ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធ២នាក់ ទៅបើកលុយពីធនាគារ ABA ថ្លៃលក់ដី ស្រាប់តែបាត់ខ្លួនជិត១០ថ្ងៃមិនដឹងទៅណា

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីវេបសាយអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ​​៩កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៩នេះថា មានប្តីប្រពន្ធ២នាក់ បានបាត់ខ្លួនអស់រយះពេលជិត១០ថ្ងៃមកហើយមិនដឹងថាស្លាប់ឬរស់នោះទេ ខណៈដែលជនរងគ្រោះទាំង២នាក់ បានប្រាប់ក្រុមគ្រួសារថា ទៅដកលុយថ្លៃលក់ដីពីគណនីនៅធនាគារ ABA រួចមកក៏បាត់ដំណឹងសូន្យឈឹង មិនអាចទំនាក់ទំនងបានដោយគ្មានមូលហេតុ ចាប់តាំងពីពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៩មកម្លេះ ។

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាល បានឲ្យដឹងថា ប្តីប្រពន្ធមួយគូ ដែលបាត់ខ្លួននេះ មានឈ្មោះ ហ៊ិន ភានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជាប្តីប្រឡងជាប់ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ អង្គភាពនាយកដ្ឋានសរុបផែនការ មានទីលំនៅផ្ទះលេខ ១១៧ E3Z ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ និងស្ត្រីជាប្រពន្ធឈ្មោះ លី ចន្ធូ អាយុ២៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ។

បើយោងតាមប្រភពព័ត៍មានពីក្រុមគ្រួសារ បានដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចថា មុនពេលកើតហេតុគឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានប្រាប់ថា ពួកគេទៅដកលុយនៅធនាគារ ABA សាខាទួលគោក ដោយលុយនោះគឺគេវេចូលកុង(ធនាគារ)ថ្លៃលក់ដី ។ ពេលនោះក្រុមគ្រួសារនៅទាក់ទងគ្នា តាមទូរស័ព្ទបានធម្មតារហូតដល់ម៉ោង២រសៀល ក៏ទាក់ទងតាមទូរស័ព្ទលែងបានតែម្តង ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះបានបាត់ពីផ្ទះចាប់តាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៩នេះគឺគ្មានដំណឹងថា ពួកគេ( ប្តីប្រពន្ធដែលបាត់ខ្លួន ) ទាំងពីរនាក់នេះទៅណានោះទេ ហើយទូរស័ព្ទក៏មិនអាចទាក់ទងបាន ដូច្នេះក៏ប្ដឹងសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ស្វែងរកផងដែរ ៕ស តារា


ចែករំលែក៖