ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកស្ទើរលោះព្រលឹង ស្មានថា ភេរវកម្មដូចថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១

ចែករំលែក៖

ឧទ្ធម្ភាគចក្រមួយគ្រឿងបានបុកអគារខ្ពស់ ៥៤ជាន់ នៅតំបន់ មជ្ឈមណ្ឌល Manhattan ​ក្នុងទីក្រុងញ៉ូវយ៉កកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៩ ។​ គ្រោះថ្នាក់ខាងលើ បានធ្វើឲ្យពលរដ្ឋនៅទីក្រុងញ៉ូវយ៉ក​បារម្ភយ៉ាងខ្លាំង ខ្លាចរងការវាយប្រហារ ភេរវកម្ម បើកយន្តហោះបុកអគារដូច​កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០០១ នៅទីក្រុមញ៉ូវយ៉កនេះដែរ ​។

អភិបាលរដ្ឋ​ New York ​លោក​ Andrew Coumo ​បានឲ្យដឹងថា ឧទ្ធម្ភាគចក្រជួបបញ្ហា ទើបព្យាយាមចុះចតនៅលើដំបូលអគារកម្ពស់ ៥៤ជាន់ ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង និងផ្សែងអ័ព្ទ មើលមិនឃើញ។

សារព័ត៌មាន​ AP ​បានផ្សាយថា ឧទ្ធម្ភាគចក្រ បានបុកទៅនឹង ដំបូលអគារនៅ មជ្ឈមណ្ឌល Manhattan ​ក្នុងមហាវិថី លេខ​៧ ក្នុងទីក្រុងញ៉ូវយ៉ក​ កាលពីរសៀលថ្ងៃទី​១០ ខែមិថុនា​។ ក្រុមពន្លត់អគ្គិភ័យ បានបញ្ជាក់ថា អាកាសយានិកបានស្លាប់នៅក្នុងហេតុការណ៍ខាងលើ ។

សារព័ត៌មាន​ CBS New York ​បានផ្សាយថា ដោយសារតែ ឧទ្ធម្ភាគចក្រ បុកលើដំបូលអគារទើបមិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរងរបួសច្រើន ក្រៅពីអាកាសយានិកឡើយ ។ ​ឧទ្ធម្ភាគចក្របានឆាប់ឆេះ​បង្កឲ្យមានផ្សែងខ្មៅ គ្របដណ្តប់ដំបូលអគារ​ ។

នាយករដ្ឋានអាកាសចរណ៍ស៊ីវិល អាមេរិក FAA ​បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់ជាប្រភេទ​ Agusta A109E ។ នៅក្នុងសេចក្តីប្រកាស ជាផ្លូវការ FAA បានបញ្ជាក់ថា គណៈកម្មការសុវត្ថិភាពចរាចរណ៍ដែនអាកាស នឹងបើកការស្រាវ​ជ្រាវករណី គ្រោះថ្នាក់ខាងលើ​។ សកម្មភាពខាងលើ គឺជាគ្រោះថ្នាក់ មិនមែនភេរវកម្មនោះឡើយ​៕


ចែករំលែក៖