ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋមួយកន្លែង បង្កជាផ្សែងហុយខ្មួលខ្មាញ់ ផ្អើលឆោឡោ ពលរដ្ឋក្បែរខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើងភ្លាមៗ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ក្រុម៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
គ្រោះអគ្គិភ័យមួយចម្អិនកំពឹសខាងលើ កើតឡើង ទោះជាមានបងប្អូនប្រជាពលរដ្ឋក្បែរខាងជួយអន្តរាគមន៍ទាន់ពេលយ៉ាងណាក្តី សមត្ថកិច្ច នៅតែបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ចេញទៅដល់ទីតាំងខាងលើ ពិនិត្យជាក់ស្តែង ជៀសវាងភ្លើងរាលដាលបន្តទៀត ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីសាកសួរ ពិនិត្យជាក់ស្តែង ករណីខាងលើផ្តើមចេញពីទុស្សេឆ្លងចរន្តភ្លើង ទើបបង្កឲ្យផ្សែងហុយខ្មួលខ្មាញ់ តែ ភ្លើងរលត់ទៅវិញ ដោយមានបងប្អូនប្រជាពលរដ្ឋជុំវិញនោះប្រើប្រាស់ទុយយោទឹក ដងទឹក បាញ់ជះ និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ជួយពន្លត់ឲ្យភ្លើងរលត់ទៅវិញ ។ សម្ភារប្រើប្រាស់មួយចំនួនខូចខាត ដាច់ធ្លាក់ពិដាន តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ភ្លើងបានរលត់ទៅវិញ មុនឡានទឹកទៅដល់ ៕ សុខាសែនជ័យ