ខេត្តពោធិ៍សាត់៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែងបានបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត ។ ប៉ុន្តែគេចម្លែកត្រង់ថា ការបង្ក្រាបនេះ គ្មានឃើញវត្តមានរបស់ក្រុមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅផ្នែកវាលវែងនោះឡើយ ។
ប្រភពរាយការណ៍ថា ការបង្ក្រាបរបស់កម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែងខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥៥ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
គួរបញ្ជាក់ថា នៅត្រង់ចំណុចដែលបង្ក្រាបឡានដឹកឈើខាងលើនេះ ស្ថិតមុខផ្នែករដ្ឋបាលព្រៃឈើវាលវែងនោះ គេតែងតែឃើញមន្ត្រីរដ្ឋបាលព្រៃឈើចងអង្រឹង ដេកយោលតែកតោកៗ មិនដឹងថា ដេករង់ចាំអ្វីនោះទេ ប៉ុន្តែដល់ពេលកម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែងចុះបង្ក្រាបករណីឡានដឹកឈើកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា បែរជាមិនឃើញវត្តមានមន្ត្រីនៅទីនោះចូលរួមទៅវិញ ៕ ប៉ឹមពិន