ការដាក់គំនាបឲ្យចិន រាល់កិច្ចពិភាក្សា ១១លើកកន្លងមក ក្នុងវិស័យពាណិជ្ជកម្ម ដោយអាមេរិក តែងតែចង់បានគោលនយោបាយសេដ្ឋកិច្ច មានប្រៀបលើគេទាំងអស់ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលនេះ ចិនឈប់ ខ្វល់ និងឈប់ពិភាក្សាជាមួយអាមេរិក បើទោះបីលោកត្រាំ ដំឡើងពន្ធ ជាង ៣០០ភាគរយ ឬ ៥០០ភាគរយក្តី ក៏មិនឈឺក្បាលថ្នាក់ដឹកនាំចិនដែរ ។
នៅពេលដែលចិនហ្មឹងម៉ាត់ ស៊ីសងទៅវិញទៅមក មិនខ្វល់ ដោយមិនមែនតែចិន ដែលរងការខាតបង់តែម្នាក់ឯងនោះឡើយ អាមេរិក ក៏ខាតបង់ដូចគ្នា ។ មួយវិញទៀត ក្រៅពីអាមេរិក ចិន នៅមានទីផ្សារ សេដ្ឋកិច្ចពាណិជ្ជកម្ម នៅបណ្តាប្រទេសជុំវិញពិភពលោក ។
កន្លងមក ទីក្រុងវ៉ាស៊ីនតោន បានសម្រេច ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យា របស់ចិន Huawei ។ ប៉ុន្តែក្រុមហ៊ុននេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង បង្កើនបណ្តាញសេវាជំនាន់ទី៥ 5G ដល់ទៅជិត ៥០ កិច្ចព្រមព្រៀងជាមួយប្រទេសជាង៣០ ជុំវិញពិភពលោក ។ ចំណុចទាំងនោះបានបង្ហាញឲ្យឃើញថា ចិន មិនខ្វល់ពីសកម្មភាពរបស់អាមេរិក ធ្វើមកលើខ្លួនឡើយ ។
ដោយមេដឹកនាំចិនមិនទៅចូលរួមកិច្ចប្រជុំ G-20 លោកត្រាំព្រមានដំឡើងពន្ធ ប្រសិនបើប្រធានាធិបតីចិនមិនទៅចូលនោះ ។ កាលពីថ្ងៃទី ១០ ខែមិថុនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា នឹងដំឡើងពន្ធ បន្ថែមលើទំនិញនាំចូលពីប្រទេសចិន ប្រសិនបើ ប្រធានាធិបតីចិន លោកស៊ី ជីងពីន មិនទៅចូលរួម កិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចំរើនទាំង២០ នៅប្រទេសជប៉ុននោះ ។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា អាមេរិក បារម្ភខ្លាចមេដឹកនាំចិនមិនទៅចូលរួម កិច្ចប្រជុំ G-20 ដែល គឺជាការខាតបង់យ៉ាងខ្លាំងរបស់ អាមេរិក ។ កន្លងមក ចិនបានប្តេជ្ញា មិនបន្ធូរបន្ថយអាមេរិកឡើយ គឺសុខចិត្តប្រឈមមុខដាក់គ្មា ក្នុងល្បែងពាណិជ្ជកម្មមួយនេះ ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា នឹងមានកិច្ចព្រមព្រៀង ហើយចិនត្រូវការកិច្ចព្រមព្រៀងជាងអាមេរិក ។ លោក ត្រាំ ព្រមានថា នឹងដំឡើងពន្ធបន្ថែមមានទឹកប្រាក់៣០០ពាន់លានដុល្លារ ប្រសិនបើ ប្រធានាធិបតី ស៊ី ជីងពីន មិនទៅចូលរួម កិច្ចប្រជុំ G-20 នៅជប៉ុន ។ លោកត្រាំ មានបំណងជួប ប្រធានាធិបតីចិន ស៊ី ជីងពីន នៅទីនោះ ។ ប៉ុន្តែ ប្រធានាធិបតីចិនមិនបានឡើងគម្រោងជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ ។ ចំណុចទាំងនោះហើយ បានជា អាមេរិកព្រមានថា បើប្រធានាធិបតីចិន មិនទៅចូលរួម កិច្ចប្រជុំ G-20 នៅទីក្រុងOsakaជ ប៉ុន នាថ្ងៃទី២៨-២៩ខែមិថុនានោះ អាមេរិក នឹងដំឡើងពន្ធលើទំនិញនាំចូល៣០០ពាន់លានដុល្លារ ។
សង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន ឈានដល់ដំណាក់កាលតានតឹងបំផុត ដោយចិនមិនបានបន្ធូរបន្ថយ ទៅលើការដំឡើងពន្ធរបស់អាមេរិកនោះឡើយ មិនតែប៉ុណ្ណោះ ចិនក៏បានតប់តវិញ យ៉ាងខ្លាំងបំផុត ។ ការតប់តរបស់ចិន នឹងធ្វើឲ្យអាមេរិកត្រូវខាតបង់ជាច្រើន ។ ចំណុចទាំងនោះហើយ ទើបអាមេរិក ព្រមានដំឡើងពន្ធ ៣០០ពាន់លានដុល្លារ បើចិនមិនទៅចូលរួមកិច្ចប្រជុំ G-20 ។
ពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ពាណិជ្ជកម្ម នៃបណ្ដាប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង G20 បាននិយាយថា ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងទីតាំងភូមិសាស្ត្រនយោបាយបានរីកកាន់តែធំ ប៉ុន្តែពុំបានបង្ហាញវិធានការចាំចាច់ ក្នុងការដោះស្រាយ នៅក្នុងពង្រាងសេចក្ដីថ្លែងការណ៍ចុងក្រោយមួយ ដែលនិយាយថា កំណើនសកលទំនងជាកើនឡើង ។
បន្ទាប់ពីការចរចាដ៏តានតឹង ដែលស្ទើរតែមិនបានចេញសេចក្ដីថ្លែងការណ៍រួមនោះ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល បានជួបប្រជុំគ្នានៅទីក្រុងFukuoka ប្រទេសជប៉ុនភាគខាងត្បូង បានបញ្ជាក់ពីភាសា ស្ដីពីពាណិជ្ជកម្មដែលបានចេញផ្សាយនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនកាលពីខែធ្នូ ឆ្នាំមុន ។ សេចក្ដីពង្រាងចុងក្រោយ ដែលសារព័ត៌មាន Reuters ទទួលបានបាននិយាយថា កំណើនសេដ្ឋកិច្ចសកលទំនងជានឹងមានស្ថិរភាព និងត្រូវបានប៉ាន់ប្រមាណជាទូទៅថា នឹងកើនឡើងនៅចុងឆ្នាំនេះ និងរហូតដល់ឆ្នាំ២០២៩ ។ ជំនួបកំពូល G20 នៅទីក្រុង Buenos Aires កាលពីខែធ្នូ ឆ្នាំ២០១៨ បាននាំទៅរកការផ្អាកដំឡើងពន្ធរយៈពេល ៥ខែរវាងអាមេរិក និងប្រទេសចិន ដើម្បីទុកពេលចរចាឈានទៅបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងរីកកាន់តែធំរបស់ប្រទេសទាំង២ ។
ពាក់ព័ន្ធនិងគោលនយោបាយ “America first” របស់រដ្ឋបាលលោក ត្រាំ សារព័ត៌មានកូរ៉េខាងជើង បានអះអាងថា អាមេរិកកំពុងព្យាយាមបិទទ្វារកំណើនសេដ្ឋកិច្ចរបស់ចិន តាមរយៈជម្លោះពាណិជ្ជកម្មដែលកំពុងតែកើនឡើង ។
កាសែត Rodong របស់គណបក្សពលករកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកត្រូវបានអនុវត្តន៍ក្នុងគោលនយោបាយ ដែលមិនចំណេញតាមពេលវេលា-ប្រែប្រួល ក្នុងបទវិចារណកថាដ៏កម្រមួយ ដែលបានផ្ដល់ដំណឹងដល់ពលរដ្ឋកូរ៉េខាងជើង អំពីកិច្ចការអន្តរជាតិ ។ សារព័ត៌មានគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង កម្រលើកឡើងពីព្រឹត្តិការណ៍ពិភពលោកណាស់ ប៉ុន្តែបទវិចារណកថាដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យក៏បានលើកយកបញ្ហា នៃពហិការរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនផងដែរ៕