ក្រុមឧទ្ទាមលាក់ខ្លួននៅតំបន់ហ្គាស្សា តែងតែបើកការវាយប្រហារដោយរ៉ុក្កែតទៅលើទីតាំងនានា ក្នុងទឹកដីអ៊ីស្រាអែល ហើយកម្លាំងទាហានអាកាសអ៊ីស្រាអែល ក៏បានវាយបកទៅលើ ទីតាំងនានានៅហ្គាស្សា តាមយន្តហោះចម្បាំង ។
យោងទៅតាមសេចក្តីរាយការណ៍មួយ បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារតាមដែនអាកាស ទៅលើគោលដៅ នាភាគខាងត្បូងតំបន់ខ្ពង់រាបហ្គាស្សា ស្ព្រីព (Gaza Strip) និងនៅតំបន់ Al Zaytoun ជិតជ្រោយហ្គាស្សា។
ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានអះអាងថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អ៊ីស្រាអែល (Iron Dome) បានបាញ់ទម្លាក់កាំជ្រួចមីស៊ីលមួយដើម ក្រោយពីស៊ីរ៉ែនវាយឆ្មក់តាមដែនអាកាសបានលាន់ឮយ៉ាងកងរំពង នៅភាគខាងត្បូងប្រទេសរបស់ខ្លួន។ ការវាយប្រហារចូលទឹកដីអ៊ីស្រាអែលនេះ បានចេញមកពីតំបន់ Nirim នាភាគខាងកើតហ្គាស្សា ស្រ្ពីព។ ទោះជាយ៉ាងណា នៅក្នុងការវាយប្រហារខាងលើនេះ មិនមានការខូចខាត ឬបង្កឲ្យមានមនុស្សរងគ្រោះនោះឡើយ។
ការវាយប្រហារ ដោយកាំជ្រួចមីស៊ីលនេះ បានកើតឡើង ក្រោយការប្រកាសថ្មីៗនេះ ដែលថា ទីក្រុងតែលអាវីវ (Tel Aviv) នឹងបិទផ្លូវច្រកសមុទ្រទៅកាន់ជ្រោយហ្គាស្សានោះទាំងស្រុង ក្រោយពីការស្ទាក់ចាប់បាន ទូក២គ្រឿង ដែលទៅកាន់អេហ្ស៊ីបពីតំបន់ ហ្គាស្សាស្ព្រីព កាលពីសប្តាហ៍មុន។ កងកម្លាំងការពារអ៊ីស្រាអែល បានអះអាងថា ទូកទាំង២គ្រឿងនេះ មានការពាក់ព័ន្ធនឹងការរត់ពន្ធគ្រាប់រ៉ុក្កែតទៅកាន់តំបន់ដែលគ្រប់គ្រងដោយខ្លួនឯងនោះ៕