាព ស្វែងរកសន្តិភាពបញ្ចប់កម្មវិធីបរមាណូ កាន់តែពិបាក ។
ប៉ុន្តែលោក Harry Kazianis អគ្គនាយកមជ្ឈមណ្ឌលផលប្រយោជន៍កូរ៉េខាងត្បូង បានប្រកាសថា ជំនួបលើកទី៣ រវាងមេដឹកនាំទាំងពីរ នឹងធ្វើឡើង នៅចុងឆ្នាំ២០១៩នេះ ។ នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បង្ហាញពីក្តីសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង ក្នុងពេលដ៏ខ្លីខាងមុខ ៕