ព័ត៌មានទាន់ហេតុការណ៍៖

ដីមានទំនាស់ភាគីម្ខាងទៀតយកទាហានខាងបញ្ជាការដ្ឋានរថក្រោះមកកាងការពារបំបាក់ស្មារតីគូទំនាស់តែអាជ្ញាធរនិងសមត្ថកិច្ចចុះហាមឃាត់ ពួកគេមិនស្តាប់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមទាហានប្រមាណជាជាង១០នាក់ ក្នុងឯកសណ្ឋានជាយោធា(ខោប៉ារ៉ា លាយស៊ីវិល និងជាឯកសណ្ឋានជាអង្គរក្ស) ជាមួយកាំភ្លើងខ្លី និង ID ដ៏ប្រសេចប្រសាច មកប្រមូលផ្ដុំគ្នានៅលើទីតាំងដីមានទំនាស់ក្នុងគោលបំណងការពារឲ្យភាគីលោកស្រីម៉េង លាងឆេង ដើម្បីបន្តសាងសង់សំណង់គ្មានច្បាប់និងគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរ តាមរូបភាពអង្គុយផឹកស្រាបៀរជុំគ្នា។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ ភាគីលោកស្រីម៉េង លាងឆេង ដែលជាម្ចាស់(អចលនវត្ថុថ្មី ) បានហៅទាហានប្រមាណជាង១០នាក់ និងរថយន្ត៤គ្រឿង មកកាន់ទីតាំងដីរបស់គាត់ ឈរបញ្ជារថយន្តដឹកថ្ម ដឹកខ្សាច់ និងជាងសំណង់ ដើម្បីឲ្យសង់លើដីដែលមានទំនាស់នេះ ប៉ុន្តែភាគីម្ខាងទៀតបានប្រតិកម្ម ប្ដឹងទៅអាជ្ញាធរភូមិ-សង្កាត់ -ខណ្ឌ ដើម្បីជួយអន្តរាគមន៍បញ្ឈប់សកម្មភាព។ ក្នុងនោះដែរ ភាគីចង់សាងសង់នោះជាមួយនឹងក្រុមទាហាន មនខ្លាចមានបញ្ហាអ្វីកើតឡើងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ទើបពួកគេមិនបញ្ឈប់សកម្ម ភាព នឹងនាំគ្នាចូលទៅក្នុងផ្ទះផឹកសុី សម្ញែងកាំភ្លើងខ្លី និងសម្ញែងID បញ្ជាអោយជាងបន្តរៀបឥដ្ឋក្នុងដីមានទំនាស់ដដែល។
ម្ចាស់រថយន្តម៉ាកបាឡែនពណ៍ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Q-5194 ក្នុងសំលៀកបំពាក់ខោប៉ារ៉ា អាវសុីវិល បានចូលក្នុងរថយន្តទាញកាំភ្លើងខ្លីដាក់សម្ញែងនៅចង្កេះ ដើម្បីអោយឡានដឹកខ្សាច់ ថ្ម សុីម៉ងដ៏ចូល ដាក់លើដីមានទំទាស់ និងចេញមុខបញ្ជាអោយជាងធ្វើសំណង់រៀបឥដ្ឋ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ភាគីម្ខាងទៀត មានឈ្មោះង៉ែត ជឿន និងភរិយាឈ្មោះ ទេស សុភា ព្រមទាំងម្ដាយឈ្មោះញ៉ែម មី ដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីជួយអន្តរាគមន៍ ទប់ស្កាត់ការសង់ រំលាយផ្ទះគ្មានលិខិតអនុញ្ញាត ឬបទដ្ឋានបច្ចេកទេស និងការកំណត់ព្រំដីឲ្យបានត្រឹមត្រូវច្បាស់លាស់ និងសមស្របឡើយ ។ ក្នុងនោះភាគីខាងលើក៏បានប្ដឹងទៅអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីដោះស្រាយបញ្ចប់វិវាទ ប៉ុន្តែភាគីលោកស្រី ម៉េងលាងឆេង នៅតែបន្តសកម្មភាពលួចសាងសង់សំណង់ក្នុងដីដែលកំពុងមានទំនាស់គ្នាជាបន្តបន្ទាប់ ក្នុងនោះក៏មានការសម្របសម្រួលពីអាជ្ញាធរខណ្ឌ និងក្រុងផងដែរ។
ភាគីលោកង៉ែត ជឿន និងប្រពន្ធឈ្មោះ ទេស សុភា និងម្តាយឈ្មោះញ៉ែម មី បានបញ្ជាក់នៅក្នុងលិខិតសុំអន្តរាគមន៍ទៅចៅហ្វាយក្រុងដូច្នេះថា ៖ ផ្ទះនិងដីដែលជាអចលនវត្ថុដែលបានផ្ទេរសិទ្ធិកាន់កាប់ខាងលើនេះដំបូងឡើយស្ថិតនៅជាអចលនវត្ថុតែមួយរួមគ្នានិងបានបែងចែកជាចំណែកៗតាមរូបភាពផ្ទេរជាអំណោយផ្ដាច់ពីពុកម្ដាយ។ ករណីនេះ វត្ថុដែលបានផ្ទេរសិទ្ធិកាន់កាប់ខាងលើជាក់ស្តែងបានសាងសង់លើទំហំកម្មសិទ្ធិរបស់ខ្លួន។
នៅកំឡុងខែតុលា ឆ្នាំ២០១៨ មានជម្លោះព្រំដីកើតឡើង រវាងពួកគាត់ នឹងម្ចាស់អចលនវត្ថុដែលបានកាន់កាប់អាស្រ័យផលម្ចាស់ដើមខាងលើ រហូតមានកិច្ចព្រមព្រៀងគ្នាមួយបានដឹងឮពីចៅសង្កាត់ដោយកំណត់លក្ខខណ្ឌត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ (មានលិខិតភ្ជាប់ជូន) ។ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានលិខិតអញ្ជើញឲ្យចូលរួមដោះស្រាយបញ្ហាដីជញ្ជាំងផ្ទះរបស់សាលាសង្កាត់ចោមចៅទី២ ដែលដល់វេលាកំណត់មិនមានភាគីម្ខាងទៀតចូលរួមទេ។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ពួកគាត់បានចូលរួមដោះ ស្រាយនៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីពិភាក្សាករណីផ្ទះដែលសង់លើសតាមលិខិតអញ្ជើញរបស់សាលាខណ្ឌនិងមានវត្តមានលោកប្រធានភូមិ ហង្ស សំអឿន ជាតំណាងឲ្យភាគីម្ខាងទៀតនិងបានបង្ហាញលិខិតផ្ទេរ សិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនបានចុះបញ្ជី ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដែលបានផ្ទេរកម្មសិទ្ធិឲ្យទៅអ្នកកាន់កាប់ថ្មីនិងបានសំណូមពរដីផ្ទះដែលសង់លើសចេញខាងក្រុមគ្រួសារ ពួកគាត់មិនបានឯកភាពលើចំណុចនេះទេ។ នៅថ្ងៃទី៤ ខែមិនាឆ្នាំ២០១៩ ក៏ចូលរួមដោះស្រាយនៅសាលាខណ្ឌពោធិ៍សែនជ័យម្ដងទៀត ដើម្បីពិភាក្សាដោះស្រាយករណីលោកស្រី លាង ម៉េងឆេង (ម្ចាស់អចនវត្ថុថ្មី) សុំអន្តរាគមន៍ រំលាយផ្ទះដែលសង់លើសចំនួន ០.៣៨ម៉ែត្រ តាមខ្លឹមសារលិខិតអញ្ជើញរបស់សាលាខណ្ឌ និងមានវត្តមាន លោកប្រធានៅភូមិ ហង្សា សំអឿន និង លោកចៅសង្កាត់ វ៉ា សារ៉ង ជាតំណាងឲ្យភាគីម្ចាស់ អចលនវត្ថុថ្មី ប៉ុន្តែពួកយើងខ្ញុំពីរនាក់ភរិយានិងម្តាយនៅរក្សាជំហរមិនឯកភាពដដែល និងសុំការវាស់វែងត្រឹមត្រូវ សមស្របតាមច្បាប់វិញ ។
លោក ង៉ែត ជឿន និងភរិយាឈ្មោះ ទេស សុភា ព្រមទាំងម្តាយឈ្មោះ ញ៉ែម មី បានបញ្ជាក់ប្រាប់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅក្នុងលិខិតអន្តរាគមន៍ នេះទៀតថា ពួកគាត់ជាប្រជាពលរដ្ឋពុំយល់ច្បាប់ អំពីនីតិវិធីការកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិ និងការវាស់វែងកំណត់ព្រំ ព្រមទាំងការអន្តរាគមន៍វាយដំ ឬរំលាយផ្ទះដែលសង់លើសនេះឡើយ ។ ក្នុងនោះ ពួកគាត់បានត្រឹមតែសុំកិច្ចអន្តរាគមន៍នូវសំណូមពរមួយចំនួនដូចខាងក្រោម ៖
១-បញ្ឈប់សកម្មភាព និងការប៉ុនប៉ងវាយដំ រំលាយផ្ទះដែលសង់លើសជាបន្ទាន់ដោយមូលហេតុគឺកម្មករ ជាង បានមកវាយដំ បំណងកម្ទេច និងកាប់សរសផ្ទះមួយជួរខាងក្រោយចោល ។ ដោយមិនមានលិខិតអនុញ្ញាត បទដ្ឋានគតិយុត្តិ ឬបទដ្ឋានបច្ចេកទេសត្រឹមត្រូវឡើយ ។ ពួក គាត់មានការភ័យខ្លាច ព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពរស់នៅសព្វថ្ងៃ និងបានជម្លៀសកូន ចៅតូចៗចេញជារឿយៗ ព្រោះតែខ្លាចបាក់ រលំសង្កត់ ជាយថាហេតុណាមួយ ។
២-ហាមឃាត់ ឬបង្អាក់ការទិញ-លក់ ផ្ទេរកម្មសិទិ្ធ ដាក់បន្ទុក ធ្វើអំណោយគ្រប់រូបភាពចំពោះអចលនវត្ថុដែលបានផ្ទេរសិទ្ធិនេះ ដើម្បីរង់ចាំរហូតមានការដោះស្រាយ និងឯកភាពគ្រប់ភាគី រួចរាល់សិន ។
៣-ពិនិត្យ និងកែសម្រួលឡើងវិញ ចំពោះការផ្ទេរកម្មសិទ្ធិកន្លងមក ព្រមទាំងវាស់វែងកំណត់ព្រំ និយាមការបានត្រឹមត្រូវច្បាស់លាស់ សមស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ ឡាញ់ កៅ មេបញ្ជាការដ្ឋានកងទ័ពរថក្រោះបានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះថា «ខ្ញុំមិនទាន់ ទទួលបានជុំវិញព័ត៌មាននេះនៅឡើយទេ បើជាគោលការ កងកម្លាំងមិនត្រូវបានទៅប្រព្រឹត្ត ឬ ប្រើប្រាស់កាំភ្លើងបម្រើឲ្យផលប្រយោជន៍បុគ្គលណាមួយបានទេ ។ លោកបន្តថា ខ្ញុំត្រូវតាមដានរឿងនេះ ជាមួយនឹងចាត់ចែងឲ្យមេបញ្ជាការរង និងមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រាវ ដើម្បីជាកិត្តិ យសការពារដល់អង្គភាពកងទ័ព» ។
ក្នុងហេតុការណ៍ ដែលមានបុរសម្នាក់វ័យជាង៤០ឆ្នាំ ជិះរថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ ស្លាកលេខភ្នំពេញ2Q-5194 ដែលបានចូលទៅក្នុងរថយន្តរួចទាញកាំភ្លើងមកសៀតចង្កេះ ក្នុង ឯកសណ្ឋានខោប៉ារ៉ា អាវស៊ីវិល សម្ញែងកាំភ្លើង និងមនុស្សមួយក្រុមទៀតក្នុងឯកសណ្ឋានកងអង្គរក្ស សៀតIDម្នាក់២ម្នាក់៣ ត្រូវបានលោកឧត្តមសេនីយ៍ឡាញ់ កៅ បញ្ជាក់ថា ខ្ញុំមិនទាន់ដឹងថាពួកគេពិតជាទាហានអង្គភាពខ្ញុំនៅឡើយទេ ប៉ុន្តែបើពួកគេស្ថិតក្នុងជួរកងទ័ព ហើយទៅធ្វើ កិច្ចការបែបនោះ ជាបទល្មើសដែលមអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏មានសិទ្ធិសួរនាំ និងឃាត់ខ្លួន ។
ដោយឡែកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា «រឿងនេះ ខ្ញុំក៏បានដឹងខ្លះដែរ ហើយក៏បានបញ្ជាទៅអាជ្ញាធរខណ្ឌពោធិ៍សែនជ័យឲ្យចុះទៅ ពិនិត្យរឿងុំនេះ មិនឲ្យមានបញ្ហាកើតឡើង សំខាន់គឺការពារឲ្យផលប្រយោជន៍គូភាគីទាំង២ទៅ តាមផ្លូវច្បាប់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖