ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​៥នាក់នៅចិន​ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់​

ចែករំលែក៖

សារព័ត៌មានចិនបានផ្សាយនៅថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ថា​ សម្ពាធទាបសីតុណ្ហភាពបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ជន់លិចតំបន់ជាច្រើន​នៅភាគខាងត្បូង ប្រទេសចិន បង្កផលលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។​ ពលរដ្ឋរាប់ពាន់នាក់ត្រូវ កាត់ផ្តាច់ដោយសារតែទឹកជំនន់ជនលិច ផ្លូវ និងសម្លាប់មនុស្ស​៥នាក់ ។

មន្ត្រីគ្រប់គ្រងគ្រោះអាសន្នក្នុងតំបន់​បាន ព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនេះអាចបន្តអូសបន្លាយពេលរហូតដល់៤ថ្ងៃបន្ថែមទៀត ។ ជំនន់ទឹកភ្លៀងនេះ បានគ្របដណ្តប់ផ្ទៃដីដំណាំដាំដុះប្រហែល ១០,៨០០ ហិកតា ។

នៅក្នុងខេត្ត Jiangxi មកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លំនៅឋានប្រជាជនរាប់រយខ្នងបានត្រូវទឹកជំនន់ជន់លិច ។ មនុស្សប្រហែល១.៤លាននាក់រងផងប៉ះពាល់ ។ ការប៉ះពាល់សេដ្ឋកិច្ចដោយផ្ទាល់ មានប្រហែល ២.៦៥ពាន់លានយ៉ន (ប្រហែល៣៨២លានដុល្លារអាមេរិក)ផងដែរ ។

សារព័ត៌មានចិន China Daily បានផ្សាយថា នៅតំបន់ Guangxi ភាគនិរតីនោះ លំនៅឋានប្រជាជនប្រហែល ២០,០០០ ខ្នងពុំមានអគ្គិសនីប្រើប្រាស់ ខណៈដែលផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធត្រូវកាត់ផ្តាច់ ខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ភ្លៀងធ្លាក់នៅតំបន់ Jiangxi បានកើនកម្ពស់ទឹកប្រហែល៦៨៨មីល្លីលីត្រ ។ រដ្ឋបាលឧតុនិយមចិនបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងដោយផ្នែកខ្លះនៅ Jiangxi និង Hunan មានកំណើនខ្លាំងនៅក្នុងខែមិថុនា ឆ្នាំ២០១៩នេះ ។

ការិយាល័យឧតុនិយមក៏បានបញ្ជាក់ថា ព្យុះភ្លៀងនេះនឹងធ្លាក់រាលដាលទៅដល់តំបន់ Guangdong, Fujian, Jiangxi, Yunnan, Sichuan និងរហូតដល់តៃវ៉ាន់ផងដែរ នៅថ្ងៃទី១២ ទី១៣ ខែមិថុនា ខាងមុខនេះ ។ អ្នកស្រុករស់នៅតាមដងទន្លេ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នេះ ៕


ចែករំលែក៖