ផលប៉ះពាល់ស្តីពីពាណិជ្ជកម្ម បានលេចឡើងនៅក្នុងជួរ អ្នករកស៊ី នៅអាមេរិក ដោយមានក្រុមហ៊ុនអាមេរិក ជាច្រើនរងផលប៉ះពាល់ ដោយសារតែ ការដំឡើងពន្ធលើទំនិញ នាំចូលពីចិន ។
ការដំឡើងពន្ធ របស់អាមេរិក ប៉ះពាល់ដល់ពលរដ្ឋអាមេរិកច្រើនជាងពលរដ្ឋចិន ។ នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង មិនមានគោលបំណងចង់ពិភាក្សា លើវិស័យពាណិជ្ជកម្មជាមួយអាមេរិកទៀតឡើយ ដោយសារអាមេរិកមិនព្រមកែប្រែនូវគោលជំហររបស់ខ្លួន ក្នុងការដាក់គំនាបទៅលើវិស័យពាណិជ្ជកម្មរបស់ប្រទេសចិន ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏មិនខ្វល់ថា អាមេរិកដំឡើងពន្ធច្រើនប៉ុនណានោះឡើយ ហើយចិននឹងតប់តវិញឲ្យសមស្របបំផុត ។
អ្វីដែលចិនត្រូវធ្វើ នាពេលនេះ គឺឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់អាមេរិក ហើយចិនត្រូវដំឡើងពន្ធលើទំនិញ នាំចូលពីអាមេរិកដូចគ្នា ។ រហូតមកដល់ពេលបច្ចុប្បន្ន ពលរដ្ឋអាមេរិកជាង ២លាននាក់ បានបាត់បង់ការងារធ្វើ ហើយប្រាក់ចំណាយជាមធ្យមរបស់គ្រួសារនីមួយៗ បានកើនឡើង ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Wal-Mart, ក្រុមហ៊ុន Target និង ក្រុមហ៊ុន Macy ហើយរាប់រយក្រុមហ៊ុនទៀត បានរួមគ្នាដាក់សំណើទៅជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយអំពាវនាវឲ្យបញ្ឈប់ដំឡើងពន្ធលើមុខទំនិញ នាំចូលពីប្រទេសចិន ។ ក្រៅពីនេះ ក្រុមហ៊ុនល្បីៗទាំងអស់នោះ បានជំរុញឲ្យរដ្ឋាភិបាលចិន ចូលរួមពិភាក្សាគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដ៏ស្របស្រប ។
សារព័ត៌មាន Bloomberg បានផ្សាយថា មានក្រុមហ៊ុនជាង៥០០ និង ក្រុមអ្នកផលិត និងលក់រាយ ជាង១៤០ បានសម្រេចចុះហត្ថលេខារួមគ្នា នៅលើលិខិតផ្ញើទៅជូនលោកប្រធានាធិបតីដូណាល់ ត្រាំ ។ នៅពេលនេះ បណ្តាក្រុមហ៊ុន សហគ្រាស អ្នកផលិត និងលក់រាយអាមេរិក ត្រូវប្រឈមនឹងបញ្ហាយ៉ាងខ្លាំង ដោយសារតែសង្គ្រាមពាណិជ្ជកម្ម ដែលផ្តើមឡើង ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
នៅក្នុងលិខិតបានសរសេរថា «យើងបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មកើនឡើង ហើយវាជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាក្រុមហ៊ុន កសិករ និងគ្រួសារអាមេរិក ជាពិសេស គឺសេដ្ឋកិច្ចអាមេរិក ទាំងមូល៕