សារព័ត៌មាន BBC បានផ្សាយថា នៅចុងសប្តាហ៍កន្លងមក មានពលរដ្ឋ កោះហុងកុង ជាង២លាននាក់ ធ្វើបាតុកម្ម ប្រឆាំងនឹងច្បាប់នាំខ្លួន អ្នកទោសទៅកាន់ចិនដីគោក ។
ការតវ៉ានេះត្រូវបានធ្វើឡើងក្រោយពេលដែលមានការស្នើសុំបង្កើតច្បាប់បត្យាប័នថ្មី ដែលអនុញ្ញាតឲ្យជនល្មើសត្រូវបញ្ជូនទៅកាន់ចិនដីគោកដើម្បីកាត់ក្ដី ដោយសារពួកគេមិនទុកចិត្តលើការគោរពសិទ្ធិមនុស្ស និងប្រព័ន្ធច្បាប់របស់ចិនដីគោក ។
បាតុករកាន់តែច្រើនឡើង បាននាំគ្នាដង្ហែក្បួនបាតុកម្មទាមទារឲ្យមេដឹកនាំហុងកុង លោកស្រី Carrie Lam លុបចោលនូវសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័ន បញ្ជូនមនុស្សពីដែនដីកោះហុងកុងទៅកាន់ចិនដីគោក និងទាមទារឲ្យលោកស្រីចុះចេញពីតំណែង ។ បាតុកម្មនេះ មានមនុស្សចូលរួមច្រើនជាងគេបំផុត នៅក្នុងប្រវត្តិបាតុកម្ម នៅហុងកុង ។
ប៉ូលិស បានបញ្ជាក់ថា បាតុករដែលធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានប្រហែលតែ ៣៣៨ ០០០នាក់ ប៉ុណ្ណោះ ។ ក្រុមបាតុករខ្លះធ្វើបាតុកម្មទាំងយប់ ដោយប្រមូលផ្តុំគ្នា អង្គុយស្មឹងស្មាធិ៍ នៅខាងក្រៅអគាររដ្ឋសភា នៃកោះហុងកុង ។
ខុទ្ទកាល័យរបស់លោកស្រីមេដឹកនាំហុងកុង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ថា នៅពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរបស់លោកស្រី នឹងដោះស្រាយចំពោះច្បាប់នេះ ដែលបាននាំឲ្យមានជម្លោះជាច្រើន និងធ្វើឲ្យប្រជាជនមានការខកចិត្ត និងព្រួយបារម្ភច្រើន ។
រដ្ឋបាលរបស់លោកស្រី បានសុំទោសចំពោះសកម្មភាពរបស់ប៉ូលិស ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ នៅក្នុងការប៉ះទង្គិចគ្នាជាមួយនឹងក្រុមបាតុករ កាលពីដើមសប្តាហ៍កន្លងទៅនេះ ។ នៅក្នងការប៉ះទង្គិចគ្នានោះ មានមនុស្សជិត១០០នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងនោះប៉ូលិសមាន២២នាក់ផងដែរ ។
រណសិរ្សសិទ្ធិមនុស្សស៊ីវិល ដែលបានរៀបចំបាតុកម្មនេះ បានប្រកាសថា ក្រុមបាតុករនឹងបន្តធ្វើបាតុកម្ម រហូតទាល់តែការទាមទាររបស់ពួកគេ បានសម្រេចសមដូចបំណងប្រាថ្នា ។
ជាមួយគ្នានេះដែរ មេដឹកនាំបាតុកម្មនិស្សិត Joshua Wong បានចេញពីគុកហើយ ដោយលោកប្រកាសថា នឹងបន្ត ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលហុងកុង ។
សកម្មជននៅហុងកុង លោក Joshua Wong កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់ពីជាប់ឃុំតាមអំណាចរបស់តុលាការ រយៈពេលជិត៥សប្តាហ៍ ។ ក្រោយបានចេញពីពន្ធនាគារភ្លាម សកម្មជនរូបនេះ ប្តេជ្ញាចូលរួមមហាបាតុកម្ម ដែលកំពុងតវ៉ាទាមទារឲ្យមេដឹកនាំហុងកុង គាំទ្រដោយរដ្ឋាភិបាលទីក្រុងប៉េកាំង លោកស្រី Carrie Lam នោះ ចុះចេញពីតំណែង ។
នៅមុនពេលដោះលែងសកម្មជនរូបនេះមួយថ្ងៃ ក្រុមបាតុករបានធ្វើបាតុកម្មទាមទារឲ្យលោកស្រី Lam លុបចោលសេចក្ដីព្រាងច្បាប់បត្យាប័នទៅកាន់ចិនដីគោក ។ ការធ្វើបាតុកម្ម កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ មានការចូលរួមពីមនុស្សប្រហែល២លាននាក់ ជាចំនួនច្រើនបំផុតមិនធ្លាប់មាន ។
លោក Joshua Wong អាយុ២២ឆ្នាំ បានថ្លែងថា «ខ្ញុំនឹងចូលរួមប្រឆាំងនឹងច្បាប់មួយនេះ» ។ លោក Wong ជាមេដឹកនាំមួយរូប ដឹកនាំចលនាគាំទ្រលទ្ធិប្រជាធិបេតយ្យ (ចលនាឆត្រ) ដែលកាលពីឆ្នាំ២០១៤ បានធ្វើបាតុកម្ម និងពេលខ្លះបានបិទមហាវិថីសំខាន់ៗ នៅក្នុងទីក្រុង អស់រយៈពេល៧៩ថ្ងៃថែមទៀតផង ទម្រាំមានការរំសាយនោះ ។
លោក Wong បានបន្តថា «ខ្ញុំគិតថា ពេលនេះគឺជាពេលវេលាសម្រាប់គាត់ហើយ លោកស្រី Carrie Lam ជាមនុស្សភូតកុហក ចុះចេញពីតំណែងទៅ» ។ នៅមុនពេលជាប់ពន្ធនាគារ សកម្មជន Wong និងអ្នកគាំទ្ររបស់គាត់ បានអំពាវនាវឲ្យរដ្ឋាភិបាលហុងកុង លុបចោលនូវសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័ននេះ ។
កាលណោះ លោក Wong មានអាយុ១៧ឆ្នាំប៉ុណ្ណោះ ក្លាយជាមេចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅហុងកុង (ចលនាឆត្រ) ដ៏ល្បីល្បាញ និងរំជើបរំជួល មិនត្រឹមតែនៅហុងកុងប៉ុណ្ណោះទេ ប៉ុន្តែនៅជុំវិញពិភពលោកផងដែរ ។
បាតុកម្មតវ៉ាប្រឆាំងនឹងគម្រោងចេញច្បាប់បត្យាប័ននេះ បានក្លាយជាឧបសគ្គដ៏ធំធេងបំផុត ចំពោះទំនាក់ទំនង រវាងចិនជាមួយដែនដីហុងកុង ចាប់តាំងអំពីដែនដីនេះ ត្រូវអាណានិគមន៍អង់គ្លេសប្រគល់មកវិញ បានរយៈពេល២២ឆ្នាំកន្លងមកនោះ ។
កាលពីចុងសប្តាហ៍មុននេះ មេដឹកនាំហុងកុង លោកស្រី Lam បានប្រកាសពន្យារពេលអនុម័តច្បាប់បត្យាប័ន ប៉ុន្តែមិនមែនមានន័យ លុបច្បាប់នោះទាំងស្រុងឡើយ បើទោះបីកង្វល់ព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាជនហុងកុងយ៉ាងណាក៏ដោយ៕