ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តមិនប្រយ័ត្ន បុកម៉ូតូកង់៣ ពីក្រោយ រងរបួសប្ដីប្រពន្ធ២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់រវាងរថយន្តល្បឿនលឿនទៅបុកម៉ូតូកង់៣ពីក្រោយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣និង១០នាទីទៀបភ្លឺ នៅលើផ្លូវលំ (ផ្លូវចូលវត្តតាឡុក) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតថា ជនរងគ្រោះ ឈ្មោះ ឈុន ប៊ុនថា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរត់ម៉ូតូកង់៣ និងប្រពន្ធមានឈ្មោះ សុក លៀង អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចិន មានទីលំនៅភូមិខ្វៀន ឃុំគោកចក ស្រុកសៀមរាម ខេត្តសៀមរាប។

ចំណែកអ្នកបើករថយន្តបង្កហេតុដែលត្រូវឃាត់ខ្លួន ឈ្មោះស៊ូ កានលីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា មុនកើតហេតុ គេឃើញបុរសអ្នករត់ម៉ូតូកង់៣ បានឌុបប្រពន្ធនៅខាងក្រោយ ក្នុងទិសដៅពីត្បូងទៅជើង នៅលើផ្លូវលំ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AU-3560 ក្នុងទិសដៅស្របគ្នា ប្រើប្រាស់ល្បឿនលឿន បុកម៉ូតូកង់៣ ម៉ាកហុងដា វ៉េវ អត់ពាក់ស្លាកលេខ ពណ៌ក្រហម តែម្ដង ។

បច្ចុប្បន្នអ្នករងគ្រោះប្ដីប្រពន្ធទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ សមត្ថកិច្ចក៏បានអូសយកវត្ថុតាងទាំង២គ្រឿង មករក្សាទុកនៅអធិការនគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕ យឹម សុថាន


ចែករំលែក៖