លោកស្រី Lee Hee-ho ជាស្ត្រីដំបូងគេដែលបានទស្សនកិច្ចទៅកាន់កូរ៉េខាងជើងជាមួយស្វាមី លោកស្រី គឺប្រធានាធិបតី Kim Dae Jung នៅពេលនេះ បានទទួលមរណភាពកាលពីថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០១៩ ក្នុងអាយុ៩៧ឆ្នាំ ។
នៅពេលនេះ មានការរំពឹងទុកថា កូរ៉េខាងជើង អាចបញ្ជូនគណៈប្រតិភូមួយក្រុម ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រី Lee បើទោះបីទំនាក់ទំនងការទូតរវាងកូរ៉េទាំងពីរ បានជាប់គាំង តាំងពីកិច្ចប្រជុំកំពូល រវាងមេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន គឺលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានបរាជ័យ ដោយសារខ្វែងគំនិតគ្នា លើការដោះដូរ ទណ្ឌកម្ម និងការរំសាយអាវុធនុយក្លេអ៊ែរ ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានថ្លែងថា ប្រទេសកូរ៉េខាងត្បូងបានបាត់បង់ «មនុស្សដ៏អស្ចារ្យ»ម្នាក់ ដែលបានលះបង់ជីវិតរបស់ខ្លួនដើម្បី សិទ្ធិស្ត្រី និងលទ្ធិប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង ។
លោកស្រី Lee Hee-ho កើតនៅទីក្រុងសេអ៊ូល ឆ្នាំ១៩២១ ។ លោកស្រីបានបញ្ចប់ការសិក្សានៅកូរ៉េខាងត្បូង ហើយបន្តការសិក្សានៅសហរដ្ឋអាមេរិក ។ លោកស្រី Lee បានចាប់ផ្តើមធ្វើយុទ្ធនាការយ៉ាងសកម្មដើម្បីសិទិ្ធស្ត្រី នៅទសវត្សរ៍ឆ្នាំ១៩៥០ ដោយបានបង្កើតក្រុមសកម្មជន, ក្រុមស្រាវជ្រាវ ព្រមទាំងបម្រើតួនាទីជាន់ខ្ពស់ នៅសមាគមគ្រឹស្ទបរិស័ទស្ត្រីវ័យក្មេងពិភពលោក (YWCA) របស់កូរ៉េខាងត្បូងផងដែរ។
លោកស្រីបានរៀបការ ជាមួយលោក Kim Dae-jung នៅឆ្នាំ១៩៦២ ដែលនៅជាអ្នកនយោបាយប្រឆាំង ។ លោក Kim Dae-jung ដែលបានទទួលមរណភាពក្នុងឆ្នាំ២០០៩ បានរួចផុតពីការកាត់ទោសប្រហារជីវិត និងការប៉ុនប៉ងធ្វើឃាតដោយពួកផ្តាច់ការ មុនពេលទទួលបានតំណែងជាប្រធានាធិបតីក្នុងឆ្នាំ១៩៩៧ ។
លោក Kim Dae-jung បានឈ្នះពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០០ ដោយសារសកម្មភាពតស៊ូមតិ និងការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការរៀបចំគោលនយោបាយទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង។ ច្រើនខែក្រោយមក លោកKim Dae-jung បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល នៅទីក្រុងព្យុងយ៉ាង ដែលជាកិច្ចប្រជុំកំពូលលើកដំបូងបំផុត រវាងកូរ៉េទាំងពីរ ក្រោយសង្គ្រាមឆ្នាំ១៩៥០-១៩៥៣ ។
ប្រទេសកូរ៉េខាងជើង បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ទៅកាន់កូរ៉េខាងត្បូង ពេលដែលលោក Kim Dae-jungបានទទួលមរណភាព ក្នុងឆ្នាំ២០០៩ ៕