ពេលបច្ចុប្បន្ននេះ ប្រជាជននៅលើពិភពលោក មានចំនួន ៧,៧ ពាន់លាននាក់ប៉ុណ្ណោះ ហើយកំពុងតែ កើនឡើងជាបន្តបន្ទាប់ ។ តំបន់ដែលមានពលរដ្ឋកើនឡើងខ្ពស់ជាងគេនោះគឺ អនុតំបន់ សាហារ៉ា (Saharan) បានកើនឡើងទ្វេដង ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ថា ចំនួនប្រជាជននៅលើពិភពលោក ត្រូវបានរំពឹងថា និងមានកំណើនដល់ ៩,៧ ពាន់លាននាក់ នៅ ឆ្នាំ២០៥០ ។ របាយការណ៍ ស្តីពី “ទស្សនវិស័យប្រជាជនពិភពលោក” របស់អង្គការសហប្រជាជាតិ នាយកដ្ឋានសេដ្ឋកិច្ច និងសង្គម បានឲ្យដឹងថា ចំនួនប្រជាជននៅលើពិភពលោក នឹងកើនឡើងដល់ ១១ពាន់លាននាក់ នៅត្រឹម ឆ្នាំ២១០០ ។
ប្រទេសចំនួន៩ មានកំណើនប្រជាជនច្រើនជាងគេ គឺប្រទេសឥណ្ឌា, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, អេត្យូពី, តង់ហ្សានី, ឥណ្ឌូណេស៊ី, អេហ្ស៊ីប និងសហរដ្ឋអាមេរិក ។ ទន្ទឹម និងនេះ ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក គឺប្រទេសចិន និងឃើញប្រជាជនរបស់ខ្លួនធ្លាក់ចុះចំនួន ២,២ភាគរយ ឬស្មើប្រហែល៣១,៤លាននាក់ ក្នុងចន្លោះ ឆ្នាំ២០១៩ និង ឆ្នាំ២០៥០ ។
ចំណែកប្រទេសចំនួន២៧ផ្សេងទៀត មានអត្រាកំណើនពលរដ្ឋថយចុះ ប្រហែលមួយភាគរយចាប់តាំងពី ឆ្នាំ២០១០ មកម្ល៉េះ ដោយសារកត្តាអត្រា មានកូនរបស់ប្រជាជនក្នុងប្រទេសទាំងនោះ មានការធ្លាក់ចុះទាប ។
របាយការណ៍ ក៏បានបញ្ជាក់ផងដែរថា ការស្លាប់ទារកចាប់កំណើតថ្មី គឺមានការកើនឡើង នៅក្នុងប្រទេសទាំងឡាយ ដូចជា បេឡារុស្ស, អេស្តូនី, អាល្លឺម៉ង់, ហុងគ្រី, អ៊ីតាលី, ជប៉ុន, រុស្ស៊ី, សើប៊ី, និងអ៊ុយក្រែនផងដែរ ប៉ុន្តែការបាត់បង់ជីវិតរបស់ទារកក្នុងប្រទេសទាំងនោះ ត្រូវបានជំនួសមកវិញ ដោយលំហូរចូលជនអន្តោប្រវេសន៍ ។
អត្រាកំណើតថ្មីពិភពលោក ដែលបានធ្លាក់ចុះពី ៣.២ នាក់ ក្នុងស្ត្រីម្នាក់ ក្នុង ឆ្នាំ១៩៩០ ទៅ ២.៥នាក់ ក្នុង ឆ្នាំ២០១៩នោះ ត្រូវបានរំពឹងថា និងបន្តធ្លាក់ចុះបន្ថែមទៀត មកនៅត្រឹម ២.២នាក់ សម្ត្រាប់ស្ត្រីម្នាក់ដែលផ្តល់កំណើត នៅក្នុង ឆ្នាំ២០៥០ ។
អង្គការសហប្រជាជាតិបញ្ជាក់ថា អត្រាកំណើតថ្មីសម្រាប់ស្ត្រីម្នាក់ យ៉ាងតិចបំផុត ត្រូវបង្កើតទារកឲ្យបាន ២.១នាក់ ដើម្បីជំនួសអត្រាប្រជាជន ដែលមានវ័យចំណាស់ មានអាយុវែង បាត់បង់ថាមពលបំពេញការងារ និងបញ្ហាចំណាកស្រុក ។
របាយការណ៍ ក៏បានព្យាករណ៍ផងដែរថា កំណើនអាយុរបស់ប្រជាជន ជាទូទៅ ទាំងប្រទេសក្រីក្រ និងប្រទេសជឿនលឿននោះ មានកំណើនអាយុប្រហែល៧ ឆ្នាំ ។ ចំណែកអាយុរបស់ប្រជាជនពិភពលោក គិតជាទូទៅ មានអាយុប្រហែល ៧៧,១ ឆ្នាំ នៅ ឆ្នាំ២០៥០ ប្រៀបធៀប និង ៧២,៦ ឆ្នាំ ជាមធ្យម នៅពេលបច្ចុប្បន្ននេះ ។ កាលពី ឆ្នាំ១៩៩០ អាយុកាលមធ្យមរបស់ប្រជាជនពិភពលោក មានចំនួន៦៤,២ ឆ្នាំ ៕