ប្រធានាធិបតីស៊ី ជីងពីន នឹងក្លាយជាមេដឹកនាំចិនលើកដំបូងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០០៥មក ។ តាមគម្រោង លោកប្រធានាធិបតីចិនស៊ី ជីងពីន ជាលើកដំបូង ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១២ នឹងធ្វើឡើងនៅថ្ងៃទី២០ និង២១ ខែមិថុនា ឆ្នាំ២០១៩ ។
សារព័ត៌មានស៊ីនហួ បានផ្សាយថា នេះជាដំណើរទស្សនកិច្ចដំបូងគេបំផុតរបស់ប្រធានាធិបតីចិន ស៊ី ជីងពីន ទៅកាន់កូរ៉េខាងជើង ។ នេះជាដំណើរទស្សនកិច្ចដំបូងគេអំឡុងពេលជាងមួយទសវត្សរ៍ ហើយក៏ស្របពេលដែលខួបទំនាក់ទំនងការទូតលើកទី៧០ឆ្នាំ រវាងប្រទេសទាំងពីរផងដែរ ។
លោក ស៊ី ជីងពីន និងលោក គីម ជុងអ៊ុន ធ្លាប់បានជួបគ្នាច្រើនដងរួចមកហើយ ។ ជំនួបចុងក្រោយបង្អស់របស់មេដឹកនាំទាំងពីរ គឺនៅក្នុងខែមករា ឆ្នាំ២០១៩ ។
លោក Ko Min-jung អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា: «ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកដល់ការបន្តការចរចា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតសន្តិភាពជាអចិន្រ្តៃយ៍នៅលើឧបទ្វីបកូរ៉េ» ។
ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិនធ្វើឡើងមុន កិច្ចប្រជុំកំពូលG-20 នៅក្នុងប្រទេសជប៉ុន ដែលធ្វើឡើងនៅចុងខែមិថុនានេះ ។
រដ្ឋាភិបាលកូរ៉េខាងត្បូង សង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹង ជួយដល់ដំណើរការរំសាយអាវុធបរមាណូនៅកូរ៉េខាងជើង មានដំណើរការល្អឆ្ពោះទៅមុខ ។ មេដឹកនាំចិននិងកូរ៉េខាងត្បូងក៏បានព្រមព្រៀងគ្នា ជួបពិភាក្សាទ្វេភាគីបន្ទាប់ពីកិច្ចប្រជុំ G-20 នៅសប្តាហ៍ក្រោយ ដើម្បីពីភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាឧបទ្វីបកូរ៉េ ៕